សម្តេចតេជោ ហ៊ុន សែន ៖សាលក្រមផ្តន្ទាទោសទណ្ឌិត សម រង្ស៉ី ពូជក្បត់ជាតិបីជំនាន់ ដាក់ពន្ធនាគារមួយជីវិត គឺជាការកាត់សេចក្តីត្រឹមត្រូវ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានហៅការប្រកាសសាលក្រមផ្តន្ទាទោសទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ និងជាពូជក្បត់ជាតិបីជំនាន់ កាលពីថ្ងៃទី១៩ខែតុលាឱ្យជាប់នៅក្នុងពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ទាំងសិទ្ធិបោះឆ្នោត ទាំងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើនយោបាយផ្សេងទៀតក្នុងសំណុំរឿងចុះហត្ថលេខាកាត់ដីខ្មែរចំនួនបួនខេត្ត គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ឱ្យក្រុមជនជាតិម៉ុងតាញ៉ាវៀតណាម គឺជាការត្រឹមត្រូវ។
ការប្រកាសគាំទ្រនេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោអញ្ជើញទៅប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅព្រឹកថ្ងៃទី២០ ខែតុលា នៅសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា “សាលក្រមតុលាការនេះ គឺត្រឹមត្រូវ ហើយអនុវត្តទៅលើទោសទណ្ឌដែលអ្នកឯងមានភស្តុតាងជាក់លាក់។ យើងគ្រាន់តែចោទសួរយ៉ាងសាមញ្ញថា ហេតុអ្វីចាំបាច់ដាក់ទង់ជាតិពីខាងក្រោយរហូតដល់ទៅបី បើនោះគ្រាន់តែជាកិច្ចសន្យានៃការផ្តល់សិទ្ធិឱ្យជនជាតិដើមភាគតិច? ហើយតើជនជាតិដើមភាគតិចរបស់យើងនៅខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី មានតំណាងសម្រាប់ចុះហត្ថលេខាបែបនេះទេ? នៅក្នុងរដ្ឋធម្មនុញ្ញ គឺមិនផ្តល់ គេហៅថា ប្រឆាំងជាមួយការធ្វើអប្បគមន៍។ ហេតុបានបានជាក្រុមនេះមានទង់ជាតិ? ហើយម៉្យាងទៀត កុក ស អត់ចេះខ្មែរមួយម៉ាត់ ហើយកុក ស ជាអ្នកណា? គេមានទង់ជាតិរបស់គេមួយមិនមែនជាទង់ជាតិខ្មែរ ហើយក៏មិនមែនជាទង់ជាតិវៀតណាមដែរគឺជាទង់ជាតិនៃរដ្ឋមួយដែលគេបានបង្កើតប្រឆាំងជាមួយរដ្ឋាភិបាលវៀតណាម និងសហការជាមួយក្រុមឧទ្ទាមក្រៅច្បាប់នៅកម្ពុជាដែលគេបានចុះហត្ថលេខា”។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា “ប្រជាពលរដ្ឋនឹងយល់ថា ហេតុអ្វីបានជាត្រូវកាត់ទោសជនក្បត់ជាតិរូបនេះ? ហើយហេតុអីបានជាយើងប្រើពាក្យក្បត់ជាតិ គឺបញ្ហាកាត់ដីបួនខេត្តមិនមែនលេងសើចបានទេ។គ្រាន់តែយើងសោកស្តាយណាស់ទៅហើយអ្វីដែលបានបាត់បង់ពីអតីតកាលហេតុអ្វីបានមកដល់ពេលនេះចាំបាច់ធ្វើឲ្យមានការបាត់បង់បន្ថែមរហូតដល់បួនខេត្តទៅលើស្នាដៃជនបរទេស?”។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា តើអាចក្លាយជាមេដឹកនាំប្រទេសកម្ពុជាបែបណាទៅ បើខ្លួនមិនទាន់មានអំណាចផង ខ្លួនទៅចុះហត្ថលេខាប្រគល់ទឹកដីទៅឲ្យជនបរទេសរហូតទៅដល់បួនខេត្ត (ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី) ហើយធ្វើការបកស្រាយថា នេះដើម្បីអនុវត្តជនជាតិដើមភាគតិច ដែលគេចង់សំដៅថា គេធ្វើនេះ គឺដើម្បីផ្តល់នៅសិទ្ធិសម្រាប់ជនជាតិដើមភាគតិចដែលនៅខេត្តរតនគីរី មណ្ឌកគីរី ស្ទឹងត្រែង និងខេត្តក្រចេះ។
សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែតុលាម្សិលមិញតុលាការបានប្រកាសសាលក្រមផ្តន្ទាទោសទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ និងជាពូជក្បត់ជាតិបីជំនាន់ ឱ្យជាប់នៅក្នុងពន្ធនាគារអស់មួយជីវិត ពីបទប៉ុនប៉ងប្រគល់រដ្ឋបរទេសនូវដែនដីជាតិមួយផ្នែក ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងទីកន្លែងផ្សេងទៀត កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ បទល្មើសដែលមានចែង និងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៧ និងមាត្រា ៤៤០ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។ ផ្តន្ទាទោសនូវទោសបន្ថែមលើជនជាប់ចោទឈ្មោះ តាមបញ្ញត្តិមាត្រា ៤៥០ និងមាត្រា ៥៥ នៃក្រមព្រហ្មទណ្ឌ ដែលទោសនេះត្រូវអនុវត្តនៅពេលសាលក្រមចូលជាស្ថាពរ ដោយដកសិទ្ធិធ្វើនយោបាយ ជាស្ថាពរ ទាំងសិទ្ធិបោះឆ្នោត ទាំងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើនយោបាយផ្សេងទៀត និងបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ សម រង្ស៊ី តាមបញ្ញត្តិមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
លោកចៅក្រម ស៊ីន សុវណ្ណរ័ត្ន បានបញ្ជាក់ថាចំពោះអង្គហេតុដែលបណ្តាលឱ្យមានការចោទប្រកាន់ជនជាប់ចោទឈ្មោះ សម រង្ស៊ី គឺជនជាប់ចោទបានចុះកិច្ចព្រមព្រៀងជាមួយលោក កុក សរ ជាមេដឹកនាំជនជាតិភាគតិចម៉ុងតាញ៉ា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០១៣ នៅសហរដ្ឋអាមេរិក បានព្រមព្រៀងកាត់ដីខ្មែចំនួនបួនខេត្ត នៅភាគឦសាន្តប្រទេស ឱ្យទៅក្រុមជនជាតិភាគតិចម៉ុងតាញ៉ា ដែលរស់នៅក្នុងប្រទេសវៀតណាម ធ្វើជាកម្មសិទ្ធិស្របច្បាប់ ប្រសិនបើគាត់ (សមរង្ស៊ី) និងគណបក្សសង្គ្រោះជាតិ បានឈ្នះការបោះឆ្នោតឆ្នោត និងបានដឹកនាំប្រទេសជាតិនៅឆ្នាំ ២០១៣។
ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជនជាប់ចោទ សម រង្ស៊ី ក៏បានទទួលស្គាល់ និងសារភាពតាមរយៈការធ្វើបទសម្ភាសន៍របស់គាត់ ជាមួយ វិទ្យុអាស៊ីសេរី វិទ្យុបារាំង និងបណ្តាសារព័ត៌មាន នៅក្នុងស្រុកចំនួនទៀតផងដែរថា ខ្លួនពិតជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ ពិតប្រាកដមែន៕ ដោយ៖ ពលជ័យ