កម្ពុជា និងគុយបា មានទំនាក់ទំនងល្អយូរអង្វែង លើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យកីឡាផងដែរ

ភ្នំពេញ៖ ឯកឧត្តម Raul Fornes Valenciano សមាជិករដ្ឋសភាគុយបា បានបង្ហាញការគាំទ្រ និងរីករាយសហការ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាកម្ពុជា ក្នុងដំណើរឆ្ពោះទៅព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ាប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការលើងឡើងនេះធ្វើក្នុងជំនួបរវាងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាមួយឯកឧត្តម Raul Fornes Valenciano សមាជិករដ្ឋសភាគុយបា និងលោកជំទាវ Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតគុយបា ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែតុលានេះ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ឯកឧត្តម ស សុខា ក៏បានលើកឡើង ពីការចុះអនុស្សារណយោគយល់គ្នា រវាងរាជរដ្ឋាភិបាល និងរដ្ឋាភិបាលទាំង២កន្លងមក លើគ្រប់វិស័យ ក្នុងនោះពង្រឹងលើវិស័យកីឡាដែរ ដោយប្រទេសទាំងពីរ ធ្លាប់មានកិច្ចសហការល្អរួចមកហើយ លើទំនាក់ទំនងវិស័យកីឡានេះ ជាក់ស្ដែងគុយបា បានផ្ដល់មន្ដ្រីបច្ចេកទេស និងគ្រូ មកជួយដល់វិស័យកីឡាកម្ពុជាមួយចំនួនមកហើយ ដូចជាកីឡាប្រដាល់សកល បាល់ទះ និងកីឡាមួយចំនួនទៀត ។

ឯកឧត្តម បានស្នើភាគីគុយបា ផ្ដល់នូវមន្ដ្រីបច្ចេកទេស និងគ្រូកីឡាកម្រិតខ្ពស់ ដើម្បីជួយលើប្រភេទកីឡាមួយចំនួនទៀត ដូចជាកីឡាប្រដាល់សកល យូដូ បាល់ទះ អត្តពលកម្ម និងកីឡាបេស្បល់ជាដើម ដើម្បីពង្រឹងលទ្ធភាពរបស់ក្រុមកីឡាកម្ពុជា ក្នុងដំណើរឆ្ពោះទៅដណ្ដើមមេដាយមាសស៊ីហ្គេម ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នាឆ្នាំ២០២៣ខាងមុខ ដោយសារប្រទេសគុយបា មានប្រភេទកីឡាសក្ដានុពលមួយចំនួន។ បន្ថែមលើនេះ ឯកឧត្តម ក៏បានស្នើឲ្យមានការសម្របសម្រួល ក្នុងការបញ្ជូនមន្ដ្រីបច្ចេកទេស ៣រូប ផ្នែករៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍ ដើម្បីសិក្សារយៈពេលខ្លី ក្នុងការត្រៀមខ្លួនសម្រាប់ការរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខផងដែរ ។

ឯកឧត្តម Raul Fornes Valenciano បានគាំទ្រចំពោះសំណូមពរ និងរីករាយសហការ ដើម្បីជួយអភិវឌ្ឍន៍វិស័យកីឡាកម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ផងដែរ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner