ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញបើកមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) លើកទី៤១ នៅសណ្ឋាគារសុខាភ្នំពេញ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបើកមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) លើកទី៤១ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ដែលនឹងមានការចូលរួមពីឥស្សរជនជាន់ខ្ពស់ មកពី ៤៥ប្រទេស ក្នុងអាស៊ី និងប្រតិភូចលនាអូឡាំពិកអន្តរជាតិ មកពីគ្រប់ទ្វីបផ្សេងៗទៀត ក្នុងរង្វង់ ៤០០នាក់បូករួមទាំងប្រទេសចូលរួមសង្កេតការណ៍ ១០ប្រទេសទៀត ហើយក៏មានខ្សែរាជវង្ស ដែលជាព្រះអង្គម្ចាស់នឹងយាងចូលរួមផងដែរ ។ មហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) លើកទី៤១ នេះ ប្រារព្ធធ្វើឡើងពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ។

សូមជម្រាបថា ឯកឧត្តម វ៉ាត់ ចំរើន ធ្លាប់បានបញ្ជាក់ឱ្យដឹងថា ការទទួលធ្វើម្ចាស់ផ្ទះ មហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ជាឱកាសបង្ហាញកម្ពុជា ជូនសមាជិកអូឡាំពិក ដែលមកពីគ្រប់ទ្វីបទាំងអស់ បានឃើញពីសន្តិភាព និងការអភិវឌ្ឍ របស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេស ឱ្យបានមើលឃើញពីការអភិវឌ្ឍរបស់រាជធានីភ្នំពេញ ដែលបានផ្លាស់ប្តូរមុខមាត់ថ្មី និងដើម្បីស្វែងរកការគាំទ្របន្ថែមពីអន្តរជាតិ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា និងការធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ផងដែរ ។

ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា លោក Jeans Zhou Jian ប្រធានផ្នែកផ្សព្វផ្សាយរបស់ OCA បានធ្វើការវាយតម្លៃខ្ពស់ចំពោះការត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះរបស់កម្ពុជា ដែលបានត្រៀមខ្លួនរួចរាល់ ដើម្បីរៀបចំមហាសន្និបាត OCA នាដើមខែតុលាខាងមុខ ។

គួរបញ្ចាក់ថា មហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ ឆ្នាំ២០២២ ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះនេះ គឺការផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដែលនឹងអញ្ជើញថ្លែងសន្ទរកថាបើកមហាសន្និបាត ដើម្បីបង្ហាញនូវសុច្ឆន្ទៈដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាល ក្នុងការកសាង ក៏ដូចជាជំរុញចលនាកីឡាជាតិ និងចលនាកីឡាអូឡាំពិក និងដើម្បីកសាងពិភពលោកមួយដ៏ល្អប្រសើរ តាមពាក្យស្លោករបស់អូឡាំពិក “Sports Build Better World” ដែលបានន័យថា កីឡា គឺបានកសាងពិភពលោកមួយ ឲ្យមានសុខដុមរមនាផងដែរ ៕ ដោយ វណ្ណលុក

ads banner