សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា នឹងធ្វើមហាសន្និបាតបន្តអាណត្តថ្មី ដើម្បីកំណត់គោលដៅត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣

ភ្នំពេញ៖សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) នឹងរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី២ និងបន្តអាណត្តិថ្មី ២០២២-២០២៦ វេលាម៉ោង៣រសៀល ថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំទីស្តីការក្រសួងព័ត៌មាន ដើម្បីកំណត់គោលដៅ ក្នុងការត្រៀមខ្លួនឲ្យកាន់តែមុតមាំ នៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាមានប្រសាសន៍ថា អាណត្តិថ្មីនេះ គឺជាអណត្តិដ៏មានសារៈសំខាន់ និងជាអាណត្តិយុទ្ធសាស្ត្រសម្រាប់ប្រភេទកីឡាអេឡិចត្រូនិកកម្ពុជា ក្នុងការត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាកំណត់ត្រាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។
ក្នុងសំណើរគោរពជម្រាបស្នើសុំសាលប្រជុំក្រសួងព័ត៌មាន ដើម្បីរៀបចំមហាសន្និបាតដ៏មានសារៈសំខាន់នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានឯកភាព និងគាំទ្រយ៉ាងពេញទំហឹងចំពោះសំណើរបស់ឯកឧត្តមប្រធានសហព័ន្ធ ក្នុងការរៀបចំមហាសន្និបាត ដើម្បីជំរុញបន្ថែមដល់ការត្រៀមខ្លួន ឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ដែលគ្រោងនឹងប្រារព្ធពិធីបើក-បិទជាផ្លូវការ នាថ្ងៃទី០៥ដល់ថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានកំណត់បង្ហាញពីវិញ្ញាសាសរុបចំនួន៩ សម្រាប់ការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយប្រភេទកីឡាអេឡិចត្រូនិកកម្ពុជាត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានដាក់បញ្ជូលរួចហើយ នៅក្នុងចំណោម៣៨ប្រភេទកីឡានៃគោលដៅស៊ីហ្គេម ២០២៣។ វិញ្ញាសាចំនួន៩នេះ រួមមាន៖ AK2 (PC) ក្រុម-ឯកត្តជន, PUBG Mobile ក្រុម-ឯកត្តជន, Mobile Legends: Bang Bang ក្រុមបុរស-ក្រុមនារី, League of Legends: Wild Rift (Mobile) ក្រុមបុរស-ក្រុមនារី និងវិញ្ញាសាក្រុម Cross Fire (PC)។ បើយោងតាមសន្ទស្សន៍មេដាយមាសរបស់ CAMSOC ក្នុងចំណោមបញ្ជីផ្លូវការ៣៨ប្រភេទកីឡាបានកំណត់ជាទិសដៅឲ្យប្រភេទកីឡាអេឡិចត្រូនិចកម្ពុជាដណ្តើមមេដាយមាសឲ្យបាន១គ្រឿង ក្នុងចំណោមមេដាយមាសសរុប ៨៤គ្រឿងនៃស៊ីហ្គេម ២០២៣៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner