ក្រសួងប្រៃសណីយ៍៖លើកទឹកចិត្តដល់សិស្សានុសិស្សក្នុងការចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្ដីអំពាវនាវ ស្ដីពីការលើកទឹកចិត្តដល់សិស្សានុសិស្សក្នុងការចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ដោយសារបច្ចុប្បន្នវិស័យបច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការធ្វើធុរកិច្ច និងការផ្ដល់សេវាសាធារណៈនិងសេវាផ្សេងៗ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្នុងសេចក្តីអំពាវនាវដែលចុះហត្ថលេខាដោយ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់យកចិត្តទុកដាក់ខិតខំរៀនសូត្រ និងសូមជូនពរឱ្យទទួលបានជោគជ័យនិងនិទ្ទេសល្អក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ដែលនឹងខិតជិតមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ក្នុងសេចក្តីអំពាវនាវនេះ ឯកឧត្តម ជា វ៉ាន់ដេត បានបញ្ជាក់ថា៖”ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកអភិវឌ្ឍវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថល ខ្ញុំសូមអំពាវនាវនិងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ បន្ទាប់ពីទទួលបានលទ្ធផលជាប់ជាស្ថាពរ សូមពិចារណាចាប់យកការសិក្សាជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ទទួលបានឱកាសការងារល្អមានប្រាក់ចំណូលខ្ពស់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងចូលរួមចំណែកសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក។

ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍ក្នុងសេចក្តីអំពាវនាវនេះថា”ជាថ្មីម្ដងទៀត ខ្ញុំសូមជូនពរដល់ក្មួយៗសិស្សានុសិស្សទាំងអស់ទទួលបានជោគជ័យក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២១-២០២២ និងសង្ឃឹមជឿជាក់ថា បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតជំនាញ ឬសាកលវិទ្យាល័យ ក្មួយៗនឹងចូលរួមចំណែកអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅសម្រេចបានចក្ខុវិស័យរយៈពេលវែងនិងប្រែក្លាយជាប្រទេសអភិវឌ្ឍន៍នាពេលអនាគត” ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner