អនុប្រមុខការទូតរុស្ស៊ីព្រមានថា ពិភពលោកនឹងប្រឈមនូវហានីភ័យខ្ពស់ បើសិនសន្ធិសញ្ញានុយក្លេអ៊ែរមួយទៀតត្រូវបាត់បង់
រុស៊ី៖ ស្ថេរភាពពិភពលោកសព្វថ្ងៃកាន់តែវិវត្តន៍ទៅរកស្ថានភាពអាក្រក់ឡើងៗ។ ប្រការនេះធ្វើឱ្យពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងហានិភ័យ នៃការផ្ទុះសង្រ្គាមនុយក្លេអ៊ែរ បើទោះជាភាគីទាំងអស់មិនមានបំណងចាប់ផ្ដើមសង្រ្គាមនុយក្លេអ៊ែរក៏ដោយ។
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ឺហ្គៃ រីយ៉ាបកូវ បានថ្លែងព្រមានបែបនេះនៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ដោយរូបលោកចង់សំដៅទៅលើការគំរាមដកខ្លួនរបស់សហរដ្ឋអាម៉េរិក ចេញពីសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ New START។ សន្ធិសញ្ញាខាងលើ ត្រូវបានចុះហត្ថលេខាដោយរុស្ស៊ី និងសហរដ្ឋអាម៉េរិកកាលពីខែមេសា ឆ្នាំ២០១០ ហើយផ្អែកលើសន្ធិសញ្ញានេះ មហាអំណាចយោធាទាំងពីរ ត្រូវបានកំហិតក្នុងការបង្កើន និងអភិវឌ្ឍន៍ក្បាលគ្រាប់ ឬអាវុធនុយក្លេអ៊ែរ។
សន្ធិសញ្ញានេះដែរ នឹងត្រូវអស់សុពលភាពនៅឆ្នាំ២០២១ ប៉ុន្តែទាំងសហរដ្ឋអាម៉េរិក និងរុស្ស៊ី ហាក់ដូចជាកំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល ជុំវិញការបន្តសន្ធិញ្ញានេះ ក្រោយភាគីទាំងពីទើបដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF៕ធ.ដ