មេបញ្ជាការកងទ័ពជើងគោក៖ កងទ័ពមានតួនាទីការពាររដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ និងស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា កងទ័ព គឺជាអាជីពដែលថ្លៃថ្នូរ ព្រោះជាអាជីពប្រកបដោយការលះបង់គ្រប់បែបយ៉ាង រួមទាំងអាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ហើយក៏ជាអាជីព ដែលមានតួនាទីការពាររដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ព្រមជាមួយនឹងភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ តាមរយៈការបំពេញភារកិច្ចការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសុខសន្តិភាព ស្ថិរភាពជូនប្រជាជន។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៧ បើកវគ្គហ្វឹកហ្វឺនជំនាន់ទី២៨ និងសម្ពោធអគារបណ្ណាល័យ ០១ខ្នង ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស នៅខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។

មេបញ្ជាការកងទ័ពជើងគោកបានបញ្ជាក់ទៀតថា មួយវិញទៀត អាជីពនេះក៏ទាមទារផងដែរឱ្យយោធិនម្នាក់ៗ មានការហ្វឹកហ្វឺនរៀនសូត្រ និងហាត់ពត់លត់ដំទាំងផ្នែកស្មារតី និងកាយសម្បទា ដើម្បីឱ្យមានភាពជាអ្នកដឹកនាំ, ការគោរពវិន័យ, ការទទួលខុសត្រូវ និងជំនាញច្បាស់លាស់ សំដៅធានាប្រសិទ្ធភាពខ្ពស់បំផុតនៃការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន នៅក្នុងគ្រប់កាលៈទេសៈ។ ការហ្វឹកហ្វឺន គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ ទាំងការកសាងសមត្ថភាពធនធានមនុស្ស ការថែរក្សា និងការបង្កើនសមត្ថភាព ដើម្បីបន្តធានានិរន្តរភាពការងារ។ ក្នុងន័យនេះ ការធ្វើទំនើបកម្មលើការងារហ្វឹកហ្វឺន គឺជាកិច្ចការអាទិភាពដែលមានសារៈសំខាន់ ដោយក្នុងនេះ ចាំបាច់ត្រូវផ្តោតលើទំនើបកម្មផ្នែកឯកសារ និងការស្រាវជ្រាវ ទំនើបកម្មវិធីសិក្សា និងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធរបស់សាលា៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner