ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងពីសារៈសំខាន់នៃការវិនិយោគក្នុងស្រុក

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជក់ថា ក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកខ្លាំងលើការវិនិយោគផ្ទាល់ពីបរទេស និងការនាំចេញ ប៉ុន្តែវិបត្តិនៃជំងឺកូវីដ-១៩ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ក្នុងការពង្រឹង និងពង្រីកសេដ្ឋកិច្ចក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែក និងការងាយទទួលរងនូវឥទ្ធិពលពីខាងក្រៅប្រទេស។ ក្នុងស្មារតីនេះ ក្នុងដំណើរឆ្ពោះទៅរកការងើបឡើងវិញប្រកបដោយភាពរឹងមាំ និងការវិលត្រលប់ទៅរកមាគ៌ាកំណើនប្រកបដោយចីរភាព រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការលើកស្ទួយវិស័យឯកជនក្នុងស្រុក ជាពិសេសការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាអាទិភាពនៃគោលនយោបាយសេដ្ឋកិច្ច។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់ ដូចជាការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធ ការសម្រួលដល់ការចុះបញ្ជីអាជីវកម្ម និងការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីផ្តល់ហិរញ្ញប្បទាន ជាមួយនឹងអត្រាការប្រាក់ប្រកបដោយភាពប្រកួតប្រជែង។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងដំណាក់កាលនៃការរាតត្បាតខ្លាំងនៃជំងឺកូវីដ-១៩ ទាំងនៅកម្ពុជា និងក្នុងពិភពលោកទាំងមូល ដែលបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពសង្គម-សេដ្ឋកិច្ច ក៏ក្រុមហ៊ុននៅតែខិតខំពុះពារជម្នះការលំបាក រហូតសម្រេចបាននូវការវេចខ្ចប់លើកដំបូង និងការចែកចាយនៅលើទីផ្សារក្នុងខែកញ្ញា ឆ្នាំ២០២១ ដោយប្រើប្រាស់រយៈពេលត្រឹម០២ឆ្នាំប៉ុណ្ណោះ។ នេះគឺជាសក្ខីភាពមួយបង្ហាញឱ្យឃើញអំពីការប្តេជ្ញាចិត្តខ្ពស់ និងទស្សនវិស័យច្បាស់លាស់របស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីរក្សាភាពធន់ជាមួយនឹងវិបត្តិកូវីដ-១៩ ព្រមទាំងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញនៅក្រោយវិបត្តិ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ព្រឹត្តិការណ៍នេះ ក៏ជាមោទនភាពដោយបានឃើញក្រុមហ៊ុនក្នុងស្រុកថ្មីមួយទៀត តួយ៉ាងដូចជាក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស នេះផ្ទាល់ ដែលបានប្រើប្រាស់ទុនវិនិយោគទាំងស្រុង១០០% ជាទុនក្នុងស្រុក ដើម្បីបើកដំណើរការរោងចក្រដ៏ធំសម្បើម និងទំនើបមួយនេះ ដែលមានស្តង់ដារនៃការផលិតខ្ពស់ និងធានាបាននូវគុណភាពកាន់តែល្អប្រសើរសម្រាប់អតិថិជនទាំងក្នុងស្រុក និងទីផ្សារក្រៅប្រទេស។ តាមរយៈនេះ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញពិពិធកម្ម និងពង្រឹងផលិតកម្មក្នុងស្រុក ដែលអាចបង្កើតការងារបានរហូតដល់ទៅ ៥០០កន្លែងនៅក្នុងរោងចក្រផ្ទាល់ ក៏ដូចជាការចូលរួមចំណែកបង្កើនចំណូលពន្ធរបស់រដ្ឋ និងលើកស្ទួយវិស័យ កសិកម្ម, កសិ-ឧស្សាហកម្ម និងវិស័យពាក់ព័ន្ធផ្សេងទៀតនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មួយវិញទៀត ការបើកដំណើរការរោងចក្រនាពេលនេះ ក៏បានបង្ហាញឱ្យឃើញអំពីសក្តានុពលនៃវិស័យវិនិយោគនៅកម្ពុជា ជាពិសេសការគាំទ្រដល់ការបោះជំហានទៅមុខនៃចក្ខុវិស័យក្នុងការជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពី “ឧស្សាហកម្មអតិពលកម្ម” ឈានទៅជា “ឧស្សាហកម្មផ្អែកលើជំនាញ និងបច្ចេកវិទ្យា” ដូចមានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ របស់រាជរដ្ឋាភិបាល។ ក្នុងបរិការណ៍នេះ ការអភិវឌ្ឍប្រទេសមួយប្រកបដោយភាពរឹងមាំ ត្រូវការជាចាំបាច់នូវការចូលរួមយ៉ាងសកម្ម និងរស់រវើកពីវិស័យឯកជន ជាមួយនឹងការគាំទ្រ និងការលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច-វិនិយោគ ដើម្បីធ្វើឱ្យវិស័យឯកជនអាចអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស និងដើរតួនាទីជាឆ្អឹងខ្នងនៃខឿនសេដ្ឋកិច្ចជាតិ ហើយអាចចូលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការបង្កើតការងារ និងការពង្រឹងភាពប្រកួតប្រជែង និងដោយប្រយោលតាមរយៈការបង្កើនចំណូលពន្ធ និងការបង្កើនការវិនិយោគ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner