ឯកឧត្តម ថោង ខុន៖ ជំរុញអោយសហព័ន្ធពង្រឹងសមត្ថភាពចៅក្រម គ្រូបង្វឹក គ្រូជំនួយ ដើម្បីឆ្ពោះទៅរកមេដាយ ជូនជាតិ នៅឆ្នាំ២០២៣
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាកាតសម្ព័ន្ធកម្ពុជា បានថ្លែងក្នុងពិធីបិទការបកួតកីឡាកាយសម្ព័ន្ធ ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្ដមបណ្ឌិត ថោង ខុន លើកទី៦ ប្រចាំឆ្នាំ២០២២ថា សហព័ន្ធត្រូវពង្រឹងសមត្ថភាពចៅក្រម គ្រូបង្វឹក គ្រូជំនួយ ដើម្បីឆ្ពោះទៅរកមេដាយ ជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា តាមរបាយការណ៍របស់គណះកម្មការរៀបចំការប្រកួតបានឱ្យដឹងថា ការប្រកួតកីឡាកាយសម្ព័ន្ធ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំ ឆ្នាំ២០២២ ទទួលបាននូវលទ្ធផលល្អប្រសើរ។ នេះគឺជាការវាស់ស្ទង់សមត្ថភាព បច្ចេកទេសទេពកោសល្យ ដែលកីឡាករ កីឡាការិនីម្នាក់ៗបានប្រឹងប្រែងហាត់ហ្វឹកហ្វឺនកន្លងមក។ លទ្ធផលរបស់ កីឡាករ កីឡាការិនី ដែលទទួលជ័យលាភីនាពេលនេះពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ មានការតស៊ូ ព្យាយាម គោរពវិន័យបានល្អយកចិត្តទុកដាក់ស្តាប់ការពន្យល់ការបង្ហាត់បង្រៀនរបស់គ្រូបង្វឹក ពិសេសការយកចិត្ត ទុកដាក់ពីថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងជាពិសេសថ្នាក់ដឹកនាំ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា រួមជាមួយមន្ត្រីបច្ចេកទេសផងដែរ។
ឯកឧត្តមប្រធាន បញ្ជាក់ថា ក្នុងនាមសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ដែលបានចូលរួមក្នុងការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២នេះ ដោយគោរពបានតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងអនុវត្តតាមបទបញ្ជ បច្ចេកទេសក្រុមសីលធម៌កីឡា និងស្មារតី Fair Play ក្នុងការប្រកួតនាំឱ្យការប្រកួតនេះប្រព្រឹត្តទៅដោយរលូន។ ជាពិសេសនៅក្នុងឆ្នាំ២០២២នេះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានធ្វើឱ្យមានការចាប់អារម្មណ៍ទាំងក្នុងប្រទេស ក្នុងតំបន់ និងក្រៅតំបន់ ដោយយើងបានអនុវត្តតាមផែនការមេ ឆ្ពោះទៅកាន់ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រកម្ពុជាពុំធ្លាប់មាន។ ថ្មីៗកន្លងមកនេះយើងបាទទួលមេដាយពីកីឡាស៊ីហ្គេមលើកទី៣១ ខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម មេដាយប្រាក់ចំនួន០៣គ្រឿង និងមេដាយសំរឹទ្ធ០១គ្រឿង ព្រមទាំងមេដាយជើងឯកអាស៊ីលើកទី៧ ខែកញ្ញា ឆ្នាំ២០២២ នៅប្រទេសថៃ ដោយទទួលបានមេដាយប្រាក់០២គ្រឿង និងសំរឹទ្ធ០១ គ្រឿងបន្ថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានជំរុញឱ្យសហព័ន្ធកាយសម្ព័ន្ធកម្ពុជា ខិតខំដកស្រង់ បទពិសោធន៍បច្ចេកទេសរាល់ការប្រកួតអន្តរជាតិ និងបង្កើនសមត្ថភាពដល់ចៅក្រម គ្រូបង្វឹក គ្រូជំនួយ ដើម្បីយកចំណេះដឹង និងបទពិសោធន៍ទាំងនេះមកបង្ហាត់បង្រៀនដល់កីឡាករ កីឡាការិនីឱ្យមានសមត្ថភាពកម្រិតខ្ពស់ ដើម្បីឆ្ពោះទៅរកមេដាយ ជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ជាថ្មីម្ដងទៀត ឯកឧត្តម ថោង ខុន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះប្រតិភូដឹកនាំ ក្លឹប សមាគម កីឡាកាយសម្ព័ន្ធ នៃក្រសួង រាជធានី ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានបញ្ជូនប្រតិភូកីឡារបស់ខ្លួន ចូលរួមក្នុងការប្រកួតខាងលើ ប្រកបដោយមិត្តភាព សាមគ្គីភាព ហើយគោរព បានត្រឹមត្រូវតាមបទបញ្ជាបច្ចេកទេសនៃការប្រកួត ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដោយមិនគិតតែពីការយកឈ្នះចាញ់ ពោលគឺ ឈរលើស្មារតី នៃកីឡា ដើម្បីសុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព បង្កើនសិទ្ធិផលបច្ចេកទេស (Fair Play)។ ទន្ទឹមគ្នាផងដែរ ខ្ញុំសូមថ្លែងអំណរ គុណ ចំពោះ មន្ត្រីបច្ចេកទេស ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដែលបានខិតខំ ប្រឹងប្រែងអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការកាត់សេចក្តី ជូនដល់កីឡា ករ កីឡាការិនី ប្រកបដោយភាពយុត្តិធម៌មិនលម្អៀង, ដោយគោរពបានតាមបទបញ្ជាបច្ចេកទេសនៃការប្រកួត បានធ្វើឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានអោយដឹងថា យោងតាមផែនការមេនិងកម្មវិធីប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៦ ឆ្នាំ២០២២ របស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដើម្បីធ្វើការអភិវឌ្ឍ ប្រភេទកីឡាកាយសម្ព័ន្ធ នូវហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ចៅក្រម គ្រូបង្វឹក កីឡាករ កីឡាការិនី ឱ្យទទួលបានលទ្ធផលល្អ គុណភាពល្អ គុណផល កម្រិតខ្ពស់ ជាក់ស្តែងដូចជាព្រឹត្តិការណ៍ប្រកួតកីឡាកាយសម្ព័ន្ធនាពេលនេះ មានក្លឹបកីឡាកាយសម្ព័ន្ធចំនួន០៨ មកពី ៤ ក្រសួង ខេត្ត បានមកដល់រាជធានីភ្នំពេញនៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ដោយមានកីឡាករ-កីឡាការិនីចំនួន៦៤នាក់ ប្រតិភូ ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងចៅក្រម៣៣នាក់ រួមជាមួយមន្ត្រីស្ម័គ្រចិត្តចំនួន១៣នាក់ផងដែរ។
សូមបញ្ជាក់ថា ការបកួតកីឡាកាយសម្ព័ន្ធ ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្ដមបណ្ឌិត ថោង ខុន លើកទី៦ ប្រចាំឆ្នាំ២០២២ រយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី២២-២៧ ខែតុលា ឆ្នាំ២០២២ មានកីឡាករ កីឡាការិនីសរុប៦៤នាក់ មកពី ៤ រាជធានី-ខេត្ត និងក្រសួង។ ជាលទ្ធផលជាលទ្ធផល ក្រុមកីឡាកាយសម្ព័ន្ធ មកពីក្លិបក្រសួងមហាផ្ទៃ ឈរលេខ១ ដណ្ដើមបានមេដាយសរុប ១០ គ្រឿង (មាស ៥ ប្រាក់ ៣ និងសំរឹទ្ធ ២), ខេត្ដក្រចេះ ឈរលេខ២ ដណ្ដើមបានមេដាយសរុប ១១ គ្រឿង (មាស ៤ ប្រាក់ ៣ និងសំរឹទ្ធ ៤), ខេត្តកំពង់ឆ្នាំង ឈរលេខ៣ ដណ្ដើមបាមមេដាយសរុប ១២ គ្រឿង (មាស ៣, ប្រាក់ ៧ និងសំរឹទ្ធ ២), ក្រសួងការពារជាតិ ឈរលេខ៤ ដណ្ដើមបានមេដាយសរុប ៥ គ្រឿង (មាស ១ និងសំរឹទ្ធ ៤) និងខេត្តតាកែវ ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង៕



