សម្តេចតេជោ ហ៊ុន សែន ទទួលជួបឯកអគ្គរដ្ឋទូតថ្មីអាល្លឺម៉ង់ (Video Inside)
សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឯកអគ្គរដ្ឋទូតថ្មីនៃសហព័ន្ធអាល្លឺម៉ង់ បានចូល ជួបសម្ដែងការគួរសមនិងពិភាក្សាការងារ។
ជំនួបពិភាក្សារវាងឯកអគ្គរដ្ឋទូតថ្មីលោក ស្ទីហ្វឹន អែនថឹន ម៉េសឺរើ Stefan Anton Messerer នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែតុលា បាន ផ្តោតលើការជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជានិងអាល្លឺម៉ង់ ដោយឯកអគ្គរដ្ឋ ទូតថ្មីបានថ្លែងប្តេជ្ញាថា លោក «នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពធ្វើយ៉ាងណាជំរុញទំនាក់ ទំនងរវាងប្រទេសទាំងពីរ, ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស លោក នឹងប្រឹងប្រែងជំរុញឲ្យមានការវិនិយោគកាន់តែខ្លាំងមកកាន់កម្ពុជា»។
ក្នុងកិច្ចពិភាក្សាដដែលនោះផងដែរ, ឯកអគ្គរដ្ឋទូតថ្មីអាល្លឺម៉ង់បានថ្លែងវាយតម្លៃខ្ពស់ ចំពោះ ការសម្រេចចិត្តរបស់កម្ពុជា ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសអ៊ុយក្រែន។ លោកឯកអគ្គរដ្ឋទូត នៅបានវាយតម្លៃខ្ពស់ផងដែរ ចំពោះការចូលរួមដោយផ្ទាល់របស់ សម្ដេច តេជោ ហ៊ុន សែន ចំពោះការជួយស្វែងរកដំណោះស្រាយនៅប្រទេសមីយ៉ាន់ម៉ា ។
ទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានកើតឡើងក្នុងឆ្នាំ១៩៩២។ ទំនាក់ទំនងរវាងប្រទេសទាំង២ បានផ្តោតលើវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ដែលផ្តោតលើផ្នែកជនបទ និងការថែរក្សាសុខភាព, អភិបាលកិច្ច, ការលើក តម្កើង សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ, ទំនាក់ទំនងលើវិស័យ វប្បធម៌ និងវិស័យជាច្រើនទៀត។
រដ្ឋាភិបាលសហ ពន្ធ័អាល្លឺម៉ង់ គឺជាដៃគូអភិវឌ្ឍន៍ទី២របស់ប្រទេសអឺរ៉ុបបន្ទាប់ពីរដ្ឋាភិបាល សាធារណរដ្ឋបារាំង ដែលបានផ្ដល់ ឥណទានសម្បទាន ដល់រដ្ឋាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ ២០១៣មក។
សម្ដេចតេជោហ៊ុនសែន បានថ្លែងអំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានជួយដល់កម្ពុជា ហើយសម្ដេចបានមានប្រសាសន៍ថា រាល់ការជោគជ័យរបស់ កម្ពុជា ការអភិវឌ្ឍរបស់កម្ពុជា មិនអាចកាត់ផ្ដាច់ជំនួយរបស់ប្រទេសអាល្លឺម៉ង់ទេ ជាពិសេស ថ្មីៗនេះ ជំនួយរបស់អាល្លឺម៉ង់ បានជួយកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។