អ្នកនយោបាយទាំង ៧រូប ដែលមានអំណាចបំផុតនៅប្រទេសចិន 🇨🇳
១. លោក ស៊ី ជិនភីង (Xi Jingping)
លោក ស៊ី ជិនភីងជាសមាជិកលំដាប់ទី១ និងទើបជាប់ជាអគ្គលេខាធិការបក្សអាណត្តិទី៣ ដែលធ្វើឱ្យលោកជាមេដឹកនាំចិនដ៏មានអំណាចបំផុត។ ក្រៅតំណែងលេខាបក្ស លោក ស៊ី ក៏បន្តធ្វើជាប្រធានគណៈកម្មការយោធាមជ្ឈិម ហើយនឹងបន្តអង្គុយកៅអីប្រធានាធិបតីនៅក្នុងកិច្ចប្រជុំសភាខែមីនា ឆ្នាំ២០២៣ដែរ។
២. លោក លី ឈាំង (Li Qiang)
លី ឈាំង ឈរលំដាប់ទី២ គឺលោក លី ឈាំង ដែលជាលេខាបក្សក្រុងសៀងហៃ។ លោក លី ធ្លាប់ធ្វើការជាមួយលោក ស៊ី ពេលលោកកាន់តំណែងលេខាបក្សខេត្តជឺជាំង។ តាមពិតទៅ លោក លី ត្រូវរំពឹងថា មិនអាចឡើងតំណែងឡើយ ដោយសារកំហុសរបស់លោកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំរបស់ប្រទេស។ ជាមួយបទពិសោធផ្នែកសេដ្ឋកិច្ច លោក លី វ័យ៦៣ឆ្នាំ នឹងកាន់តំណែងនាយករដ្ឋមន្រ្តីបន្តពីលោក លី ខឹឈាំង។
៣. លោក ចាវ ឡឹជី (Zhao Leji)
លោក ចាវ ឡឹជី រក្សាកៅអីក្នុងគណៈអចិន្រ្តៃយ៍ការិយាល័យនយោបាយដដែល ប៉ុន្តែលោកឡើងពីរលេខរៀងទី៧ មកលំដាប់ទី៣ វិញ។ បច្ចប្បន្ន លោក ជាប្រធានគណៈកម្មការមជ្ឈិមត្រួតពិនិត្យវិន័យ ដែលដឹកនាំយុទ្ធនាការបោសសម្អាតអំពើពុករលួយ។ លោកទំនងជានឹងកាន់តំណែងប្រធានសភាប្រជាជនវិញ។
៤. លោក វ៉ាង ហ៊ូនីង (Wang Huning)
មិនខុសពីលោក ស៊ី និងលោក ចាវ ឡើយ លោក វ៉ាង ហ៊ូនីង បន្តអង្គុយកៅអីក្នុងគណៈអចិន្រ្តៃយដ៍ដែរ។ លោកនៅតែស្ថិតក្នុងលំដាប់លេខទី៤ ដដែល។ ជាអ្នករៀបចំគោលនយោបាយសំខាន់របស់មេដឹកនាំកំពូល លោក វ៉ាង ទំនងជានឹងកាន់តំណែងប្រធានសភាពិគ្រោះយោបល់ក្នុងជួរស្ថាប័នរដ្ឋ។
៥. លោក ឆៃ ឈី (Cai Qi)
ជាសមាជិកថ្មីថ្មោងក្នុងគណៈអចិន្ត្រៃយ៍ការិយាល័យនយោបាយ និងឈរលំដាប់ទី៥ លោក ឆៃ ឈី ក៏ធ្លាប់ធ្វើការក្រោមលោក ស៊ី ដែរ។ សព្វថ្ងៃ លោកវ័យ៦៦ឆ្នាំ ជាលេខាបក្សរដ្ឋធានីប៉េកាំង។
៦. លោក ទីង សៀស៊ាំង (Ding Xuexiang)
លោក ទីង សៀស៊ាំង ក៏ទើបជាសមាជិកគណៈអចិន្រ្តៃយ៍នៅអាណត្តិនេះដែរ ហើយឈរលំដាប់ទី៦។ លោក ទីង ជាមនុស្សជំនិតបំផុតរបស់លោក ស៊ី ដោយកាន់ការងាររបស់លោក ស៊ី និងកិច្ចការសន្តិសុខថ្នាក់ដឹកនាំកំពូលផងដែរ។ ទោះកាន់តំណែងខ្ពស់ក្នុងជួរបក្ស លោកមិនមានបទពិសោធក្នុងការដឹកនាំរដ្ឋឡើយ។ វ័យ៦០ឆ្នាំ លោក ទីង អាចធ្វើជាឧបនាយករដ្ឋមន្រ្តី។
៧. លោក លី ស៊ី (Li Xi)
លោក លី ស៊ី ឈរលេខរៀងចុងក្រោយក្នុងស្ថាប័នកំពូលរបស់បក្សកុម្មុយនីស្តចិន។ មានវ័យ៦៦ឆ្នាំ លោក ក៏ជាមនុស្សជិតសិ្នទ្ធរបស់លោក ស៊ី ដែរ។ បទពិសោធក្នុងការដឹកនាំខេត្តគ័ងតុងដែលជាខេត្តសក្ដានុពល លោក លី នឹងដឹកនាំគណៈកម្មការមជ្ឈិមត្រួតពិនិត្យវិន័យជំនួសលោក ចាវ៕



