ឆ្អឹងទាហានវៀតណាមរកឃើញនៅកម្ពុជាមានជាង២ម៉ឺននាក់ហើយ (Video Inside)

មន្ត្រីក្រសួងការពារជាតិបានថ្លែងថា រហូតមកដល់ពេលនេះ គេបានរកឃើញអដ្ឋិធាតុកង ទ័ពស្ម័គ្រចិត្តវៀតណាមនាសម័យសង្គ្រាមនៅក្នុងកម្ពុជា បានសរុបជាង២ម៉ឺនធាតុ នោះ ហើយ។

កងទ័ពស្ម័គ្រចិត្តវៀតណាម បានធ្វើកិច្ចសហការជាមួយកងទ័ពរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជានិងជួយរំដោះកម្ពុជាផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅថ្ងៃទី ៧មករាឆ្នាំ១៩៧៩។ កងទ័ពស្ម័គ្រចិត្តវៀតណាម បានដកកងកម្លាំងរបស់ខ្លួនចេញពីកម្ពុជា វិញនាចុងឆ្នាំ១៩៨៩ ដែលក្នុងរយៈកាល១០ឆ្នាំក្នុងប្រទេសកម្ពុជានោះ មានទាហានវៀត ណាមស្លាប់និងរបួសជាច្រើនម៉ឺននាក់លើទឹកដីកម្ពុជា។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានថ្លែងនៅថ្ងៃច័ន្ទនេះថា គិតចាប់តាំងពីឆ្នាំ២០០២ ដល់ឆ្នាំ២០២២នេះ កិច្ចសហការរុករក អដ្ឋិធាតុកងទ័ពប្រជាជនវៀតណាម នៅក្នុងប្រទេសកម្ពុជា បានរកឃើញអដ្ឋិធាតុសរុប ២ម៉ឺន៣ពាន់៧៤ធាតុ ដែលអដ្ឋិធាតុទាំងនោះ ត្រូវបានរកឃើញដោយយោធភូមិភាគចំនួន ៦កន្លែង។

លោកបានបន្តថា យោធភូមិភាគទាំង៦នោះ រួមមាន យោធភូមិភាគពិសេស ដែលរកឃើញចំនួន២០០៧ធាតុ, យោធភូមិភាគទី១ រកឃើញ២២៤១ធាតុ, យោធភូមិភាគទី២ រកឃើញ៨១៥៣ធាតុ, យោធភូមិទី៣ រកឃើញ ៤១៧១ធាតុ, យោធភូមិភាគទី៤ រកឃើញ ២៧៩៤ធាតុ, និងយោធភូមិភាគទី៥ រកឃើញ៣៧០៨ធាតុ។

កម្ពុជា និងវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០០០ ស្តីពីការរុករកទាហានវៀតណាមស្លាប់និងបាត់ខ្លួន និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីក្នុងសម័យសង្រ្គាមនៅប្រទេសកម្ពុជា។

ads banner