ភ្លើងឆេះព្រៃនៅឥណ្ឌូនេស៊ីនៅតែបន្ត មានផ្សែងស្ទើរពេញប្រទេស
លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី បាននិយាយថ្មីៗនេះថា ប្រទេសរបស់លោក កំពុងតស៊ូប្រយុទ្ធជាមួយអណ្ដាតភ្លើងឆេះព្រៃ ដែលកំពុងបំពុលបរិយាកាសស្ទើរតែទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយប្រើប្រាស់យន្ដហោះ ភ្លៀងសប្បនិមិ្មត រួមទាំងការបន់ស្រន់ពីព្រះជាម្ចាស់ផងដែរ។
មកទល់ពេលនេះ ភ្លើងឆេះព្រៃនៅតែបន្តឆាបឆេះនៅលើកោះ Borneo និង Sumatra ខណៈផ្សែងបានរសាត់អណ្ដែតស្ទើរតែទូទាំងតំបន់ ក្នុងនោះជាពិសេស គឺប្រទេសក្បែរដូចជា ម៉ាឡេស៊ី និងសិង្ហបុរី។ ដោយឡែក ជុំវិញបញ្ហានេះដែរ ថ្លែងនាឱកាសបំពេញទស្សនកិច្ចទៅកាន់ខេត្ត Riau នៃកោះ Sumatra នៅថ្ងៃអង្គារម្សិលមិញ លោក Widodo បានសន្យាថា ឥណ្ឌូណេស៊ី នឹងធ្វើអ្វីគ្រប់យ៉ាង តាមដែលអាចធ្វើទៅបានដើម្បីពន្លត់ភ្លើងឆេព្រៃ។
គួរបញ្ជាក់ថា បើតាមលោក Joko Widodo កងទ័ពជិត៦,០០០នាក់ ត្រូវបានបញ្ជូនឱ្យចូលរួមក្នុង ប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ ខណៈកាលពីថ្ងៃចន្ទ មនុស្សជាង២០០នាក់ត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ី ចាប់ខ្លួនដោយសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាពដែលនាំឱ្យភ្លើងឆេះព្រៃស្ថិត នៅក្រៅការគ្រប់គ្រង៕ធ.ដ