ថៃ គ្រោងចំណាយប្រាក់ប្រមាណ១ពាន់លានបាត ដើម្បីជួយលើកកម្ពស់ជីវភាព និងបង្កើនចំណូលដល់កសិករ
ថៃ៖ ក្រសួងឧស្សាហកម្មថៃ គ្រោងបញ្ចប់ផែនការអភិវឌ្ឍន៍វិស័យកសិកម្មរបស់រដ្ឋាភិបាលក្នុងខែតុលាខាងមុខ ហើយបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួង គម្រោងការនេះ រំពឹងចំណាយប្រាក់១ពាន់លានដុល្លារបាត ឬស្មើនឹងជាង៣២,៨លានដុល្លារ ដើម្បីដាក់ដំណើរការវិធានការគាំទ្រកសិករថៃ។
ការចំណាយ១ពាន់លានបាតនេះ នឹងដាក់បញ្ចូលជាផ្នែកមួយនៃកញ្ចប់ថវិកាប្រចាំឆ្នាំ២០២០ របស់ក្រសួងឧស្សាហកម្ម ដែលចាប់ផ្តើមនៅខែក្រោយនេះ និងមានចំនួនសរុប១៤ពាន់លានបាត ឬស្មើនឹង៤៥៩,៤លានដុល្លារ។ ទន្ទឹមនេះ រដ្ឋាភិបាលថៃបានបញ្ជាឲ្យក្រសួងឧស្សាហកម្មដឹកនាំគម្រោងគាំទ្រវិស័យកសិកម្មនេះ ដោយដើរតាមគោលដៅរបស់រដ្ឋាភិបាល ក្នុងការកសាងប្រជាជាតិមួយដែលមានកសិករវៃឆ្លាត ក្រោមផែនការឈ្មោះថា «ប្រាឆា រ៉ាត់»។
សូមបញ្ជាក់ថា ផលិតកម្មកសិកម្មគ្របដណ្តប់តែ៩% នៃផលិតផលក្នុងស្រុកសរុប។ ទោះបីមានទំហំតិចតួចក្តី វិស័យកសិកម្មក៏ចូលរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសថៃ ព្រោះថា ភាគច្រើននៃប្រជាជនថៃនៅតែប្រកបរបបចិញ្ចឹមជីវិត តាមរយៈការធ្វើកសិកម្ម៕ធ.ដ