លោកបណ្ឌិត សេក សុជាតិ ៖ សាលក្រមរបស់តុលាការបារាំងបានស្រាយនូវរាល់ចម្ងល់ក៏ដូចជាការចោទប្រកាន់នានាទៅ​លើសម្តេចតេជោ ហ៊ុន សែន ក្នុងករណីមរណភាពឯកឧត្តម ហុក ឡង់ឌី

ភ្នំពេញ៖លោកបណ្ឌិត សេក សុជាតិ អ្នកវិភាគបានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី១៣ ខែតុលាឆ្នាំ២០២២នេះថា សាលាដំបូងទីក្រុងប៉ារីស ប្រទេសបារាំង តាមរយៈសាលក្រមចុះថ្ងៃទី១០ ខែតុលា បានទាត់ចោលការចោទប្រកាន់របស់លោក សម រង្ស៉ី លើសម្តេចតេជោ ហ៊ុន សែន ទាក់ទងមរណភាពរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ គឺជាការផ្តល់ភាពស្អាតស្អំ និងយុត្តិធម៌ដល់សម្តេចតេជោ
ហ៊ុន សែន ហើយសាលក្រមរប​ស់ តុលាការបារាំង គឺបានស្រាយនូយរាល់ចម្ងល់ ក៏ដូចជាការ​ចោទប្រកាន់នានាទៅលើសម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់បានកើតឡើងនៅក្នុងសង្គមកម្ពុជានាពេលកន្លងមកនេះ។ ការណ៍ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីប្តឹងលោក​សម រង្ស៊ី នៅប្រទេសបារាំងក៏ជាហេតុផលល្អមួយដែរ ពីព្រោះមានការស្រាយបំភ្លឺអំពីបញ្ហានៃមរណភាពរបស់ឯកឧត្តម ហុក ឡង់ឌី គឺមិនមានការពាក់ព័ន្ធជាមួយសម្តេចតេជោហ៊ុនសែននោះទេ។សាលក្រមនេះនឹងបញ្ចប់ជម្លោះផ្ទៃក្នុងនយោបាយមួយនៅកម្ពុជា​​ពាក់ព័ន្ធជាមួយនឹងមរណភាពរបស់ឯកឧត្តម ហុក ឡង់ឌី ។

លោកបណ្ឌិត សេក សុជាតិ(រូបថតឯកសារ)

លោកបណ្ឌិត សេក សុជាតិ បានបញ្ជាក់ថា “ការសម្រេចរបស់តុលាការបារាំង គឺជារឿងដ៏ល្អហើយអាចស្រាយនូវចម្ងល់ ហើយក៏ដូចជាការចោទប្រកាន់នានាដែលធ្លាប់បានកើតឡើងនៅក្នុងសង្គមកម្ពុជារបស់យើងដោយសារមរណភាពរបស់ឯកឧត្តមហុកឡង់ឌី។ឧប្បត្តិហេតុនេះត្រូវបានគេទម្លាក់ទៅក្នុងនយោបាយកម្ពុជាហើយអ្នកនយោបាយក៏បាន​​យកមកធ្វើជាមូលហេតុនៅក្នុងការ ឬនៅក្នុងការដាក់បន្ទុកទៅខាងភាគីម្ខាងជាពិសេស​កន្លងមកមានការទម្លាក់កំហុសទៅលើសម្តេចេជោនាយករដ្ឋមន្ត្រី ដែលជាប្រមុខដឹកនាំរាជរដ្ឋាភិបាល។យើងយល់ឃើញថា ការប្តឹងផ្តល់គ្នានៅស្រុកបារាំងនេះ ក៏ជាហេតុផលមួយល្អដែរ ដែលមានការស្រាយបំភ្លឺអំពីបញ្ហានៃមរណភាពរបស់ឯកឧត្តម
ហុក ឡង់ឌី គឺមិនពាក់ព័ន្ធជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ។

លោកបណ្ឌិតបន្តថាលោកសម រង្ស៊ី​ ក៏បានដឹងច្បាស់អំពីបញ្ហានឹងហើយប្រជាពលរដ្ឋនៅទូទាំងប្រទេសក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសក៏ដូចជាសហគមន៍អន្តរជាតិបានដឹងថា បញ្ហាទាំងអស់នេះមិនមានសម្តេចតេជោនាយករដ្ឋមន្ត្រីនៅពីក្រោយខ្នង ។នេះគឺជាចំណុចពិសេសមួយ”។

អ្នកវិភាគរូបនេះបានលើកឡើងថា មរណភាពរបស់ឯកឧត្តម ហុក ឡង់ឌីបានកើតឡើងយូរមកហើយហើយអ្នកនយោបាយខ្លះ ច្រើនតែយកមកធ្វើលេសដើម្បីចោទប្រកាន់ភាគីម្ខាងនិងបង្កឱ្យមានភាពវឹកវរនយោបាយនៅក្នុងសង្គមកម្ពុជា។សាលក្រមរបស់តុលាការបារាំងលើកនេះ អាចបញ្ចប់នូវវិវាទនៅក្នុងការចោទប្រកាន់គ្នារវាងលោកសម រង្ស៊ី ជាមួយ​សម្តេចតេជោ ហ៊ុន សែន។ បញ្ហានេះត្រូវបានស្រាយបំភ្លឺហើយ នឹងសង្ឃឹមថានឹងមិនមានព្រឹត្តិការណ៍នៅក្នុងការចោទប្រកាន់គ្នាតទៅទៀតទេហើយកុំយក​បញ្ហានេះមកពាក់ព័ន្ធជាមួយនឹងនយោបាយតទៅទៀត៕ ដោយ៖ពលជ័យ

ads banner