កងទ័ពជើងគោក គាំទ្រការកាត់ក្តីរបស់តុលាការបារាំងផ្ដល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេចតេជោ
ភ្នំពេញ៖ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំង កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមសម្តែងនូវការគាំទ្រនិងអបអរសាទរក្នុងសេចក្តីរំភើបរីករាយប្រកបដោយមោទកភាពខ្ពស់ក្នុងឱកាសដែលតុលាការប្រទេសបារាំងសភាទី១៧ នៃតុលាការយុត្តិធម៌ទីក្រុងប៉ារីស បានបញ្ជាក់ក្នុងសំអាងហេតុនៃសាលក្រមនាថ្ងៃទី១០ខែតុលាឆ្នាំ២០២២ ផ្ដល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេចតេជោជាទីគោរពដ៏ខ្ពង់ខ្ពស់និងបានរកឃើញការពិតថាសមរង្ស៊ីពិតជាបានប្រព្រឹត្តអំពើ បរិហារកេរ្ដិ៍ចំពោះ សម្តេចតេជោ ពិតប្រាកដមែន។

ក្នុងលិខិតចូលរួមអបអររបស់កងទ័ពជើងគោកនៅថ្ងៃទី១២ខែតុលានេះបានបញ្ជាក់ទៀតថាសាលក្រមរបស់តុលាការបារាំងនេះ បានបង្ហាញនូវភាពជោគជ័យរបស់ សម្តេចតជោ ដែលទទួលបានការសម្រេចមួយសមស្របតាមបំណងប្រាថ្នារបស់ សម្ដេចតេជោ ដែលចង់ បាននូវយុត្តិធម៌ និងភាពស្អាតស្អំនេះ និងទាត់ចោលការថ្លែងមូលបង្កាច់របស់ជនជាប់ចោទ សម រង្ស៊ី។ ចំពោះបុគ្គល សម រង្ស៊ី វិញត្រូវរងភាពបរាជ័យយ៉ាងធ្ងន់ធ្ងរ ដោយតុលាការបានបញ្ជាក់ថា ពាក្យពេចន៍របស់ខ្លួនគឺការចោទ ប្រកាន់ ដោយគ្មានភស្តុតាង និងជាការបរិហារកេរ្ដិ៍ ហើយត្រូវបង់ខាតចំពោះរាល់ការចំណាយទាំងអស់។
ជាថ្មីម្តងទៀត ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំង កងទ័ពជើងគោក សូមប្ដេជ្ញាចូលរួមគាំទ្រ ការពារ និងសូមប្រឆាំងដាច់ ខាតចំពោះជនអគតិទាំងឡាយណាដែលមានបំណងយាយី បំពានដល់ច្បាប់ ដល់សុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍរបស់សង្គម និងសូមលើកហត្ថប្រណម្យ ឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោកបុណ្យបារមីគ្រប់ទិសទី ព្រមទាំងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយការពារថែរក្សា និងប្រោះព្រំនូវសព្ទសាធុការពរជ័យជូន សម្តេចតេជោ និងសម្តេចកិក្ដិព្រឹទ្ធបណ្ឌិតព្រមទាំងបុត្រាបុត្រីចៅប្រុសចៅស្រីរបស់សម្តេចទាំងទ្វេសូមមានសុខភាពល្អបរិបូរណ៍ កម្លាំង កាយចិត្តមាំមួន ជន្មាយុយឺនយូរ សុភមង្គល វិបុលសុខ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការ និងបាន ប្រកបនូវពុទ្ធពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕
