ឯកឧត្តម សោម សូរីដា ៖ ការផ្តន្ទាទោសលោកសុន ឆ័យ គឺបានផ្តល់យុត្តិធម៌ដល់ស្ថាប័ន គ.ជ.ប
ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឬគ.ជ.បបានហៅការប្រកាសសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសលោកសុន ឆ័យ អនុប្រធានគណបក្សភ្លៀងទៀន កាលពីថ្ងៃទី៧ ខែតុលាពាក់ព័ន្ធករណីបរិហាកេរ្តិ៍ និងចោទប្រកាន់ គ.ជ.ប គឺបានផ្តល់យុត្តិធម៌សម្រាប់ស្ថាប័ន គ.ជ.ប និងទទួលបាននូវភាពស្អាតស្អំ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងនាមស្ថាប័នជាតិ។
សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២បានប្រកាសសាលក្រមផ្តន្ទាទោសលោក សុន ឆ័យ ដោយពិន័យជាប្រាក់ចំនួន ៩លានរៀល បង់ចូលថវិកាជាតិពីបទបរិហាកេរ្តិ៍ជាសាធារណៈលើស្ថាប័ន គ.ជ.ប តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជានិងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៥ និងមាត្រា ៣១០នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ការប្រកាសសាលក្រមនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៧ខែតុលាបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី២៩ ខែកញ្ញា ។

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី៨ ខែតុលានេះថាសេចក្តីសម្រេចរបស់ សាលាដំបូងរាជធានីភ្នំពេញ ពិតជាបានផ្តល់យុត្តិធម៌សម្រាប់ស្ថាប័ន គ.ជ.ប ដែលត្រូវបានកំណត់ភារកិច្ចឲ្យរៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតដូចចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាតាមច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ការផ្តល់យុត្តិធម៌មួយនេះ ពិតជាឆ្លើយតបទៅនិងស្ថានភាពជាក់ស្តែងដែល គ.ជ.ប កំពុងអនុវត្ត។គ.ជ.បនឹងកាន់តែរឹងមាំឡើងដោយការជឿជាក់របស់ប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងការបោះឆ្នោតកន្លងមក ពិសេសគឺការចូលរួមប្រកួតប្រជែងរបស់គណបក្សនយោបាយ។
អគ្គលេខាធិការរង គ.ជ.ប បានរូបនេះបានបញ្ជាក់ថា នៅឆ្នាំ២០២៣ខាងមុខនេះ ដែលគ.ជ.បត្រូវរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣គ.ជ.បនឹងបំពេញកិច្ចការរបស់ខ្លួនឱ្យបានកាន់តែប្រសើរឡើង ធ្វើយ៉ាងណាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ។គ.ជ.ប ជឿជាក់ថា ភាគីពាក់ព័ន្ធនឹងចូលរួមនៅក្នុងការបោះឆ្នោត ជាពិសេសប្រជាពលរដ្ឋ ហើយការបោះឆ្នោតនៅពេលខាងមុខនេះ ពិតជាប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ។
សូមជម្រាបថា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមផ្តន្ទាទោសលោក សុន ឆ័យ ដោយពិន័យជាប្រាក់ចំនួន ៩លានរៀល បង់ចូលថវិកាជាតិ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ លើស្ថាប័ន គ.ជ.ប តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៥ និងមាត្រា ៣១០នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ដោយបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅទីសំណាក់ចុងក្រោយរបស់ជនជាប់ចោទនៅសាលាសង្កាត់ នៃលំនៅរបស់ដ្ឋានរបស់ជនជាប់ចោទ នៅមណ្ឌលបោះឆ្នោតឃុំ សង្កាត់ រាជធានី ខេត្ត និងនៅបញ្ឈរព័ត៌មានសាលាដំបូងរាជធានីភ្នំពេញ សម្រាប់រយៈពេល ២ខែ ព្រមទាំងផ្សព្វផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនេះ នៅក្នុងសារព័ត៌មានសរសេរនៅតាមគ្រប់មធ្យោបាយ ទូរគម-នាគមន៍សោតទស្សន៍សម្រាប់រយៈពេលប្រាំបីថ្ងៃដោយការចំណាយជាបន្ទុករបស់ជនជាប់ចោទ។
គួរបញ្ជាក់ថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក សុន ឆ័យអនុប្រធានគណបក្សភ្លើងទៀនពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ»តាមបណ្តឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។នេះបើតាមដីកាបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។
នៅក្នុងដីកាបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់បានសម្រេចចោទប្រកាន់លើលោកសុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌនិងបញ្ជូនជនជាប់ចោទ(សុនឆ័យ) ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ២៩០៧ចុះថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២២និងវត្ថុតាងព្រមទាំងបញ្ជីរាយនាមជនដែលទាក់ទិនក្នុងសំណុំរឿងនេះទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជំនុំជម្រះតាមច្បាប់។
តំណាងអយ្យការយល់ឃើញថា ជនសង្ស័យឈ្មោះ សុន ឆ័យ ពិតជាបានទទួលស្គាល់ថាខ្លួនពិតជាបានធ្វើបទសម្ភាសន៍ និងទទួលស្គាល់នូវខ្លឹមសារនៃបទសម្ភាសន៍របស់ខ្លួននៅក្នុងកម្មវិធី អាយឌាថក (IDEA TALK) ។
ខ្លឹមសារនៃបទសម្ភាសន៍របស់ឈ្មោះ សុន ឆ័យ ពិតជាបានបង្ហាញឱ្យឃើញនូវធាតុផ្សំនៃបទល្មើស ដែលមានចែងនិង ផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ដែលបង្ហាញតាមរយៈសម្តីរបស់ឈ្មោះ សុន ឆ័យបានធ្វើការអះអាង ដោយបំផ្លើសនិងជាការទម្លាក់កំហុសដោយអសុទ្ធចិត្តទៅលើគ.ជ.ប ថាបានរៀបចំការបោះឆ្នោតប្រកបដោយភាពមិនប្រក្រតី ទាំងមុនថ្ងៃបោះឆ្នោត,ថ្ងៃបោះឆ្នោតនិងក្រោយបោះឆ្នោតថាមានការបំភ័យប្រជាពលរដ្ឋមានការបំបាត់នូវឆន្ទៈរបស់ប្រជាពលរដ្ឋ,មានការលួចសន្លឹកឆ្នោត,គ.ជ.បមិនឯករាជ្យ។ល។ដែលសម្តីទាំងនេះពុំមានភស្តុតាងណាមួយដែលយកមកបញ្ជាក់ឲ្យបានឃើញច្បាស់ថា ការអះអាងរបស់ខ្លួនជាការពិតឡើយ ។
តំណាងអយ្យការបានបញ្ជាក់ថា ភស្តុតាងដែលជនសង្ស័យ ក៏ដូចជាមេធាវីការពារសិទ្ធិឱ្យជនសង្ស័យឈ្មោះ សុន ឆ័យ បានដាក់ជូនមកដើម្បីពិនិត្យនោះ តំណាងអយ្យការបានពិនិត្យឃើញថាជាភស្តុតាងដែលត្រូវបានលើកឡើងដោយឯកតោភាគី ជាការអះអាងរបស់ក្រុមមួយឬអង្គការសង្គមស៊ីវិលមួយចំនួនដោយគ្មានមូលដ្ឋានច្បាស់លាស់និងគ្រប់ជ្រុងជ្រោយដែលមិនអាចឱ្យតំណាងអយ្យការធ្វើការថ្លឹងថ្លែងនិងពិចារណាទទួលថាជាភស្តុតាងដែលអាចយកមកបញ្ជាក់ពីសម្តីរបស់ជនសង្ស័យឈ្មោះ សុន ឆ័យ ថាជាការពិត ពីព្រោះថាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ត្រូវបានធ្វើឡើងត្រឹមត្រូវ តាមច្បាប់ និងស្ថិតនៅក្រោមការតាម ដាន ពីអ្នកសង្កេតការជាតិ និងអង្គការមិនមែនរដ្ឋាភិបាលជាតិចំនួន ៧២អ្នកសង្កេត ការណ៍អន្តរជាតិ និងអង្គការអន្តរជាតិចំនួន ១៩ ប្រតិភូស្ថានទូត ឬស្ថានតំណាងបរទេសប្រចាំនៅកម្ពុជាចំនួនប្រាំស្ថាប័ន។
សូមជម្រាបថា គ.ជ.ប កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានដាក់ពាក្យបណ្តឹងប្តឹងលោក សុន ឆ័យអនុប្រធានគណបក្ស ភ្លើងទៀនពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងស្នើឲ្យធ្វើលិខិតសុំទោសជាសាធារណៈ។ការដាក់ពាក្យបណ្តឹងបានធ្វើឡើងបន្ទាប់ពីលោកសុន ឆ័យ បានធ្វើការចោទប្រកាន់គ្មានការពិតទៅលើស្ថាប័ន គ.ជ.ប៕ ដោយ៖ពលជ័យ