ក្រសួងអប់រំ យុវជន និងកីឡារៀបចំសិក្ខាសាលា ស្ដីពីការរៀបចំចងក្រងទិន្នន័យតេស្តកាយសម្បទាអាស៊ាន
លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិតនៃក្រសួងអប់រំ យុវជន និងកីឡាគូសបញ្ជាក់ថា ក្នុងនាមនាយកដ្ឋានជំនាញទទួលបានការអនុញ្ញាតជាគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងបានរៀបចំសិក្ខាសាលា ស្ដីពីការរៀបចំចងក្រងទិន្នន័យតេស្តកាយសម្បទាអាស៊ានពីអាយុ៧ដល់២៤ឆ្នាំ នៅគ្រឹះស្ថានសិក្សាចំណេះទូទៅ និងឧត្ដមសិក្សា។
លោកប្រធាននាយកដ្ឋានបានបញ្ជាក់ពីគោលបំណងចម្បងនៃសិក្ខាសាលានេះ ដូចជា ១-ដើម្បីឆ្លើយតបទៅនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិលើវិស័យអប់រំកាយ និងកីឡា។ ២-ពង្រឹងការអនុវត្តក្របខណ្ឌកម្មវិធីសិក្សាថ្នាក់ជាតិ ឱ្យបានពេញលេញ២ម៉ោងក្នុងមួយសប្ដាហ៍ ហើយក្នុងនោះដែរគឺ ការរៀបចំចងក្រងទិន្នន័យតេស្តកាយសម្បទាសិស្ស និស្សិត ដែលកំពុងសិក្សាក្នុងគ្រឹះស្ថានសិក្សាចំណេះទូទៅ និងឧត្ដមសិក្សា។ ៣-ក្លាយជាគ្រូបង្គោលថ្នាក់ក្រោមជាតិតាមរាជធានី ខេត្ត ចូលរួមបំប៉នបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូនៅសាលារបស់ខ្លួន សាលាឧបសម្ព័ន្ធ កម្រង និងក្រុង ស្រុក ខណ្ឌរបស់ខ្លួន។ ៤-ជាអ្នកពិនិត្យតាមដាន វាយតម្លៃ និងបូកសរុបផទ្ធផលប្រចាំឆ្នាំនៃការរៀបចំចងក្រងទិន្នន័យតេស្តកាយសម្បទាសិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាទាំងអស់នៅក្រោមឱវាទរបស់ខ្លួន។ ៥-ថ្នាក់ក្រោមជាតិចូលរួមសហការជាមួយអង្គភាពជំនាញថ្នាក់ជាតិ ដើម្បីរៀបចំចងក្រងតេស្តកាយសម្បទាកុមារ និងយុវជនពីអាយុ៧ ដល់២៤ឆ្នាំតាមរាជធានី ខេត្តទាំង២៥ រៀងរាល់ឆ្នាំ។
ស្របតាមគោលបំណងខាងលើ ដើម្បីឆ្លើយតបចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តោតលើសមាសភាគអប់រំទាំង៥ រួមមានការអប់រំបញ្ញា អប់រំសិល្បៈ អប់រំពលកម្ម អប់រំសោភ័ណ្ឌ និងអប់រំកាយ និងកីឡា ក្នុងនោះការរៀបចំចងក្រងទិន្នន័យតេស្តកាយសម្បទាអាស៊ាន គឺជាការងារមួយចាំបាច់ និងមានសារសំខាន់មួយ ដើម្បីឆ្លើយតបទៅនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិផងដែរ។
លោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គនាយក អ៊ុក សិទ្ធិជាតិបានចាត់ទុកថា ការរៀបចំសិក្ខាសាលានេះ គឺជាការងារមួយដ៏មានសារៈសំខាន់នៅក្នុងវិស័យអប់រំ និងវិស័យផ្សេងទៀត ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិលើវិស័យអប់រំកាយ និងកីឡា ព្រមទាំងការចូលរួមអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយចំណេះដឹង ជំនាញ សុខភាពល្អប្រសើរ និងមានសមត្ថភាពពេញលេញ ដើម្បីចូលរួម អភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរីកចម្រើន។
លោកអគ្គនាយករងបន្ថែមថា ដើម្បីឆ្លើយតបទៅបាននឹងការកសាងធនធានមនុស្ស ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បានជំរុញឲ្យក្រសួងធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និងកីឡា ដែលរួមមាន ១. ការជួសជុលកែលម្អ និង កសាងហេដ្ឋារចនាសម្ព័ន្ធកីឡា ២. ការបណ្ដុះបណ្ដាលធនធានមនុស្ស ៣. ការកែ លម្អរចនាសម្ព័ន្ធនៃការប្រកួត កីឡាគ្រប់ប្រភេទ ដើម្បីត្រៀមខ្លួនចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេម នៅក្នុងឆ្នាំ២០២៣ ដែលកម្ពុជាយើង នឹងទទួលធ្វើជាម្ចាស់ផ្ទះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីតែងតែបានយកចិត្តទុកដាក់ និងផ្ដល់ការលើកទឹកចិត្តជានិច្ចចំពោះវិស័យកីឡាជាតិ ព្រមទាំងបានផ្ដល់ប្រាក់រង្វាន់ជ័យលាភីយ៉ាងច្រើន ដល់កីឡាករ កីឡាការិនី ដែលបានចូលរួមការ ប្រកួតលើឆាកអន្ដរជាតិផងដែរ៕ ចាន់ វិចិត្រ


