កងទ័ពជើងគោកត្រៀមខ្លួនរួចជាស្រេចដើម្បីកម្ទេចចោលទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ និងបក្ខពួក

ភ្នំពេញ៖ “កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ត្រៀមខ្លួនរួចជាស្រេចដើម្បីកម្ទេចចោលភ្លាមទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ និងបក្ខពួក ដែលចង់ធ្វើបដិវត្តពណ៌បំផុសបំផុល បង្កចលាចលក្នុងសង្គម និងមានចេតនាបំផ្លាញសុខសន្តិភាព ស្ថេរភាពសង្គម ដែលរកបានមកដោយការលះបង់ខ្ពស់ និងក្តីលំបាកជាទីបំផុត”។ នេះបើយោងតាមញ្ញត្តិថ្កោលទោសកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

ញ្ញត្តិថ្កោលទោសបន្តថា ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំង កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ធ្វើការប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានចេញសេចក្ដីថ្លែងការណ៍ និងគម្រោងថ្មីតាមរយៈឃ្លីបវីដេអូ នាពេលថ្មីៗនេះ ក្នុងគោលបំណងធ្វើការកែនគរប្រមូលផ្ដុំផ្ដួលរំលំរាជរដ្ឋាភិបាលឆ្នាំ២០២៣ និងបានញុះញង់កងកម្លាំងប្រដាប់អាវុធឱ្យធ្វើការបះបោរ ព្រមទាំងបានប្រមាថដោយអសីលធម៌ ចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រលាញ់ របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

ញ្ញត្តិថ្កោលទោសបានបញ្ជាក់ថា “យើងខ្ញុំទាំងអស់គា្នជាយោធិនកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទគ្រប់រូប សូមប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែល កើតចេញពីការបោះឆ្នោត និងការពារឱ្យខានតែបាននូវសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ។

ជាថ្មីម្តងទៀត ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំង កងទ័ពជើងគោក សូមស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនភ្លាមទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ និងបក្ខពួកបើក្រុមនេះជាន់ដីកម្ពុជា និងស្នើឱ្យតុលាការចាត់វិធានការច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត ដោយគ្មានការលើកលែងនោះឡើយ៕
ដោយ៖ពលជ័យ

ads banner