អង្គការសហប្រជាជាតិ និងសម្ព័ន្ធអារ៉ាប់ថ្កោលទោសអ៊ីស្រាអែល ពាក់ព័ន្ធនឹងផែនការចូល កាន់កាប់ទឹកដីតំបន់ West Bank
អត្ថបទដោយ៖
Kien Sereyvuth
បរទេស៖ បណ្តារដ្ឋមន្រ្តីការបរទេសអារ៉ាប់ បានប្រកាសថ្កោលទោសផែនការរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ដែលចង់ដាក់បញ្ចូលជាឧបសម្ព័ន្ធផ្នែកដ៏សំខាន់មួយនៃតំបន់ វេស ប៊ែង។ ស្របពេលជាមួយគ្នានេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទ័ររ៉េ នៅថ្ងៃពុធនេះ បានព្រមានថា ផែនការរបស់លោក ណឺតាន់យ៉ាហ៊ូ នេះ នឹងរំលោភបំពានលើច្បាប់អន្តរជាតិ។
គួរបញ្ជាក់ថា ការថ្កោលទោស និងការព្រមានខាងលើ បានកើតមានឡើងក្រោយ ការសន្យាដ៏ចម្រូងចម្រាសរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ ដែលពាក់ព័ន្ធនឹងការពង្រីកអធិបតេយ្យភាពរបស់អ៊ីស្រាអែលលើជ្រលងភ្នំ ចូឌេន វ៉ាលី និងសមុទ្រ ឌេត ខាងជើង ដែលមានចំនួន១ភាគ៣នៃតំបន់ វេស ប៊ែង ប្រសិនបើលោកឈ្នះការបោះឆ្នោតនៅសប្តាហ៍ក្រោយ៕ធ.ដ