សហព័ន្ធកីឡាវាយកូនគោល ៖ វគ្គបណ្តុះបណ្តាលចុងក្រោយ ដើម្បីសម្រួចសិទ្ធផលត្រៀមកីឡាជាតិ លើកទី៣ និងស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញៈសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលបំប៉នបន្ថែម គឺវគ្គសិក្សាសិស្សអាជ្ញាកណ្តាល « Referee Apprenticeship » ជូនដល់សិក្ខាកាមដែលទើបតែប្រឡងជាប់ វគ្គបណ្តុះបណ្តាលកម្រិត២ នៃច្បាប់កីឡាវាយកូនគោលកាលពីថ្មីនេះ ដើម្បីក្លាយជាអាជ្ញាកណ្តាលពេញសិទ្ធរបស់សហព័ន្ធ។ វគ្គបណ្តុះបណ្តាលខាងលើ ធ្វើនៅទីស្នាក់ការគណកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ដោយមានគ្រូឧទ្ទេសគឺលោក LP Ling ជាសមាជិកសហព័ន្ធកីឡាវាយកូនគោលសិង្ហបូរី និងមានសិក្ខាកាមសរុប១៨នាក់ចូលរួម។

លោក ឆោម សំបូរ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនគោល ទទួលបន្ទុកផ្នែកបច្ចេកទេស បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ គឺមានសារៈសំខាន់បំផុតដោយផ្តោតលើទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែងលើទីលាន យកមកពិភាក្សាគ្នាលើចំនុចខ្វះខាត ស្វែងរកចំនុចខ្លាំងរួមគ្នា ដើម្បីសម្រួចសិទ្ធផលអោយសិក្ខាកាមយល់កាន់ច្បាស់ និងមានសមត្ថភាពគ្រប់គ្រាន់ចូលរួមកាត់សេចក្តីការប្រកួតកម្រិតជាតិ និងអន្តរជាតិបាននាពេលខាងមុខ។ លោក អគ្គលេខាធិការង បន្តថា គោលបំណងធំ នៃវគ្គនេះ គឺដើម្បីជ្រើសរើសអាជ្ញាកណ្តាលដែលសមត្ថភាព ត្រៀមចូលរួមកាត់សេចក្តី ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។ មន្រ្តីទទួលផ្នែកបច្ចេកទេសរូបនេះ បន្ថែមថា សហព័ន្ធបានធ្វើវគ្គបណ្តុះបណ្តាលជាច្រើនលើកហើយ ជាលក្ខណផ្ទៃក្នុង ប៉ុន្តែលើកនេះ គឺជាវគ្គចុងក្រោយ ដែលសិក្ខាកាមសិតសឹងជាអ្នកមានបទពិសោធន៍ ធ្លាប់ឆ្លងកាត់ធ្វើជាអាជ្ញាកណ្តាលក្នុងស្រុកច្រើនដង ដូចជា ការប្រកួតថ្នាក់ជាតិ ការប្រកួតយុវជនថ្នាល និងពានរង្វាន់ថ្នាក់ដឹកនាំផ្សេងៗជាច្រើនឆ្នាំមកហើយ និងធ្លាប់បានឆ្លងវគ្គបណ្តុះបណ្តាលកម្រិតជាតិ និងអន្តរជាតិដែរ ទើបអោយមកចូលសិក្សាវគ្គ ពីគ្រូជំនាញធ្លាប់ជាអាជ្ញាកណ្តាលចូលរួម កាត់សេចក្តីការប្រកួតពាក់កណ្តាលអាជីព និងអាជីព ដើម្បីដុសខាត់សមត្ថភាព និងបង្កើនបច្ចេកទេសអោយកាន់តែមានសក្តានុពល ត្រៀមចូលរួមកាត់សេចក្តី ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម ជាប្រវត្តិសាស្រ្តដំបូងរបស់កម្ពុជា ក្រោយខកខាន៦៤ឆ្នាំប្រកបដោយជោគជ័យជូនជាតិ។

គួររម្លឹកថា តាមផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធ គឺត្រូវការគណៈកម្មការបច្ចេកទេសជំនាញចំនួន៦៨នាក់ អាជ្ញាកណ្តាលថ្នាក់ជាតិ១២នាក់ អាជ្ញាកណ្តាលអន្តរជាតិ៧នាក់ ដែលមានជំនាញច្បាស់លាស់ ចេះភាសា ចេះព័ត៌មានវិទ្យា និងយល់ច្បាស់ពីច្បាប់កីឡាកូនហ្គូលអន្តរជាតិ ទៅសិក្សាស្វែងយល់បន្ថែមនៅក្រៅប្រទេស និងចូលរួមកាត់សេចក្តីការប្រកួតកម្រិតអន្តរជាតិអោយបានច្រើនដង ដើម្បី ពង្រឹងសមត្ថភាព និងបច្ចេកទេសអោយបានល្អ មុនស៊ីហ្គេម នៅកម្ពុជា។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលសិស្សអាជ្ញាកណ្តាល Referee Apprenticeship ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ទី២២ រីឯថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ សិក្ខាកាមដែលបញ្ចប់វគ្គទាំង១៨នាក់ នឹងចូលរួមកាត់សេចក្តីការប្រកួតជ្រើសរើសជើងឯកពានរង្វាន់យុវជន លើកទី៥ នៅទីលានស៊ីធីហ្គូល៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner