កម្ពុជាត្រៀមយកឆ្អឹងអតីតយុទ្ធជនតស៊ូ៤៩នាក់ពីវៀតណាមមករក្សាក្នុងទឹកដីកម្ពុជា (Video Inside)

ក្រសួងការពារជាតិនៃប្រទេសកម្ពុជាត្រៀមរៀបចំយកឆ្អឹងអតីតយុទ្ធជនតស៊ូចំនួន៤៩រូបនៃ កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិមកតំកល់រក្សាទុកលើទឹកដីនៃប្រទេសកម្ពុជាវិញ។បច្ចុប្បន្នអដ្ឋិធាតុយុទ្ធជនតស៊ូ៤៩នាក់ដែលបានពលិក្នុងអតីតកាលសង្គ្រាមនៃសម័យធ្វើការ តស៊ូរំដោះជាតិ ត្រូវបានរក្សាទុកក្នុងវិមានអនុស្សាវរីយ៍មួយនៅក្នុងឃុំឡុងយ៉ាវ ស្រុកឡុងខាញ់ ខេត្តដុងណាយ។

ប្រវត្តិនៃយុទ្ធជនតស៊ូទាំង៤៩នាក់នោះ ត្រូវប្រវត្តិសាស្ត្របានកត់ត្រានៃការ បង្កើតអង្គភាព១២៥ ដែលជាចំណុចចាប់ផ្តើមដំបូងបង្អស់នៃចលនាតស៊ូរំដោះប្រទេសកម្ពុជា ចេញពីយុគខ្មៅងងឹតនៃសម័យរបបខ្មែរក្រហមប៉ុលពត។

អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍សៅ សុខា ដែលជាមេ បញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី ២៨តុលាឆ្នាំ២០២២បានជួបប្រជុំជា មួយភាគីវៀតណាម ដើម្បីត្រៀមរៀបចំមាតុភូមិនិវត្តន៍ អដ្ឋិធាតុយុទ្ធជនទាំង៤៩រូបនោះវិលមក ប្រទេសកម្ពុជាវិញ។ អដ្ឋិធាតុយុទ្ធជនតស៊ូទាំងឡាយនោះ គ្រោងនឹងយកមករក្សាទុកក្នុង តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអ៊ិច១៦ នៅឃុំទន្លូង ស្រុកមេមត់ នៃខេត្តត្បូងឃ្មុំ។

នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងថា ការចូលជួបពិភាក្សាជាមួយនឹងភាគីវៀតណាមថ្ងៃ នេះ គឺក្នុងគោលបំណងសំណូមពរឱ្យភាគីវៀតណាមជួយសហការជាមួយភាគីកម្ពុជា ត្បិត កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងឱកាសប្រារព្ធពិធីខួបលើកទី៤៥ នៃទិវាចងចាំ ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពួជសាសន៍ប៉ុល ពត សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែង ទៅកាន់អង្គពិធី ស្តីពីការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គី សង្រ្គោះជាតិកម្ពុជាពីសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រឡប់មកកម្ពុជាវិញ។

ads banner