សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកលែងទោសដល់អ្នកដែលដកខ្លួនចេញពីជនក្បត់ជាតិបីជំនាន់

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងទូលថ្វាយទៅព្រះមហាក្សត្រដើម្បីលើកលែងទោសចំពោះអ្នកនយោបាយប្រឆាំងណាដែលផ្តាច់ខ្លួនចេញពីទទណ្ឌិត សម រង្ស៊ី មេឧទ្ទាមក្រៅច្បាប់ និងជាពូជក្បត់ជាតិបីជំនាន់។ ខណៈជនក្បត់ជាតិនេះ សម្តេចនឹងកម្ចាត់ចោលនូវមនោគមន៍វិជ្ជាជ្រុលនិយមនេះឱ្យខាងតែបាន ដោយសារតែជនរត់ចោលស្រុកមួយនេះ ម្តងហើយម្តងទៀតនៅតែចិញ្ចឹមចិត្តផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងមានចេតនាបំផ្លិតបំផ្លាញសុខសន្តិភាព ដែលរកបានដោយកម្រនោះ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសំណាលជាលើកទី៣ ជាមួយប្រជាពលរដ្ឋជាង១.៨០០គ្រួសារទៀតដែលបានស្ម័គ្រចិត្តរើលំនៅឋាននិងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរនិងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មកតាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។

សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា “បើយើងមិនកម្ចាត់អាមួយហ្នឹងទើបវាចម្លែក ខ្ញុំកម្ចាត់តែអាមួយហ្នឹងទេ អត់កម្ចាត់អ្នកណាផ្សេងទេ អ៊ីចឹងអ្នកដទៃបំបែកខ្លួនចេញមក ខ្ញុំអាចនឹងពិនិត្យលើកលែងទោសឱ្យអ្នកឯង តែឲ្យបែកចេញពីងាមួយនោះ ព្រោះខ្ញុំមានអំណាចដើម្បីនឹងចុះហត្ថលេខាស្នើសុំព្រះមហាក្សត្រលើកលែងទោស ក៏ប៉ុន្តែក្នុងលក្ខខណ្ឌសែលអ្នកឯងបំបែកចេញពីអាមួយហ្នឹង ខ្ញុំប្រកាសគោលនយោបាយរបស់ខ្ញុំ”។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា “គណបក្សនយោបាយណាក៏ដោយដែលចូលពាក់ព័ន្ធជាមួយអាមួយហ្នឹង គឺយើងប្តូរផ្តាច់ប្តឹងទៅតុលាការដើម្បីរំលាយចោល ព្រោះអានឹងគេហាមឃាត់។ អ្នកដែលចូលពាក់ព័ន្ធជាមួយអាហ្នឹងប្រកាសផ្តាច់ខ្លួនចេញពីអាហ្នឹង ប៉ុន្តែអត់មានប្រកាសលំៗហើយមកបោកទេ ហើយទុកឱ្យវាដេកនៅស្រុកបារាំងហ្នឹងទៅ ហើយបើអ្នកឯងមិនប្រកាសផ្តាច់ទេ អ្នកឯងនៅក្រៅនឹងទៅ នៅជាមួយគ្នាហ្នឹងទៅ។ យើងចាំបាច់ទៅឈឺក្បាលវិលមុខអីឱ្យអ្ហែងនៅហ្នឹងទៅ។ អ្នកណាធ្វើប្រធានក្រុមនៅសៀមរាបយើងក៏ដឹងដែរ សូមគណបក្សមួយនឹងប្រយ័ត្នខ្លួនមែនទែន”។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សេចក្តីសុខប្រជាពលរដ្ឋគឺសំខាន់ណាស់ សម្តេចបានរួមចំណែកនឹងថ្នាក់ដឹកនាំដទៃទៀត និងប្រជាជនកម្ពុជាទាំងមូលដើម្បីសេចក្តីសុខប្រជាពលរដ្ឋ។ នាពេលនេះ ប្រទេសកម្ពុជាកំពុងមានសុខសន្តិភាព ហើយសេក្តីសុខរបស់ប្រជាពលរដ្ឋនេះគឺសំខាន់ខ្លាំងណាស់ ដូច្នេះមនុស្សម្នាក់ចង់មកបំផ្លាញ គឺមិនអាចទៅរួចនោះឡើយ ដូច្នេះត្រូវតែកម្ចាត់ចោលភ្លាមៗតែម្តង៕
ដោយ៖ពលជ័យ

ads banner