ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សហគ្រាសអាជីវកម្ម គឺជាកោសិកាសំខាន់នៃវិស័យឯកជន ហើយវិស័យឯកជនជាកោសិកាសំខាន់នៃសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សហគ្រាសអាជីវកម្ម គឺជាកោសិកាសំខាន់នៃវិស័យឯកជន ហើយវិស័យឯកជនជាកោសិកាសំខាន់នៃសេដ្ឋកិច្ចជាតិ។ ដូច្នេះ គោលដៅសំខាន់នៃការលើកកម្ពស់សេដ្ឋកិច្ចជាតិ គឺការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍរីកចម្រើនប្រកបដោយសមធម៌ ដែលអាចធានាបាននូវលំនឹងស្ថិរភាពនៃសង្គមជាតិ។ ក្នុងនេះ មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម គឺជាមូលដ្ឋានសំខាន់ ហើយគឺជាអាទិភាពចម្បងសម្រាប់ពង្រឹងការរីកចម្រើនបច្ចុប្បន្ន និងទៅអនាគត។ ដូច្នេះហើយការជួយជំរុញមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម គឺជាគោលដៅអាទិភាពក្នុងការបង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ ដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើ ហើយបន្តជំរុញជាប្រចាំ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងកម្មវិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2022 នៅសណ្ឋាគារសុខា រាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ពិតណាស់ ការពង្រឹងកំណើនសេដ្ឋកិច្ចជាតិឱ្យបានរីកចម្រើនប្រកបដោយចីរភាព ភាពធន់ និងនិន្តរភាព គឺទាមទារឱ្យមានការចូលរួមមិនអាចខ្វះបានពីសហគ្រិនគ្រប់វិស័យ ដូចដែលទស្សនៈរបស់លោកបណ្ឌិត អោម សេង បូរ៉ា ដែលបានលើកឡើងថា សហគ្រិន គឺជាបុគ្គលស្នេហាជាតិ ដែលមានបេសកកម្មឧត្តុង្គឧត្តមក្នុងការកសាង និងអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ តាមរយៈការចូលរួមផ្គត់ផ្គង់ផលិតផល និងសេវាកម្មសំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គម ការបង្កើតការងារជូនប្រជាពលរដ្ឋ និងការកសាងធនធានមនុស្ស និងការបង្កើនចំណូលថវិកាជាតិតាមរយៈការបង់ពន្ធជូនរដ្ឋ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សូមឱ្យសហគ្រិនកម្ពុជាទាំងអស់បន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការជួយសហគ្រិនទាំងអស់ តាមរយៈបង្កលក្ខណៈឱ្យមានបរិយាកាសប្រកួតប្រជែង និងចូលរួមទាំងអស់គ្នាក្នុងទីផ្សារសេរីប្រកបដោយតម្លាភាព និងទេពកោសល្យរៀងៗខ្លួន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បន្តខិតខំប្រឹងប្រែងក្នុងការរិះរកគ្រប់មធ្យោបាយក្នុងការសិក្សាស្រាវជ្រាវ ដើម្បីរៀបចំការតម្រង់ទិសជាក់លាក់ ទាំងលើការពង្រឹង និងអភិវឌ្ឍធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាលកម្រិតចំណេះទូទៅ និងបច្ចេកទេសវិជ្ជាជីវៈ (TVET) រួមទាំងការស្វែងរកទីផ្សាសម្រាប់ផលិតផលរបស់កម្ពុជានៅបរទេស។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរដល់សហគ្រិនកម្ពុជាទាំងអស់ ដែលបានចូលរួមលើកស្ទួយកេរ្តិ៍ឈ្មោះរបស់ប្រទេសយើង តាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយពាណិជ្ជករ និងវិនិយោគិនអន្តរជាតិ និងការបង្ហាញអំពីចំណុចវិជ្ជមានប្រកបដោយសក្តានុពលរបស់កម្ពុជា និងការចូលរួមទាក់ទាញវិនិយោគទុនផ្ទាល់ពីបរទេស ជាពិសេសការណែនាំឱ្យមិត្តបរទេសបានស្គាល់ គោរព និងផ្តល់តម្លៃចំពោះប្រទេសកម្ពុជា។ ទាំងនេះ គឺជាការចូលចំណែកមួយដ៏សំខាន់ក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល នៅក្នុងបេសកកម្មនៃការនាំប្រទេសកម្ពុជាទៅកាន់ពិភពលោក ការធ្វើឱ្យពិភពលោកស្គាល់ច្បាស់ពីកម្ពុជា និងការលើកកម្ពស់សហគ្រិនភាពកម្ពុជា ដើម្បីលើកស្ទួយកិត្យានុភាពជាតិ ធានាបាននូវភាពប្រកួតប្រជែង រក្សាបាននូវស្ថិរភាពម៉ាក្រូ និងជំរុញកំណើនសេដ្ឋកិច្ចជាតិនៅក្នុងកម្រិតតំបន់ និងសកល៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner