លោក ញឹក ប៊ុនឆៃ៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា ២៣ តុលា ១៩៩១ មានគោលដៅបង្រួបបង្រួមផ្សះផ្សាជាតិ លើកកម្ពស់លិទ្ធិប្រជាធិបតេយ្យ
ភ្នំពេញ៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា ២៣ តុលា ១៩៩១ មានគោលដៅបង្រួបបង្រួមផ្សះផ្សាជាតិ លើកកម្ពស់លិទ្ធិប្រជាធិបតេយ្យសេរី សិទ្ធិសេរីភាព ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្តារកសាងអភិវឌ្ឍកម្ពុជាឡើងវិញ ដែលជាក្តាមានសារសំខាន់ និងជាផលប្រយោជន៍ចម្បងសម្រាប់កម្ពុជា និងប្រជាជាតិខ្មែរ។
ការបញ្ជាក់នេះ ធ្វើឡើងក្នុងប្រារព្ធពិធីអបអរសាទរខួបលើកទី៣១ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ស្តីពីកម្ពុជា ២៣-តុលា-១៩៩១-២៣-១០-២០២២ នៅទីស្នាក់ការកណ្តាល គណបក្សខ្មែររួបរួមជាតិ ស្ថិតភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។

លោកបន្តថា គណបក្សខ្មែរួបរួមជាតិ និងគណបក្សកម្ពុជានិយម សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា និងរំឭកអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ស្តីពីកម្ពុជា ២៣តុលា ៩១។ សន្ធិសញ្ញាសន្តិភាពនេះ គឺក្នុង ក្របខណ្ឌនៃដំណោះស្រាយជាប្រវត្តិសាស្ត្រមួយ ក្នុងការបញ្ចប់សង្គ្រាម ហើយបើកឱ្យមានការពាក់ព័ន្ធផ្ទាល់ពីអង្គការសហប្រជាជាតិ ដូចជាការបង្កើតអាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិ ដែលគេស្គាល់ថា អ៊ុនតាក់។ យើងអាចកត់សម្គាល់បានថា មានការតម្រូវឱ្យដកកងទ័ពបរទេសចេញពីកម្ពុជា មានការរៀបចំមាតុភូមិនិវត្តដោយសុវត្ថិភាពរបស់ជនភៀសខ្លួនខ្មែរ មានការរៀបចំការបោះឆ្នោតសកលសេរី និងយុត្តិធម៌នៅ ឆ្នាំ១៩៩៣ មានការស្តារ និងធ្វើនីតិសម្បទាហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំអភិវឌ្ឍ ក្រោមជំនួយឧបត្ថម្ភពីសហគមន៍អន្តរជាតិ។ល។ ជាពិសេសធានានូវការផ្សះផ្សាជាតិ ឯកភាពជាតិ ឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពទឹកដី ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ កិច្ចព្រមព្រៀងសន្តិភាពជា ប្រវត្តិសាស្ត្រនេះ ខ្មែរគ្រប់ភាគីបានព្រមព្រៀងគ្នា ដោយមានការឧបត្ថម្ភគាំទ្រពីសហគមន៍អន្តរជាតិ និងអង្គ ការសហប្រជាជាតិផង បានឈានចូលគម្រប់ខួបឆ្នាំទី៣១ហើយ។
លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថា ផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាព ២៣តុលា ៩១នេះ កម្ពុជាឈានចូលយុគសម័យថ្មី នៃទំព័រប្រវត្តិសាស្ត្រ ដែលខ្មែរពីគ្រប់មជ្ឈដ្ឋាន និងនិន្នាការនយោបាយ ត្រូវងាកមករកវប្បធម៌ផ្សះផ្សាជានាគ្នា ក្នុងការដោះស្រាយ បញ្ហាសង្គមជាតិឱ្យចុះសម្រុង សុខដុមរមនានឹងគ្នា។ រំឭកពីអតីតកាល មុនពេលមានកិច្ចព្រមព្រៀងសន្តិភាពនេះ ជម្លោះប្រដាប់អាវុធ និងសង្គ្រាមរ៉ាំរ៉ៃអូសបន្លាយបានបំផ្លិចបំផ្លាញ និងបង្កវិនាសកម្មលើរូបវន្តបុគ្គល អាយុ ជីវិតមនុស្ស រហូតដល់ហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងជារៀងរាល់ថ្ងៃ។ ផលវិបាកបង្កពីជម្លោះទាល់ច្រកនេះ គ្មានអ្វីក្រៅពីវិនាសកម្ម និងមហន្តរាយចំពោះជាតិមាតុភូមិកម្ពុជានោះឡើយ ហើយអធិបតេយ្យ បូរណភាព និង ឯករាជ្យជាតិ ត្រូវបានជ្រៀតជ្រែក និងលូកដៃពីសំណាក់បរទេស តាមរយៈភាគីខ្មែរដែលបែកខ្ញែកគ្នានោះ។

លោកបន្តទៀតថា ការប្រារព្ធនូវពិធីរំឭកខួបអនុស្សាវរីយ៍ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ស្តីពីកម្ពុជា ២៣តុលា ៩១ ដែលគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម ធ្វើឡើងនេះ គឺម្យ៉ាងឧទ្ទិស និងដឹងគុណថ្លៃថ្លាចំពោះស្ថាបនិក និងសហគមន៍អន្តរជាតិដែលបានផ្តួចផ្តើមធ្វើឱ្យសម្រេចនូវសមិទ្ធផលសម្រាប់កម្ពុជា ហើយម្យ៉ាងទៀតសំដៅដាស់សតិអារម្មណ៍ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេស ក៏ដូចជានៅបរទេសជាពិសេសយុវជនខ្មែរ ដែលមិនធ្លាប់បានឆ្លងកាត់សម័យសង្គ្រាមនាទសវត្សរ៍ឆ្នាំ៧០-៨០ ឱ្យចងចាំជានិច្ច នូវគុណបំណាច់មិនអាចកាត់ថ្លៃបានរបស់អ្នកតស៊ូ ដែលលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ។ លោកញឹក ប៊ុនឆៃ បានបញ្ជាក់ទៀតថា “ខ្ញុំបាទដែលមានប្រភពដើមចេញពីភាគីហត្ថលេខីមួយ នៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស៍ ស្តីពីកម្ពុជា ២៣តុលា ៩១ បានលះបង់ប្តូរផ្តាច់ និងធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងចលនា តស៊ូប្រដាប់អាវុធ កសាងឧត្តមភាពសម្រាប់មេដឹកនាំខ្លួន និងគាំទ្ររួមចំណែកដល់ការចរចារកដំណោះស្រាយដោយសន្តិវិធី រហូតដល់សម្រេចបានចេញជារូបរាង នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស៍ សាធារណរដ្ឋបារាំង។”
ឆ្លៀតក្នុងឱកាសនេះ ថ្នាក់ដឹកនាំ គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម សូម គោរព និងសម្ដែងការដឹងគុណ និងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកស្នេហាជាតិក្នុងចលនាតស៊ូ ដែលបានលះបង់យ៉ាងប្តូរផ្តាច់សាច់ឈាម និងអាយុជីវិត ដើម្បីបុព្វហេតុជាតិ និងឧត្តមប្រយោជន៍ប្រជាជាតិខ្មែរ សូមបានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូមស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ២៣តុលា ៩១ ស្ថិតនៅជាអមតៈក្នុងដួងចិត្តនៃប្រជាពលរដ្ឋខ្មែរតទៅ!៕
ដោយ៖ពលជ័យ