នាយករដ្ឋមន្ត្រីកម្ពុជាចូលរួមមរណទុក្ខកុមារថៃ និងមនុស្ស៣៤នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ ក្នុងមជ្ឈមណ្ឌលថែទាំកុមារ (Video Inside)

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបានសម្តែងការសោកស្តាយ និងចូលរួមមរណទុក្ខ ចំពោះការ បាញ់ប្រហារសម្លាប់លើកុមារថៃដោយបុរសម្នាក់ដែលមានប្រវត្តិសេពថ្នាំញៀន។ ការចូលរួម នូវមរណទុក្ខដ៏ក្រៀមក្រំនេះ បានធ្វើឡើងក្នុងឳកាសដែលសម្តេចតេជោហ៊ុនសែនទទួលជួប ពិភាក្សាជាមួយ រដ្ឋមន្ត្រីឧត្តមសិក្សាវិទ្យាសាស្ត្រ ស្រាវជ្រាវនិងនវានុវត្តន៍ថៃ បណ្ឌិត អាណែក ឡៅថាំម៉ាថាស់ នាថ្ងៃសុក្រទី៧តុលាឆ្នាំ២០២២។

គួរបញ្ជាក់ថា មនុស្ស៣៤នាក់រួមមានទាំង កុមារតូចៗ២៣នាក់ នៅក្នុងមជ្ឈមណ្ឌលមើលថែទាំកុមារ ស្ថិតក្នុងស្រុកណាក្លាង នៃខេត្ត ណុងបួ ឡាំភូ ភាគឥសាននៃប្រទេសថៃ ត្រូវបានឃាតករជាតិថៃ អាយុ៣៤ឆ្នាំឈ្មោះ ផាន់យ៉ា ក្រាំរ៉ាប់ បានបាញ់សម្លាប់ដោយបាញ់នឹងកាំភ្លើង និងការចាក់សម្លាប់ដោយកាំបិតថែមទៀត ក្នុងហេតុការណ៍មួយកើតឡើងកាលពីថ្ងៃ ទី៦តុលាឆ្នាំ២០២២។

សមត្ថកិច្ចថៃបាននិយាយថាបុរសនោះ គឺជាអតីតមន្ត្រីប៉ូលីសដែលគេ បានបណ្តេញចេញ ពីជួរអង្គភាពដោយសារតែសេពគ្រឿងញៀន។

ក្នុងហេតុការណ៍ដែលកើតឡើងនៅថ្ងៃព្រហស្បតិ៍នោះ ខ្មាន់កាំភ្លើង បានធ្វើដំណើរ ចូលទៅ កាន់មជ្ឈមណ្ឌលមើលថែទាំកុមារដើម្បីស្វែងរកកូន។ ប៉ុន្តែមិនបានជួបឡើយ ហើយស្រាប់តែ បានធ្វើការការបាញ់ប្រហារដោយប្រើកាំភ្លើងនិងកាំបិតខ្លីដែលបានយកទៅជាមួយ ។

ក្រោយហេតុការណ៍បាញ់សម្លាប់នោះមក, ខ្មាន់កាំភ្លើងរូបនេះបានជិះរថយន្ដត្រឡប់មកផ្ទះ របស់ខ្លួនវិញ ហើយបាញ់សម្លាប់ប្រពន្ធ កូន និងបាញ់សម្លាប់ខ្លួនឯងតាមក្រោយថែម ទៀត ដែលគេមិនទាន់បញ្ជាក់ជុំវិញមូលហេតុពាក់ព័ន្ធច្បាស់លាស់ឡើយ។ ទោះជាយ៉ាងណា មានការសន្និដ្ឋានសង្ស័យថា បុរសជាឃាតករនោះ បែកថ្នាំញៀនបង្កឱ្យមានអំពើកាប់ចាក់និង បាញ់សម្លាប់កើតឡើងនោះ។

ads banner