សម្តេចតេជោអំពាវនាវពលរដ្ឋប្រុងប្រយ័ត្នភាពប្រែប្រួលអាកាសធាតុ (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ប្រាប់ពលរដ្ឋខ្មែរត្រូវបន្តប្រុងប្រយ័ត្ននូវភាពប្រែប្រួល អាកាសធាតុដែលបង្កនូវគ្រោះមហន្តរាយដល់អាយុជីវិត និងសម្តេចបានអំពាវនាវពលរដ្ឋត្រូវ បន្តរក្សាការពារខ្លួនជាប់ជានិច្ច។
ប្រសាសន៍ថ្លែងជួនដំណឹងពលរដ្ឋឱ្យប្រុងប្រយ័ត្នគ្រប់ពេល វេលានេះ បានធ្វើតាមរយៈសារលិខិតមួយថ្ងៃទី១៣តុលាឆ្នាំ២០២២ក្នុងឱកាសទិវាជាតិគ្រប់ គ្រងគ្រោះមហន្តរាយ។
សារលិខិតបានសរសេរថា «រហូតមកទល់ពេលនេះ ពិភពលោកកំពុង ទទួលឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុបណ្តាលឱ្យកើតមានគ្រោះមហន្តរាយធំៗជាច្រើន បង្កផលប៉ះពាល់ជាច្រើនដល់អាយុជីវិត, ទ្រព្យសម្បត្តិនិងសេដ្ឋកិច្ចសង្គមធ្ងន់ធ្ងរ បន្ថែមលើ ឱនភាពសកល»។
ប្រសាសន៍ដាស់តឿនរបស់សម្តេចតេជោហ៊ុនសែន បានទន្ទឹមនឹងស្ថានការណ៍អាកាសធាតុ ក្នុងប្រទេសកម្ពុជាដែលរងនឹងឥទ្ធិពលសម្ពាធទាបនិងព្យុះទីហ្វុងដែលបង្កការធ្លាក់ភ្លៀង ធ្វើ ឱ្យមានទឹកជំនន់, គ្រោះរន្ទះបាញ់, ខ្យល់កន្ត្រាក់ បង្កការខូចខាតទ្រព្យសម្បត្តិនិងជីវិតមនុស្ស ។
យោងតាមមន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងរយៈពេល៩ខែដើមឆ្នាំ ២០២២នេះ មានមនុស្សយ៉ាងហោចណាស់ចំនួន៥៣នាក់បានស្លាប់ ដោយគ្រោះធម្មជាតិ រន្ទះបាញ់, ខូចខាតផ្ទះ២២ខ្នង, មនុស្សរបួស៤៩នាក់ និងងាប់សត្វគោក្របី ៨៤ក្បាល។
គ្រោះ ធម្មជាតិខ្យល់កន្ត្រាក់មាន១៥៦លើក, ធ្វើឲ្យផ្ទះរលំ៩៤៣ខ្នង, របើកដំបូល៣ពាន់២០១ខ្នង, ខូចខាតសាលារៀន ៣៨ខ្នង, ខូចខាតតូបក្នុងផ្សារ១៣កន្លែង, ខូចខាតអគាររដ្ឋបាល ២១ កន្លែង, ធ្វើឲ្យមនុស្សស្លាប់ ៣នាក់ និងធ្វើឲ្យមនុស្សរបួស៥៩នាក់។
ថ្លែងក្នុងសារលិខិតដដែលក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្តេចបានអំពាវនាវ ៩ចំណុចដល់ប្រជាពលរដ្ឋក្នុងនោះរួមមានការបន្តរក្សាការពារខ្លួនតាមរយៈការរស់នៅជាមួយ ភាពប្រក្រតីតាមគន្លងថ្មី, បន្តទទួលវ៉ាក់សាំងទាំងដូសមូលដ្ឋាននិងដូសជម្រុញ និងបន្តអនុវត្ត គោលការណ៍៣ការពារនិង៣កុំឱ្យបានខ្ជាប់ខ្ជួន។
ពាក់ព័ន្ធនឹងគ្រោះមហន្តរាយធម្មជាតិ សម្តេច បានអំពាវនាវពលរដ្ឋត្រូវតាមដានរាល់ព័ត៌មានព្យាករណ៍ និងការប្រកាសអំពីព័ត៌មាននានា ទាក់ទងនឹងហេតុការណ៍គ្រោះថ្នាក់ធម្មជាតិ, ការត្រៀមលក្ខណៈទុកជាមុនដោយបង្កើតប្រព័ន្ធ ការពារគ្រោះថ្នាក់ការងារ, រៀបចំហេដ្ឋារចនាសម្ព័ន្ធធន់, បង្កើតទីសុវត្ថិភាព, បណ្តុះបណ្តាល និយោជិត បុគ្គលិក កម្មករឱ្យយល់ដឹងអំពីគ្រោះមហន្តរាយ វិធីការពារ ការជម្លៀសទៅទីមាន សុវត្ថិភាព និងការធ្វើលំហាត់សាកល្បងនោះជាដើម។