ក្រុមហ៊ុនបីបណ្តាក់ទុនជាង១៤លាន និងបង្កើតការងារជាង២ពាន់កន្លែង (Video Inside)
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគបង្កើត រោងចក្រចំនួន៣បន្ថែមទៀតដែលមានទំហំទុនវិនិយោគសរុបជាង ១៤ លានដុល្លារ ដែល នឹងបង្កើតការងារបានចំនួនជាង២ពាន់កន្លែង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី២១ ខែតុលាឆ្នាំ២០២២នេះបានអោយដឹងថាគម្រោងបង្កើត រោងចក្រទាំង៣រួមមានក្រុមហ៊ុនឆេងហ្សិនយ៉ុង INDUSTRY CO., LTD ដែលផលិតគ្រឿង បន្សំស្បែកជើង ដែលស្ថិតនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្រុមហ៊ុន នេះបានបណ្តាក់ទុនចំនួន ៥លាន២សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧២៣កន្លែង។
គម្រោងរោងចក្រទី២ជាគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុនស៊ិន ហ្សិនហួ GARMENT CO., LTD ដែលស្ថិតនៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល។ ក្រុមហ៊ុននេះ បានបណ្តាកទុន៥លានដុល្លារអាមេរិក និងអាច បង្កើតការងារបានចំនួន ១ពាន់០៤១កន្លែង។ ចំណែកគម្រោងទី៣គឺក្រុមហ៊ុន SUCCESS METAL TECHNOLOGY CO., LTD. ដែលជាគម្រោងរោងចក្រស្ល និងកែច្នៃលោហៈធាតុ។
រោងចក្រនេះមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ស៊ីណូ មេធលលីក មេធៀរៀល, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគប្រមាណ ៣លាន៩សែន ដុល្លារ អាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៧៥០កន្លែង៕