អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ខួបលើកទី៣១ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស គឺឥតមានសេសសល់ចំណុចអ្វីដែលត្រូវយកមកអនុវត្តន៍ទៀតទេ

ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាព និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ស្អែកនេះ គឺជាខួបលើកទី៣១ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ តុលា ១៩៩១។ រយៈពេល៣១ឆ្នាំ គឺឥតមានសេសសល់ចំណុចអ្វីដែលត្រូវយកមកអនុវត្តន៍ទៀតទេ! ហើយភាគីអ្នកដែលត្រូវមានករណីយកិច្ចត្រូវគោរពនោះ ក៏ចប់បេសកកម្មរបស់ខ្លួនរួចអស់ហើយដែរ។ តែវានៅសល់តែ «ស្មារតី» នៃកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលបានដាក់បញ្ចូលក្នុងច្បាប់រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់កម្ពុជានោះហើយ ដែលប្រជាពលរដ្ឋខ្មែរ អ្នកនយោបាយខ្មែរគ្រប់ជំនាន់ សមាជិកសភា រាជរដ្ឋាភិបាល និងបណ្តាប្រទេសជា ហត្ថលេខីទាំង ត្រូវតែរួមគ្នាគោរពជារៀងរហូត… ហើយអ្នកនយោបាយ ធ្វើនយោបាយត្រូវតែលះបង់ប្រយោជន៍ខ្លួនឯង យកទៅបម្រើនិងការពារប្រយោជន៍ជាតិ។

លោក សួន សេរីរដ្ឋា បានបន្តថា ទាក់ទងវិសាលភាពនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ តុលា ១៩៩១ ចែកជាពីរដំណាក់កាលដាច់ពីគ្នាគឺ៖ ១- ដំណាក់កាលពីថ្ងៃចុះហត្ថលេខានៅថ្ងៃទី២៣ តុលា ១៩៩១ រហូតដល់បញ្ចប់ការបោះឆ្នោត ប្រកាសលទ្ធផលនៅឆ្នាំ១៩៩៣ បង្កើតសភាធម្មនុញ្ញ ហៅថា «ដំណាក់កាលអនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» និង២-ដំណាក់កាលពីក្រោយសភាធម្មនុញ្ញ ក្លាយមកជាសភាជាតិ បង្កើតរាជរដ្ឋាភិបាលតាំងពីអាណត្តិទី១ រហូតមកដល់បច្ចុប្បន្ន ហៅថា «ដំណាក់កាលគោរពស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»។

អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះបានបន្តថា ការអនុវត្តន៍កិច្ចព្រមព្រៀង៖ វាជាដំណាក់កាលអន្តរកាល ដែលដឹកនាំការអនុវត្តន៍ដោយអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ (United Nation Transitional Authority in Cambodia) អ៊ុនតាក់ (UNTAC) ជាមួយនឹងក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា (Supreme National Council of Cambodia) ហៅថា SNC ដើម្បីអនុវត្តន៍៖ ១-ពិនិត្យការដកកងទ័ពវៀតណាមចេញពីកម្ពុជា ២-ដោះលែងអ្នកទោសនយោបាយ ៣-ពិនិត្យកាត់រំសាយកម្លាំងប្រដាប់អាវុធភាគីខ្មែរទាំង៤ក្រុម ៤-ធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនខ្មែរពីជំរំជាយដែន ៥-រៀបចំការបោះឆ្នោតសាកលដើម្បីបង្កើតរដ្ឋធម្មនុញ សភា និងរដ្ឋាភិបាល។ ដំណាក់កាលនៃការអនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ជាដំណាក់កាលអន្តរកាលមួយ ដែលតម្រូវឱ្យបង្កើតច្បាប់អន្តរកាលមួយចំនួនទុកអនុវត្តន៍លើអ្នកប្រព្រឹត្តខុសច្បាប់ផងដែរ ឧទាហរណ៍ដូចជា «ច្បាប់ព្រហ្មទណ្ឌអន្តរកាលរបស់អ៊ុនតាក់» ជាដើម។ នេះហៅថាជាដំណាក់កាល «អនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស» គឺគ្រប់ភាគីភាគីហត្ថលេខី មានករណីយកិច្ចរួមគ្នាអនុវត្តន៍តាមខ្លឹមនៃកិច្ចព្រមព្រៀងទាំង៣ និងសេចក្តីថ្លែងការណ៍រួម១ របស់ទីក្រុងប៉ារីសកាលពីថ្ងៃទី២៣ តុលា ១៩៩១។ តែភាគីអតីតក្រុមខ្មែរក្រហម «កម្ពុជាប្រជាធិបតេយ្យ» មិនបានចូលរួមអនុវត្តន៍ទេ។

ប្រភពដដែលបានបន្តថា ការគោរពស្មារតីកិច្ចព្រមព្រៀង៖ វាដំណាក់បន្ទាប់ពីក្រោយដែលកម្ពុជា មានច្បាប់រដ្ឋធម្មនុញ្ញ មានសភាជាតិ បង្កើតរាជរដ្ឋាភិបាលអាណត្តិទី១ ពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ននេះ។ តាំងពីក្រោយបោះឆ្នោត ឆ្នាំ១៩៩៣ មានរដ្ឋធម្មនុញ្ញ មានសភា បង្កើតរាជរដ្ឋាភិបាលអាណត្តិទី១ មកនោះ គឺអត់មានសល់កិច្ចព្រមព្រៀងអីដែលត្រូវយកមកអនុវត្តន៍ទៀតទេ ! គឺមាននៅសល់តែ «ស្មារតីនៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស» តែប៉ុណ្ណោះ ដែលត្រូវបន្តគោរពជារៀងរហូតដោយមិនអានលុបបំបាត់ឬបំពានបាន នោះគឺ ៖
១-គោរពច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលកើតចេញពីការដាក់បញ្ចូលទាំងស្រុងនៃស្មារតីកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ២៣ តុលា ១៩៩១។
២-ការរៀបចំឲ្យមានការបោះឆ្នោតរៀងរាល់៥ឆ្នាំម្តងតាមគន្លងប្រជាធិបតេយ្យសេរីពហុបក្ស ។
៣-បើកឱ្យមានលំហនៃសេរីភាពនយោបាយ តាមរយៈការផ្តលសិទ្ធិឱ្យពលរដ្ឋមានសិទ្ធិបង្កើតគណបក្សនយោបាយចូលរួមការបោះឆ្នោត។
៤-បើកចំហឱ្យមានសេរីភាពបញ្ចេញមតិ មានអង្គភាពសារព័ត៌មាន អង្គការសង្គមស៊ីវិល សហជីព និងសមាគម។
៥-ពង្រឹងនីតិរដ្ឋ (ការអនុវត្តច្បាប់) និងលុបបំបាត់វប្បធម៌និទណ្ឌភាព (វប្បធម៌រួចទោស) និងបើកទ្វារចំហរទទួលជំនួយពីប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស នេះមកធ្វើការអភិវឌ្ឍប្រទេស ដោយរួមទាំងជំនួយឥតចំណង ជំនួយវិនិយោគ និងជំនួយបច្ចេកទេស។

នេះហៅថា ជាដំណាក់កាល «គោរពស្មារតីនៃកិច្ចព្រមព្រៀង សន្តិភាព ក្រុងប៉ារីស» ដែលជាការដែលត្រូវតែគោរពជារៀងរហូតរហូតមិនអាចបញ្ឈប់បាននិងមិនអាចកែប្រែ។ ដូចនេះសរុបជារួមមក កិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ២៣ តុលា ១៩៩១ នេះឥតមានសេសសល់ចំណុចអីដែលត្រូវយកមកអនុវត្តន៍ទៀតទេ! ហើយភាគីអ្នកដែលត្រូវមានករណីយកិច្ចត្រូវគោរពនោះក៏ចប់បេសកកម្មរបស់ខ្លួនរួចអស់ហើយដែរ។ តែវានៅសល់តែ «ស្មារតី» នៃកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលបានដាក់បញ្ចូលក្នុងច្បាប់រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់កម្ពុជានោះហើយ ដែលប្រជាពលរដ្ឋខ្មែរ អ្នកនយោបាយខ្មែរគ្រប់ជំនាន់ សមាជិកសភា រាជរដ្ឋាភិបាល និងបណ្តាប្រទេសជា ហត្ថលេខីទាំង ត្រូវតែរួមគ្នាគោរពជារៀងរហូត…៕
ដោយ៖ពលជ័យ

ads banner