២៤ម៉ោងទទួលបានសេចក្តីស្នើរកជួយអន្តរាគមន៍អំពើជួញដូរមនុស្ស១៥នាក់ (Video Inside)
យុទ្ធនាការស្វែងនិងជួយសង្គ្រោះជនបរទេសដែលរងនឹងអំពើជួញដូរពលកម្មខុសច្បាប់ នៅតែបន្តយ៉ាងសកម្ម។ កម្ពុជាកំពុងស្ថិតក្នុងយុទ្ធការបង្ក្រាបអំពើជួញដូរមនុស្ស ក្រោយ មានសេចក្តីរាយការណ៍ថាមាន ក្រុមទុច្ចរិតដែលមានប្រភពមកពីក្រៅប្រទេស បានសហការជាមួយនឹងបក្ខពួកក្នុងប្រទេសកម្ពុជា បង្កនូវអំពើចាប់បង្ខាំងមនុស្ស ក្រោមរូបភាព ល្បួងមកធ្វើការក្នុងប្រទេសកម្ពុជាដោយ សន្យាឱ្យកម្រៃពលកម្មច្រើន។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានដឹងថានៅថ្ងៃច័ន្ទនេះ សមត្ថកិច្ចកម្ពុជាបានទទួលសំណើរកការជួយអន្តរាគមន៍ចំនួន៣ករណីក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះដែលស្មើនឹងមនុស្ស១៥នាក់។ ក្នុងចំណោមមនុស្សទាំង១៥នាក់នោះ រួមមាន វៀតណាម ១៤នាក់ និងជនជាតិខ្មែរម្នាក់។
កម្ពុជាបានធ្វើយុទ្ធនាការស្វែងរក និងជួយសង្គ្រោះនេះ ចាប់តាំងពីថ្ងៃទី១៨សីហាឆ្នាំ២០២២។ គិតរហូតត្រឹមថ្ងៃទី៩ខែតុលាកន្លងមកនេះ, សំណើរកការជួយអន្តរាគមន៍មាន៤៤១ករណីនៃ មនុស្សសរុប១ពាន់១០៧នាក់ ដែលមាន ១៣សញ្ជាតិ។
សេចក្តីរាយការណ៍បញ្ជាក់ថាអាជ្ញាធរស្រាវជ្រាវអង្កេតបឋមបាន ២៥៦សំណើ, នៅសល់ ១៨៥សំណើ ដោយរកឃើញមនុស្ស ពាក់ព័ន្ធ ៥៩០នាក់។ សមត្ថកិច្ចបាបឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធចំនួន៦៧នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្មក្រុមហ៊ុនចំនួន ៤ទីតាំង។