តៃវ៉ាន់នឹងបង្កើនស្តុកថាមពល ចំពេលមានការគំរាមកំហែងពីចិន
តៃវ៉ាន់៖អនុរដ្ឋមន្ត្រីសេដ្ឋកិច្ចតៃវ៉ាន់បានលើកឡើងថាកោះតៃវ៉ាន់កំពុងធ្វើការដើម្បីបង្កើនស្តុកថាមពល ដើម្បីពង្រឹងការផ្គត់ផ្គង់ដោយខ្លួនឯងក្នុងករណីមានវិបត្តិ ខណៈដែលចិនបានបង្កើនសម្ពាធយោធា ដើម្បីព្យាយាមបង្ខំកោះតៃវ៉ាន់ឱ្យទទួលយកការគ្រប់គ្រងរបស់ខ្លួន។
ការបោះជំហានដ៏សំខាន់តៃវ៉ាន់នេះ ធ្វើឡើងបន្ទាប់ពីចិនធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជុំវិញកោះក្នុងខែសីហា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅក្រុងតៃប៉ិ។ សកម្មភាពយោធារបស់ចិនបែបនេះ បានបង្កើនលទ្ធភាពដែលថាចិននឹងធ្វើការឈ្លានពានតៃវ៉ាន់ដោយប្រើកម្លាំងទ័ព។
អនុរដ្ឋមន្ត្រីសេដ្ឋកិច្ចតៃវ៉ាន់ លោក Tseng Wen-Sheng បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រដែលចុះផ្សាយនៅថ្ងៃចន្ទ ទី ២៤ ខែតុលា នេះថា រដ្ឋាភិបាលកំពុងបង្កើនស្តុកឧស្ម័នធម្មជាតិ និងធ្យូងថ្ម ដែលជាផ្នែកមួយនៃការជំរុញរបស់លោកស្រីប្រធានាធិបតី ត្សៃ អ៊ីងវិន (Tsai Ing-wen) ដើម្បីពង្រឹងភាពធន់របស់ខ្លួន ក្នុងគ្រាអាសន្ន ចំពេលដែលពិភពលោកប្រឈមមុខនឹងភាពតានតឹង និងភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច។
នៅពេលសួរទាក់ទងនឹងលទ្ធភាពនៃការបិទខ្ទប់ ឬការវាយប្រហារពីចិនលើកោះតៃវ៉ាន់ ដែលនាំចូលថាមពល ៩៨ ភាគរយនោះ លោក Tseng បានលើកឡើងយ៉ាងដូច្នេះថា៖ «នៅពេលដែលវាកើតឡើង យើងត្រូវមានលទ្ធភាពដាក់សម្ពាធក្នុងកម្រិតជាក់លាក់មួយ»។ លោកបន្តថា តាមរយៈការសាងសង់កន្លែងស្តុកទុកថ្មីនៅទូទាំងកោះតៃវ៉ាន់ ក្រសួងកំពុងរៀបចំផែនការបង្កើនស្តុកឧស្ម័នធម្មជាតិឱ្យអាចប្រើបានលើសពី ២០ ថ្ងៃនៅឆ្នាំ ២០៣០ ពោលគឺកើនឡើងពីកម្រិតបច្ចុប្បន្ន ដែលអាចប្រើបានត្រឹមរយៈពេល ១១ ថ្ងៃ។
លោក Tseng គូសបញ្ជាក់ទៀតថា ស្តុកធ្យូងថ្មនឹងកើនឡើងនៅប៉ុន្មានឆ្នាំខាងមុខនេះ ខណៈស្តុកប្រេងឆៅនឹងអាចឡើងដល់កម្រិតដែលអាចប្រើឱ្យបានលើសពី ១០០ ថ្ងៃ។ យ៉ាងណាមិញ អនុរដ្ឋមន្ត្រីសេដ្ឋកិច្ចតៃវ៉ាន់រូបនេះ មិនបានផ្តល់ព័ត៌មានលម្អិតថាយ៉ាងណាទៀតនោះទេ ដោយលោកហេតុផលថា «មិនល្អសម្រាប់តៃវ៉ាន់» ក្នុងការបញ្ចេញព័ត៌មានទាំងនោះជាសាធារណៈ។
កន្លងមក ទីក្រុងតៃប៉ិបានច្រានចោលយ៉ាងដាច់អហង្ការចំពោះការទាមទាររបស់ក្រុងប៉ៃកាំង ដែលថាកោះតៃវ៉ាន់ស្ថិតនៅក្រោមដែនអធិបតេយ្យភាពរបស់ចិន ដោយប្តេជ្ញាការពារសេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន។ ជាមួយគ្នានោះ អាជ្ញាធរតៃវ៉ាន់ បានសម្លឹងមើលជាមេរៀនពីអ៊ុយក្រែនដែលរុស្ស៊ីឈ្លានពាន ហើយឆ្លុះបញ្ចាំងពីភាពមាំទាំនៃកោះរបស់ខ្លួនក្នុងការទប់ទល់នឹងការគំរាមកំហែងរបស់ចិន ដោយសិក្សាពីយុទ្ធសាស្ត្រសង្គ្រាម និងការប្រើប្រាស់ផ្កាយរណប ដើម្បីទំនាក់ទំនងជាមួយពិភពលោកខាងក្រៅ៕ ដោយ៖ ហួន ឌីណា