ប្រតិភូសារព័ត៌មានកម្ពុជា និង អន្តរជាតិ ព្រមទំាងទីភ្នាក់ងារក្រុមហ៊ុនទេសចរណ៍ប្រមាណ១០០នាក់ ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល៦ថ្ងៃនៅប្រទេសមីយ៉ាន់ម៉ា
មីយ៉ាន់ម៉ា៖ ប្រតិភូសារព័ត៌មានកម្ពុជា និង អន្តរជាតិ ក្នុងនោះមកពីកូរ៉េ ជប៉ុន ចិន ថៃ អាល្លឺម៉ង់ អូទ្រីស អេស្ប៉ាញ និង អង់គ្លេស រួមទំាងទីភ្នាក់ងារក្រុមហ៊ុនទេសចរណ៍ប្រមាណ១០០នាក់បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល៦ថ្ងៃនៅប្រទេសមីយ៉ាន់ម៉ា មានឈ្មោះថា Myanmar FAM Trip 2019 គឺចាប់ពីថ្ងៃទី១៦ ដល់ទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ តបតាមការអញ្ជើញរបស់សហព័ន្ធទេសចរណ៍មីយ៉ាន់ម៉ា ។
នៅថ្ងៃដំបូងត្រូវនឹងថ្ងៃទី១៦ ខែកញ្ញានេះ ប្រតិភូសារព័ត៌មានកម្ពុជា និង អន្តរជាតិ ព្រមទំាងទីភ្នាក់ងារក្រុមហ៊ុនទេសចរណ៍បានចាប់ផ្តើមការបំពេញទស្សនកិច្ចពេញមួយថ្ងៃ ទៅកាន់បណ្តាទីតំាំងប្រវត្តិសាស្រ្តជាច្រើន ស្ថិតនៅក្នុងទីក្រុងយ៉ាំងហ្គូន របស់ប្រទេសមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមានការដើរទស្សនាបេកតិភ័ណ្ឌបែបអាណានិគមអង់គ្លេស រួមជាមួយនឹងសំណង់អគារមានអាយុកាលរាប់រយឆ្នំា មានដូចជា The City Hall, General Telegraph office, the Supreme Court, High Court និង Pastel-painted shops ។ បន្ទាប់មក ប្រតិភូសារព័ត៌មានកម្ពុជា និង អន្តរជាតិ ព្រមទំាងទីភ្នាក់ងារក្រុមហ៊ុនទេសចរណ៍បានបន្តដំណើរទៅដល់ទីគោរពបូជារបស់ពលរដ្ឋមីយ៉ាន់ម៉ា និងពុទ្ធសាសនិកមកពីបណ្តាប្រទេសដទៃទៀតផងដែរ នោះ គឺព្រះមហាចេតិយមាស ស្វេដាហ្គូន ផាហ្គោដា (Shwedagon Pagoda) ដែលជាសំណង់ប្រវត្តិសាស្ត្រមានអាយុកាលជាង២.៥០០ឆ្នាំនេះមកហើយ ។
អ្នកមគ្គុទេសមីយ៉ាន់ម៉ាបានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរាឱ្យដឹងថា ព្រះមហាចេតិយមាស ស្វេដាហ្គូន នេះ ស្ថិតនៅលើភ្នំដែលមានផ្ទៃរាបស្មើមួយគ្របដណ្តប់ទៅលើផ្ទៃដី៦ហិចតា មានកម្ពស់ប្រហែល១០០ម៉ែត្រ និងមានទាំងកាំជណ្តើរថ្មើរជើង និងជណ្តើរយន្តគ្រប់ទិសទាំង៤ ។ អ្វីដែលធ្វើឱ្យចេតិយនេះ កាន់តែមានតម្លៃនោះ គឺចេតិយនេះ ជាកន្លែងតម្តល់នូវព្រះកេសាធាតុ (អដ្ឋកេសាធាតុ) របស់ព្រះសម្មាសម្ពុទ្ធ និងជាចេតិយដែលស្រោបមាស ព្រមទាំងរចនាទៅដោយរតនវត្ថុដ៏មានតម្លៃផ្សេងៗជាច្រើនទៀត មានដូចជា គ្រាប់ពេជ្រដ៏ធំមួយមានទំហំ៧៦ការ៉ាត់ និងគ្រាប់ពេជ្រតូចៗផ្សេងទៀតសរុបចំនួន១.៨០០ការ៉ាត់ ។ តួព្រះមហាចេតិយចាប់ពីត្របកផ្កាឈូកឡើងទៅលើ ត្រូវបានគេស្រោបដោយមាសដែលមានទម្ងន់ជាង ៦០តោន និង មានវត្ថុជាច្រើនទៀត ដែលពុទ្ធបរិស័ទមីយ៉ាន់ម៉ាគ្រប់ស្រទាបវណ្ណៈទាំងអស់ បានយកមកបូជាចំពោះគុណព្រះរតនត្រ័យនេះ រហូតធ្វើឱ្យគេសន្មត់ចេតិយនេះថា ជាមហាចេតិយពុទ្ធសាសនា ដែលមានតម្លៃថ្លៃជាងគេបំផុតនៅក្នុងពិភពលោកទៀតផង ។ បើតាមអ្នកមគ្គុទេសមីយ៉ាន់ម៉ា សំបុត្រចូលទស្សនាសម្រាប់ភ្ញៀវទេសចរណ៍បរទេសមានតម្លៃជិត៧ដុល្លារ ចំនែកឯភ្ញៀវទេសចរណ៍ក្នុងស្រុកវិញ គឺមិនគិតកម្រៃនោះទេ ។ បន្ទាប់មកទៀត ប្រតិ ភូសារព័ត៌មានកម្ពុជា និង អន្តរជាតិ ព្រមទំាងទីភ្នាក់ងារក្រុមហ៊ុនទេសចរណ៍បានទទួលនូវបទពិសោធន៍ថ្មីមួយទៀត គឺការធ្វើដំណើរតាមរយៈការជិះរថភ្លើង ដែលហាក់ដូចជាមានវ័យចំណាស់មកហើយរបស់មីយ៉ាន់ម៉ា ស្ថិតក្នុងគោលបំណងស្វែងយល់ពីការធ្វើដំណើរ និងការរស់នៅរបស់ប្រជាជនមីយ៉ាន់ម៉ានៅក្នុងទីក្រុងយ៉ាំងហ្គូន ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ និងបរទេស បើចង់មកលេងទស្សនាបូជនីយដ្ឋានមានអាយុកាលដ៏ចំណាស់របស់ប្រទេសមីយ៉ាន់នេះ គឺមិនលំបាកទៀតទេ ដោយសារតែបច្ចុប្បន្នមានការហោះហើរត្រង់ គឺពីកម្ពុជាមកទីក្រុងយ៉ាំងហ្គូន ដោយក្រុមហ៊ុនអាកាសចរណ៍ JC អ៊ែរឡាញ ហើយការហោះហើរយើងចំណាយរយៈពេលត្រឹមតែជាងមួយម៉ោងប៉ុណ្ណោះ រីឯការចាយវាយ និងស្នាក់នៅទីនេះវិញ ក៏មិនជាថ្លៃប៉ុន្មាននោះដែរ សមរម្យអាចទទួលយកបាន ៕