ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អបអរសាទរឯកឧត្តម ស៊ី ជីនពីង ជាប់ឆ្នោតសាជាថ្មីម្ដងទៀត ជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងសោមនស្សរីករាយក្រៃលែង ដោយឯកឧត្តម ស៊ី ជីនពីង ត្រូវបានជាប់ឆ្នោតសាជាថ្មីម្ដងទៀត ជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន (CPC) នៅក្នុងសមាជជាតិរបស់គណបក្សកុម្មុយនីស្តចិនលើកទី២០ កាលពីពេលថ្មីៗនេះ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ តាងនាមឱ្យយុវជនថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា (CYCPP) សូមសម្តែងនូវការអបអរសាទរ និងជូនពរដោយស្មោះស្ម័គ្រជូនចំពោះឯកឧត្តម។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ឆ្លៀតក្នុងតឱកាសនេះផងដែរ ដើម្បីអបអរការបិទបញ្ចាប់ដោយជោគជ័យសមាជជាតិលើកទី២០ គណបក្សកុម្មុយនីស្តចិន។ សមិទ្ធផលរបស់សមាជជាតិជាប្រវត្តិសាស្ត្រនេះ នឹងពិតជារួមចំណែកដល់ការបន្តកសាងរបស់ប្រទេសចិន ឆ្ពោះទៅរកភាពទំនើប និងពង្រឹងការកសាងសង្គមនិយមកាន់តែជឿនលឿនតាមចរិតលក្ខណៈពិសេសរបស់ចិន។

ឯកឧត្តម ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តចិន សហគមន៍អន្តរជាតិបានកោតសរសើរចំពោះជោគជ័យដ៏ធំធេងរបស់ប្រទេសចិន លើការកាត់បន្ថយភាពក្រីក្រ វឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ អព្ភូតហេតុអភិវឌ្ឍន៍របស់ប្រទេសចិន ក៏បានជំរុញកំណើនសកល ជាពិសេសក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ លើសពីនោះទៅទៀត ភាពបុរេសកម្មរបស់គណបក្សកុម្មុយនីស្តចិន ក្នុងការកសាង “សហគមន៍នៃអនាគតរួមគ្នាសម្រាប់មនុស្សជាតិ” បានផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់មនុស្សជាតិទាំងមូល។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ជាមួយនឹងគតិបណ្ឌិត និងភាពជាអ្នកដឹកនាំពោរពេញដោយសមត្ថភាពរបស់ឯកឧត្តម គណបក្សកុម្មុយនីស្តចិននឹងបន្តកសាងសមិទ្ធផលជាប្រវត្តិសាស្ត្របន្ថែមទៀតសម្រាប់ ប្រជាជនចិន និងពិភពលោកទាំងមូល។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បន្តថា ចំពោះទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនវិញ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធគ្រប់ ជ្រុងជ្រោយរបស់ប្រទេសទាំងពីរបានវិវត្តកាន់តែរីកចម្រើន ដោយសារជំនឿទុកចិត្ត និងទំនាក់ទំនងដ៏ស្អិត រមួលរវាងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន។ ប៉ុន្មានឆ្នាំមកនេះ គណបក្ស នៃប្រទេសទាំងពីរ បានពង្រឹងមិត្តភាពដែកថែប ដោយផ្អែកលើការគោរពគ្នា ការយោគយល់គ្នា និងផលប្រយោជន៍ទៅវិញទៅមក។ ជាការពិត មិត្តភាពនេះ បានក្លាយជាគំរូមួយនៅក្នុងទំនាក់ទំនងអន្តរជាតិ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បន្តទៀតថា ក្នុងនាមយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ខ្ញុំប្តេជ្ញាយ៉ាងពេញលេញក្នុងការបន្តជំរុញបន្ថែមនូវមិត្តភាពជាប្រពៃណីរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ដើម្បីជាប្រយោជន៍ដល់ប្រជាជនយើង៕
ដោយ៖ពលជ័យ

