រាជរដ្ឋាភិបាលស្នើបេក្ខភាពលោក ឌិត ទីណា ជារដ្ឋមន្ត្រីថ្មី នៃក្រសួងកសិកម្ម (Video Inside)

ស្ថាប័នរដ្ឋសភាត្រៀមនឹងបើកកិច្ចប្រជុំពេញអង្គក្នុងសប្តាហ៍នេះ ដើម្បីធ្វើការបោះឆ្នោត ផ្តល់ សេចក្តីទុកចិត្តដល់យុវជននៃទំពាំងស្នងឫស្សីថ្មីមួយរូបគឺលោក ឌិត ទីណា ក្នុងការក្លាយជារដ្ឋមន្ត្រី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ។

លោកវេង សាខុន ត្រូវបានព្រះរាជក្រិត្យ បញ្ចប់មុខតំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្មកាលពីថ្ងៃទី៨ តុលា ឆ្នាំ២០២២។ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ត្រូវបានតែងតាំងជាបណ្តោះអាសន្នសិន ក្នុងនាមជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្មនេះ រហូតទាល់តែស្ថាប័នរដ្ឋសភានឹងត្រូវបោះឆ្នោតជ្រើសរើសរកសមាជិកថ្មីរបស់រដ្ឋាភិបាល ដើម្បីជំនួស កន្លែងលោកវេងសាខុន។

យោងតាមលិខិតរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី៨តុលាឆ្នាំ២០២២ ចុះហត្ថលេខាដោយសម្តេច នាយករដ្ឋមន្ត្រី ទៅកាន់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា, លិខិត បានស្នើរកការកោះប្រជុំ មួយរបស់រដ្ឋសភា ដើម្បីរៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើ ការបំពេញបន្ថែមសមាជិកថ្មីរាជរដ្ឋាភិបាល។

បេក្ខជនរដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្មដែលបានស្នើនោះ គឺលោក ឌិត ទីណា។ លោក ឌិត ទីណា គឺជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បច្ចុប្បន្ន។ យោងតាមលិខិតរបស់រដ្ឋសភា, កិច្ចប្រជុំពេញអង្គមួយដើម្បីពិនិត្យសំណើស្នើ បោះឆ្នោតផ្តល់សេចក្តី ទុកចិត្តនេះ នឹងត្រូវធ្វើនៅថ្ងៃទី១៣តុលាឆ្នាំ២០២២។

ads banner