ប្រទេសអ៊ុយក្រែន អាចនឹងចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពជាមួយអាស៊ាន ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន

អត្ថបទដោយ៖
CPA

អ៊ុយក្រែន៖ប្រទេសអ៊ុយក្រែន អាចនឹងចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍កម្ពុជា (TAC) ជាមួយអាស៊ាន ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ នៅខែវិច្ឆិកាខាងមុខនេះ។

អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ជុំ សុន្ទរី បានថ្លែងថា ដោយសារអាស៊ានកំពុងតែស្ថិតនៅក្នុងដំណើរការផ្ទៃក្នុង ដើម្បីអនុញ្ញាតឱ្យអ៊ុយក្រែនអាចចុះហត្ថលេខាលើលិខិតតូបករណ៍នៃការចូលជាសមាជិក សន្ធិសញ្ញាមិត្តភាព នឹងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ហើយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន គឺលោក ឌីមីត្រូ គូលេបា (Dmytro Kuleba) ក៏អាចចូលរួមកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខដែរ។

លោក ជុំ សុន្ទរី មានប្រសាសន៍ថា៖ «ប្រសិនបើអ្វីៗត្រូវបានរៀបចំទាន់ពេលវេលា នឹងមានពិធីចុះហត្ថលេខាក្នុងកំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនាពេលខាងមុខ ហើយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនក៏នឹងចូលរួម។

លោកបន្តថា ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជានឹងផ្ដល់កន្លែងសម្រាប់កិច្ចប្រជុំទ្វេភាគីណាមួយ ដែលនឹងត្រូវធ្វើឡើង នៅក្រៅកិច្ចប្រជុំកំពូល ប៉ុន្តែប្រទេសកម្ពុជានឹងមិនចូលរួមពាក់ព័ន្ធបញ្ចុះបញ្ចូលឲ្យមានការរៀបចំណាមួយរវាងរុស្ស៊ី និងអ៊ុយក្រែនឡើយ»។

ក្រៅពីនេះទៀត ឯកឧត្តម សុន្ទរី បន្ថែមថា ដោយសារអ៊ុយក្រែន កំពុងមានសង្រ្គាមជាមួយរុស្ស៊ី ដូច្នេះអ៊ុយក្រែនមានបំណងចង់ក្លាយជាភាគីមួយនៃសន្ធិសញ្ញាមិត្តជាមួយអាស៊ាន តាំងពីខែសីហា ដំណាលគ្នានឹងប្រទេសអារ៉ាប់រួម អូម៉ង់ កាតា ក្រិក ហូឡង់ និងដាណឺម៉ាក មានន័យថា គឺនៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) ប៉ុន្តែដោយសារអ៊ុយក្រែនបានដាក់ សំណើយឺតយ៉ាវ។ ដូច្នេះហើយកម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន មិនអាចដោះស្រាយបានទាន់ពេលវេលានៅពេលនោះទេ។

យោងតាមលេខាធិការដ្ឋានអាស៊ានបានឱ្យដឹងថា សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៦ និងដោយបង្កប់នូវគោលការណ៍ជាសកលនៃការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការមិត្តភាព ក្នុងចំណោមរដ្ឋនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លើសពីនេះទៀត សន្ធិសញ្ញានេះជាកូដដែលចងភាពស្របច្បាប់សម្រាប់ទំនាក់ទំនងអន្តររដ្ឋនៅក្នុងតំបន់។ រហូតមកដល់បច្ចុប្បន្ន បើមិនទាន់រាប់អ៊ុយក្រែនទេនោះ មានប្រទេសចំនួន ៤៩ ហើយដែលបានចុះហត្ថលេខា លើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍នេះ។

ដោយប្រទេសកម្ពុជា ក្នុងនាមជាប្រធានប្តូរវេនអាស៊ានសម្រាប់ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ក្រោយពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ត្រូវបានបញ្ចប់ លោក ឌីមីត្រូ គូលេបា បានបង្ហោះនៅលើ ធ្វីតទ័រ(Twitter) របស់លោកថា ចំពោះការសម្រេចចិត្តរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងការទទួលយកប្រទេសអ៊ុយក្រែនចូលជាសមាជិក សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។

លោកបានសរសេរបញ្ជាក់នៅលើ Twitter ថា៖ «យើងទន្ទឹងរង់ចាំជំពូកថ្មី ក្នុងទំនាក់ទំនងអ៊ុយក្រែន និងអាស៊ាន»។ ហើយនេះគឺជាគោលដៅមួយនៃយុទ្ធសាស្រ្តអាស៊ី របស់អ៊ុយក្រែន៕ ដោយ៖ ជា សុខនី

ads banner