ក្រុមវិទ្យាល័យ ហ៊ុន សែន សេរីភាព ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះវិទ្យាល័យ ជាស៊ីម សាមគ្គី
ភ្នំពេញ៖ ក្រុមវិទ្យាល័យ ហ៊ុន សែន សេរីភាព បានយកឈ្នះក្រុមវិទ្យាល័យជា ស៊ីម សាមគ្គី ក្នុងលទ្ធផល ៣ទល់១ ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ការប្រកួតបាល់ទាត់ជើងឯកវិទ្យាល័យ រដូវកាលទី២ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៨ ខែតុលា នៅទីលានបាល់ទាត់ វិទ្យាល័យបឹងត្របែក។
៣គ្រាប់របស់ក្រុមវិទ្យាល័យ ហ៊ុន សែន សេរីភាព រកបានដោយកីឡាករ នី សុងហៃ នៅនាទីទី១២ , កីឡាករ ឃឹម ចំរើន នៅនាទីទី១៧ និងគ្រាប់ទី៣ រកបានដោយកីឡាករ កើត មេសា ដោយបាល់ម៉ែត្រ នៅនាទីទី៤៩ ខណៈក្រុមវិទ្យាល័យជាស៊ីម សាមគ្គី រកបានមួយវិញនៅនាទីទី៤៧ ដោយកីឡាករ ឡុង ម៉េងហុង។ លទ្ធផលនេះ បានធ្វើក្រុមតែមួយដែលមកពីខេត្តកណ្តាលទទួលបានចំណាត់ថ្នាក់លេខ៣ ជាមួយនឹងប្រាក់រង្វាន់ ២០លានរៀល។
រីឯគូដណ្តើមជើងឯក រវាងក្រុមការពារតំណែងជើងឯករដូវកាលទី១ វិទ្យាល័យឥន្រ្ទទេវី ត្រូវប៉ះក្រុមឡើងជើងមិនស្គាល់ពាក្យថាចាញ់វិទ្យាល័យព្រះស៊ីសុវត្តិ ដើម្បីដណ្តើមប្រាក់រង្វាន់៦០លានរៀល នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នាកីឡដ្ឋានបឹងកេត វេលាម៉ោង ១៥:៣០ រសៀល។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់ជើងឯកវិទ្យាល័យ រដូវកាលទី២ ឆ្នាំ២០២២ មាន១១ក្រុមចូលរួមកើនឡើងបើធៀបនឹងរដូវកាលទី១ ឆ្នាំ២០១៩ មានតែ៩ក្រុមប៉ុណ្ណោះ ។ ជាមួយគ្នាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក៏មានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍អប្សរា និងបន្តផ្សាយតាមផេក AMS TV 11 , AMS Central និងផេក ស ស យក រាជធានីភ្នំពេញ ផងដែរ ៕ ចាន់ វិចិត្រ



