ក្រុមប្រឹក្សាធម្មនុញ ថ្កោលទោសយ៉ាងដាច់អហង្ការនិងមិនអាចអត់ឱនឱ្យបានជាដាច់ខាតចំពោះបុគ្គល សម រង្ស៊ី ប្រមាថព្រះមហាក្សត្រ
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ ដែលជាស្ថាប័នមានសមត្ថកិច្ចធានាការពាររដ្ឋធម្មនុញ្ញ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គលឈ្មោះ សម រង្ស៊ី ដែលបានបន្តធ្វើការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ ដែលទ្រង់ជាព្រះនិមិត្តរូបនៃឯកភាពជាតិនិងនិរន្តរភាពជាតិ ហើយដែលមិនអាចនរណារំលោភបំពានបានឡើយ។
បុគ្គល សម រង្ស៊ី បានប្រើប្រាស់សម្តីប្រមាថធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ ដោយបានហៅព្រះអង្គចំៗ ព្រះ នាមដោយក្តីប្រមាថ និងបាននិយាយពេញមាត់ថា “ ស្ដេចសព្វថ្ងៃ គ្មានមនសិកាជាតិ សូម្បីតែបន្តិច” ថែមទៀត។ មិនតែប៉ុណ្ណោះបុគ្គលនេះ ថែមទាំងបានចោទប្រកាន់ប្រមាថព្រះអង្គថា“…ជាជនក្បត់ជាតិពេញទី ដោយបានកាត់ទឹកដីខ្មែរឲ្យបរទេស..”។ សម្ដីនេះមិនត្រឹមតែជាការប្រមាថព្រះចេស្ដានៃអង្គព្រះមហាក្សត្រ នោះទេ ថែមទាំងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា និងលើប្រជាជាតិខ្មែរទាំងមូល។
ក្រុមប្រឹក្សាធម្មនុញ្ញ ថ្កោលទោសយ៉ាងដាច់អហង្កានិងមិនអាចអត់ឱនឱ្យបានជាដាច់ខាតចំពោះបុគ្គល សម រង្ស៊ី ដែលបានប្រើសម្តីប្រមាថធ្ងន់ធ្ងរបំផុតលើ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់តែងតែគោរព និងប្រតិបត្តយ៉ាងខ្ជាប់ខ្ជួន ត្រឹមត្រង់តាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រ ហើយទ្រង់តែងគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់នៃប្រជាជាតិ និងប្រជារាស្ត្រខ្មែរ៕
ដោយ៖ពលជ័យ
