ក្មេងទំនើងពីរក្រុមចេញពីក្លិបបើកឆាកប្រយុទ្ធគ្នា រងរបួសធ្ងន់ម្នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្មេងទំនើងពីរក្រុមបានប៉ះពាក្យសម្ដីគ្នាក្នុង ស៊ីធី ក្លិប ហើយចេញមកក្រៅ ដេញវ៉ៃគ្នាផ្អើលពេញផ្លូវ បណ្ដាលឲ្យភាគីម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសុខគា នៅម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ភ្លាមៗនោះ សមត្ថកិច្ចបានចុះអន្តរាគមន៍ រហូតដល់មានការផ្ទុះអាវុធទើបចាប់បានពីរនាក់។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា ភាគីបង្កបានវ៉ៃប្អូនរបស់គាត់ ហើយជនបង្ករត់ចូលក្រុមហ៊ុន ហេង ស្រេងហុង បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះ ចេញមកសួរនាំ។ បន្ទាប់មកជនបង្ក បានជិះម៉ូតូរត់គេចខ្លួន ក៏ត្រូវសមត្ថកិច្ចប្រដេញពីក្រោយ ផ្ទុះអាវុធចំនួន១គ្រាប់ ឃាត់ខ្លួនបានពីរនាក់ រួចបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ជាមួយគ្នានោះ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់សារព័ត៌មានថា ស៊ីធី ក្លិប សម្បូរទៅដោយក្មេងទំនើងដេញវាយគ្នាជាញឹកញាប់ ឲ្យតែស្រវឹង បង្កការរំខានដល់ពលរដ្ឋជិតខាង ហើយជាដែនសមត្ថកិច្ចរបស់សង្កាត់ស្ទឹងមានជ័យទី២ ប៉ុន្តែមិនដែលឃើញអាជ្ញាធរណាទប់ស្កាត់ និងបណ្ដែតបណ្ដោយឲ្យអាណាធិបតេយ្យបែបនេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner