សម្តេចពិជ័យសេនា៖ ក្រសួងការពារជាតិធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ
ភ្នំពេញ៖ ប្រមុខការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ការផ្តួលរំលំណាមួយដែលកើតឡើងក្រៅពីការបោះឆ្នោត គឺថាមិនអាចឱ្យមានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានជាដាច់ខាត និងមិនអត់ឱនឱ្យជាដាច់ខាត។ ការបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ ដែលបានចេញសេចក្ដីថ្លែងការណ៍ និងគម្រោងថ្មី តាមរយៈខ្លីបវីដេអូនាពេលថ្មីៗនេះ ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលនៅឆ្នាំ២០២៣ និងបានញុះញង់កងកម្លាំងប្រដាប់អាវុធឱ្យធ្វើការបះបោរ ព្រមទាំងបានប្រមាថដោយអសីលធម៌ចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកនៃ សន្តិភាព និងជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍បញ្ជាក់ប្រាប់ AMS កាលពីល្ងាចថ្ងៃទី១៧ ខែតុលានេះថា ឱ្យតែអ្នកណាមួយមកប៉ះពាល់រដ្ឋាភិបាលស្របច្បាប់ គឺមិនបានជាដាច់ខាត និងមិនអត់ឱ្យឱ្យជាដាច់ខាត ហើយមិនឱ្យប៉ះពាលរដ្ឋាភិបាលបានជាដាច់ខាត និងប្រើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដើម្បីការពាររដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ។
ប្រមុខការពារជាតិបានបញ្ជាក់ទៀតថា ដូច្នេះការផ្តួលរំលំណាមួយដែលកើតឡើងក្រៅពីការបោះឆ្នោត គឺថាមិនអាចឱ្យមានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានជាដាច់ខាត។ រឿងអ្វីដែលមិនមានការពិតទេ ទណ្ឌិត សម រង្ស៊ី ជាពូជក្បត់ជាតិ៣ជំនាន់ ប្រឌិតឡើងដើម្បីជាការទាក់ទាញ ហើយកិច្ចការងារនេះ គឺសមត្ថកិច្ចក៏ដូចជាកម្លាំងប្រដាប់អាវុធ គឺបានចេញមកថ្កោលទោសប្រឆាំងចំពោះទណ្ឌិត សម រង្ស៊ី។
សូមជម្រាបថា នៅតាមក្រសួង ស្ថាប័នរដ្ឋបានធ្វើញ្ញត្តិជាបន្តបន្ទាប់ប្រឆាំងដាច់ខាត និងថ្កោលទោសដាច់អហង្ការចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ ៣ជំនាន់ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានចេញសេចក្ដីថ្លែងការណ៍ និងគម្រោងថ្មី តាមរយៈខ្លីបវីដេអូនាពេល ថ្មីៗនេះ ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលនៅឆ្នាំ២០២៣ និងបានញុះញង់កងកម្លាំងប្រដាប់អាវុធឱ្យធ្វើការបះបោរ ព្រមទាំងបានប្រមាថដោយអសីលធម៌ចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកនៃសន្តិភាព និងជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ហើយបានស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនភ្លាម ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ ៣ជំនាន់ និងបក្ខពួក បើក្រុមនេះជាន់ទឹកដីកម្ពុជា និងស្នើឱ្យតុលាការចាត់វិធានការច្បាប់ ឱ្យបានធ្ងន់ធ្ងរបំផុត ដោយគ្មានការលើកលែងនោះឡើយ៕
ដោយ៖ពលជ័យ