កូរ៉េខាងត្បូងសម្លាប់ជ្រូក៤ពាន់ក្បាល ក្រោយមានករណីជំងឺប៉េស្តជ្រូកអាហ្វ្រិកជាលើកដំបូង
អាជ្ញាធរកូរ៉េខាងត្បូងបានឲ្យដឹងថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកមួយករណីដំបូង ត្រូវបានរកឃើញហើយនៅក្នុងទីក្រុង Paju ដែលជាប់ព្រំដែនជាមួយកូរ៉េខាងជើង ខណៈសេចក្តីប្រកាសត្រូវបានធ្វើឡើងទូទាំងប្រទេស ដើម្បីឲ្យកសិដ្ឋានចិញ្ចឹមសត្វជ្រូកទាំងអស់ ធ្វើការត្រួតពិនិត្យសុខភាពសត្វរបស់ខ្លួន។ ករណីដំបូងនៅកូរ៉េខាងត្បូងនេះ បានកើតមានឡើងតែ៤ខែប៉ុណ្ណោះ បន្ទាប់ពីប្រទេសជាប់ព្រំដែនតែមួយគត់របស់ខ្លួន គឺកូរ៉េខាងជើង បានឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះកាលពីខែឧសភា។
រដ្ឋមន្ត្រីកសិកម្មកូរ៉េខាងត្បូងលោក គីម យុនស៊ូ បានប្រាប់សារព័ត៌មាននានានៅកូរ៉េខាងត្បូងយ៉ាងដូច្នេះថា ដើម្បីបង្កើនកម្រិតប្រកាសអាសន្ន និងជាការទប់ស្កាត់ជាបន្ទាន់នោះ សត្វជ្រូកប្រមាណជិត៤,០០០ក្បាល នឹងត្រូវសម្លាប់ចោលកុំឲ្យវីរុសរីករាលដាល។
គួរបញ្ជាក់ថា កូរ៉េខាងត្បូង ក៏ជាប្រទេសដែលទទួលទានសាច់ជ្រូកច្រើនផងដែរ ហើយប្រទេសក្នុងតំបន់អាស៊ីផ្សេងទៀត ដែលមានផ្ទុះជំងឺនេះខ្លាំងជាងគេគឺ ចិន និងវៀតណាម។ សម្រាប់ប្រទេសវៀតណាម ស្ទើរតែគ្រប់ខេត្តក្រុងទាំងអស់ មានផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ កាលពីអំឡុងពាក់កណ្តាលឆ្នាំ២០១៩៕ធ.ដ