អ្នកតាមដាននយោបាយ៖ សេចក្តីសម្រេចរបស់តុលាការបារាំងប្រៀបដូចជាជាដំបងវ៉ៃសំពងក្បាលមេដឹកនាំនយោបាយរត់ចោលស្រុក ឱ្យចេះភ្ញាក់ខ្លួនពីអំណួតនយោបាយដ៏ឆ្កួតលេលារបស់ខ្លួន
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានហៅការសម្រេចរបស់តុលាការបារាំង ប្រៀបដូចជាដំបងវ៉ៃសំពងក្បាលមេដឹកនាំនយោបាយរត់ចោលស្រុកឱ្យចេះភ្ញាក់ខ្លួនពីអំណួតនយោបាយដ៏ឆ្កួតលេលារបស់ខ្លួន ដែលចូលចិត្តយកមាត់ស្អុយ មាត់វែង មាត់ខ្លីរបស់ខ្លួន និយាយកុហកបោកប្រាសមហាជន លាបពណ៌ ចោទប្រកាន់លើប្រមុខដឹកនាំកម្ពុជា ដើម្បីទាញយកការចាប់អារម្មនិងកេងចំណេញនយោបាយផងនោះ។
លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី១១ ខែតុលានេះថា ការសម្រេចក្តីរបស់តុលាការបារាំងលើសំណុំរឿងបណ្តឹងបរិហាកេរ្តិ៍លើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាការសម្រេចមួយដែលបានផ្តល់នូវយុត្តិធម៌ពេញលេញជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាឱ្យលាងជម្រះនូវការចោទប្រកាន់លាបពណ៌ ទាំងបំពានពីសំណាក់មេបក្សនយោបាយរត់ចោលស្រុក ដែលអួតអាងខ្លួនជាសញ្ជាតិបារាំង។ លោក សួន សេរីរដ្ឋា បានបន្តថា លទ្ធផលនៃសេចក្តីសម្រេចរបស់តុលាការបារាំងនេះ ក៏ជាដំបងមួយវ៉ៃសំពងយ៉ាងដំណំលើក្បាលមេដឹកនាំនយោបាយរត់ចោលស្រុក ឱ្យចេះភ្ញាក់ខ្លួនពីអំណួតនយោបាយដ៏ឆ្កួតលេលារបស់ខ្លួន ដែលចូលចិត្តយក មាត់ស្អុយ មាត់វែង មាត់ខ្លី របស់ខ្លួន និយាយកុហកបោកប្រាសមហាជន លាបពណ៌ ចោទប្រកាន់លើប្រមុខដឹកនាំកម្ពុជា ដើម្បីទាញយកការចាប់អារម្មនិងកេងចំណេញនយោបាយផងនោះ។

នេះសបញ្ជាក់ឱ្យឃើញថា «យុត្តិធម៌» មាននៅគ្រប់ទិសទីលើពិភពលោកសម្រាប់ជនរងគ្រោះ។ អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន គឺជាជនរងគ្រោះដែលទទួលនូវការចោទប្រកាន់លាបពណ៌ពីសំណាក់មេដឹកនាំនយោបាយរត់ចោលស្រុក (សម រង្ស៊ី) ដែលអាងតុលាការបារាំង និងអាងសញ្ជាតិបារាំងរបស់ខ្លួន និយាយវ៉ៃប្រហារបរិហាកេរ្តិ៍ សម្តេចតេជោ ហ៊ុន សែន ម្តងហើយម្តងទៀត។ យុត្តិធម៌គឺមិនអាចយកសញ្ជាតិបរទេសរបស់ពួកគេអ្នកចោលស្រុកអស់នោះ មកធ្វើជាកន្ទបការពារ ឬក៏ទៅទិញដូរយកមកបានទេ !។
លោក គី តិច ប្រធានក្រុមមេធាវីសម្តេចតេ ជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន បានចូលរួមជាមួយក្រុមមេធាវីជនជាតិបារាំងតំណាងរបស់សម្តេចតេជោ ហ៊ុន សែន និងលោក ឌី វីជ្ជា ចូលរួមស្តាប់ប្រកាសសាលក្រមដោយតុលាការទីក្រុងប៉ារីសប្រទេសបារាំងពាក់ព័ន្ធនឹងបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន ប្តឹង សម រង្ស៊ី និងពាក់ព័ន្ធនឹងបណ្តឹងរបស់លោក ឌី វិជ្ជា ប្តឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍។ លោក គី តិច បានបញ្ជាក់បន្ថែមថា «នៅក្នុងបន្ទប់សវនាការនៅព្រឹកមិញនេះ ចៅក្រមបានលើកសំអាងហេតុនិងការយល់ឃើញលើចំណុចមួយដែលបញ្ជាក់ថាការ ចោទប្រកាន់របស់ សម រង្ស៊ី ទៅលើសម្តេចតេជោពាក់ព័ន្ធនឹងការធ្លាក់ឧទ្ធម្ភាចក្រដែលមានឯកឧត្តម ហុក ឡង់ឌី ជាជនរងគ្រោះ គឺពុំមានភស្តុតាង ឬការបញ្ជាក់ណាមួយឱ្យបានច្បាស់លាស់ ហើយក៏ពុំអាចចាត់ទុកថា សម្តេចតេជោពាក់ព័ន្ធនឹងការកើតហេតុ ឬនៅពីក្រោយនៃការកើតហេតុនេះដែរ »។ លោកមេធាវីបានបន្តថា «សំអាងហេតុរប ស់ចៅក្រមក៏បានលើកទៀតថា សម រង្ស៊ី បានដាក់ឯកសារជាសារព័ត៌មានជាឯកសារផ្សេងៗមានភាពមិនច្បាស់លាស់ស្រពិចស្រពិលស្មុគស្មាញដែលតុលាការពុំអាចទទួលយកមកធ្វើជាសំអាងហេតុឱ្យបានត្រឹមត្រូវច្បាស់លាស់នោះទេ។ តុលាការក៏បានលើកសម្អាងហេតុមួយទៀតបញ្ជាក់ច្បាស់ថា សម រង្ស៊ី ពិតជាបាននិយាយបរិហារកេរ្តិ៍ចំពោះសម្តេចតេជោដែលពុំអាចប្រកែកបាន»។
សូមបញ្ជាក់ថា កាលពីខែសីហាឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន និងលោក ឌី វិជ្ជា តាមរយៈមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងមេធាវីបារាំងបានដាក់ពាក្យបណ្តឹងជាផ្លូវការ២ដាច់ដោយឡែកពីគ្នា ដើម្បីប្តឹងបុគ្គល សម រង្ស៊ី ពីបទ«បរិហាកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ទៅមកកាន់តុលាការទីក្រុងប៉ារីសប្រទេសបារាំង។
គួររំឭកជូនថា តុលាការបារាំង នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានបើកសវនាការស្ដាប់សក្ខីកម្មនៃបណ្តឹងដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តឹងទៅតុលាការបារាំងកាលពីឆ្នាំ២០១៩ ក្រោយលោក សម រង្ស៊ី លើកឡើងថា សម្តេចតេជោ ហ៊ុន សែន ជាមនុស្សនៅពីក្រោយការស្លាប់របស់ លោក ជា វិជ្ជា ប្រធានសហជីព និងលោក ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ។ នៅក្នុងសនាការកាលពីថ្ងៃទី០១ ខែកញ្ញានោះ លោក សម រង្ស៊ី បាន ចំណាយពេលជាង៥ ម៉ោង ដោយបានព្យាយាមបង្វែរស្ថានការណ៍ លើកនិយាយពីបរិបទនយោបាយកម្ពុជា នាខណៈមេធាវីសម្តេចតេជោ ហ៊ុន សែន ទាមទាររកភស្តុតាងរឹងមាំនៃការចោទប្រកាន់។
ចំពោះមុខតុលាការបារាំង ក្រុមមេធាវីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្យាយាមកត់សម្គាល់ចម្លើយរបស់លោក សម រង្ស៊ី។ លោក Luc Brossolet មេធាវីសម្តេចតេជោ ហ៊ុន សែន កត់សម្គាល់ ថា អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺពេលលោក សម រង្ស៊ី ឆ្លើយសំណួរ។ លោកថា «អ្វីដែលយើងបានឃើញ គឺលោក សម រង្ស៊ី មិនអាចឆ្លើយសំណួរ មិនអាចពន្យល់»។ សម្រាប់លោក Luc Brossolet ចម្លើយដែលគ្មានមូលដ្ឋានរបស់លោក សម រង្ស៊ី គឺបង្ហាញថា ជាការចោទប្រកាន់ដោយគ្មានហេតុផល។
លោក គី តិច ប្រធានក្រុមមេធាវីរដ្ឋាភិបាលកម្ពុជា ដែលជាតំណាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយការពារបណ្តឹងដែលប្តឹងលោក សម រង្ស៊ី ថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែនបំណងចង់ប្តឹងជនជាតិដូចគ្នានោះទេ។ តែករណីលោក សម រង្ស៊ី ជាការចោទប្រកាន់ធ្ងន់ធ្ងរមិនអាចទទួលយកបាន។ បើតាមការគូសបញ្ជាក់របស់លោកមេធាវី គី តិច បណ្តឹងនេះធ្វើឡើងដើម្បីទាមទារជានិមិត្តរូបនូវសំណងជាទឹកប្រាក់មួយអឺរ៉ូប៉ុណ្ណោះ តែអ្វីដែលសំខាន់គឺយុត្តិធម៌ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន។
គួរបញ្ជាក់ថា សំណុំរឿងបរិហារកេរ្តិ៍ ដែលបើកក្តីនៅទីក្រុងប៉ារីសនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានចាត់ក្រុមអ្នកច្បាប់ឱ្យប្តឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍។ បណ្តឹងទាំងពីរ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី សរសេរថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកនៅពីក្រោយ នៃការដាក់គ្រាប់បែកបំផ្ទុះឧទ្ធម្ភាគចក្រ សម្លាប់លោក ហុក ឡុងឌី កាលពីឆ្នាំ២០០៨ នៅខេត្តស្វាយរៀង រួមទាំងការស្លាប់របស់លោក ជា វិជ្ជា ប្រធានសហជីពកាលពីឆ្នាំ២០០៤៕
ដោយៈពលជ័យ