ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បញ្ជាក់ជុំវិញព័ត៌មានដែលពលរដ្ឋឃុំព្រះដាក់កំពុងព្រួយបារម្ភ (Video Inside)
លោកឧបនាយករដ្ឋមន្ត្រីជាសុផារ៉ា ដែលជាប្រធានក្រុមការងារតម្រង់ទិសដោះ ស្រាយបញ្ហា សំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ បានផ្តល់ស្នាមញញឹមជាថ្មីដល់ពលរដ្ឋក្នុង ឃុំព្រះ ដាក់ ដែលថ្លែងបារម្ភជុំវិញព័ត៌មានមួយដែលនិយាយអំពីការបង្ខំឱ្យរុះរើផ្ទះចេញទៅនៅទី តាំង ថ្មី។
លោក ជា សុផារ៉ា ដែលជារដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធីជួប សំណេះសំណាល និងផ្តល់ព័ត៌មានជាក់លាក់ដល់ពលរដ្ឋឃុំព្រះដាក់នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានថ្លែងទៅប្រជាពលរដ្ឋច្បាស់ៗថា ករណីប្រជាពលរដ្ឋនៅឃុំព្រះដាក់ គឺឈរលើ ករណីស្ម័គ្រចិត្តតែប៉ុណ្ណោះ ដោយរាជរដ្ឋាភិបាលមិនបានបង្ខំឱ្យចេញពីស្រុកចាស់នេះទេ។
ប្រសាសន៍បញ្ជាក់របស់លោកជាសុផារ៉ា បានធ្វើឡើងបន្ទាប់ពីមានការជួបជុំតវ៉ាមួយរបស់ពល រដ្ឋក្នុងឃុំព្រះដាក់ដែលបារម្ភជុំវិញការរើចេញពីមូលដ្ឋានរបស់ខ្លួនមកកាន់ភូមិថ្មីរុន តាឯក។ សម្តេចតេជោហ៊ុនសែន កាលពីថ្ងៃទី៦តុលាឆ្នាំ២០២២ បានដាក់បទបញ្ជាឱ្យលោកឧបនាយក រដ្ឋមន្ត្រីជាសុផារ៉ាចុះមកកាន់ឃុំព្រះដាក់នេះ ដើម្បីពន្យល់ប្រាប់ពលរដ្ឋវិញថា រាជរដ្ឋាភិបាល មិនទាន់មានការប៉ះពាល់ដល់ពលរដ្ឋក្នុងឃុំព្រះដាក់នោះឡើយ។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់ពលរដ្ឋថ្ងៃនេះថា កន្លងមក រាជរដ្ឋាភិបាលមាន បំណងដាក់បញ្ចូលទឹកក្នុងបារាយណ៍ខាងកើតឡើងវិញ ដែលអាចមានទឹកប្រើប្រាស់ចំនួន ៣០លានម៉ែត្រគូប ប៉ុន្តែដោយសារមានករណីប៉ះពាល់ច្រើន ទើបរាជរដ្ឋាភិបាលពិចារណា ដាក់បញ្ចូលទឹក តែ មួយផ្នែកប៉ុណ្ណោះ គឺនៅផ្នែកខាងលិច ដែលភាគច្រើនជាដីស្រែ។
លោក ជា សុផារ៉ា បានស្នើឱ្យពលរដ្ឋម្ចាស់ស្រុក ត្រូវធ្វើយ៉ាងណា ជួយទប់ស្កាត់កុំឱ្យមាន សំណង់ថ្មីកើនឡើង ដែលជាការរក្សាទំនៀមទម្លាប់ពីបុរាណ និងកុំឱ្យប៉ះពាល់ដល់ទីបុរាណ ដ្ឋាននានានៅក្នុងភូមិ ដើម្បីរក្សាតម្លៃជាសកលនៃរមណីយដ្ឋានអង្គរ។