ឱសថការីម្នាក់ ចំណាយពេល១០ឆ្នាំបង្កើតប្រេងរិតបែបវេជ្ជសាស្រ្ត ដើម្បីជាជម្រើសសម្រាប់ប្រើបំបាត់ការឈឺចាប់ក្រៅពីថ្នាំលេប
ភ្នំពេញ៖ថ្នាំបំបាត់ការឈឺចាប់គឺជាថ្នាំមួយប្រភេទដែលពេញនិយមក្នុងការប្រើប្រាស់ពីសំណាក់ប្រជាពលរដ្ឋខ្មែរ មិនថារាងកាយមានការឈឺចាប់ប្រភេទណាមួយ ថ្នាំនេះហាក់ក្លាយជាជម្រើសទីមួយ។ ម្យ៉ាងទៀត ការរកទិញថ្នាំប្រភេទនេះក៏ងាយស្រួល និងជាដំណាក់កាលដំបូងដែលមិនទាមទារការពិនិត្យសុខភាពដែលនាំឱ្យចំណេញពេលវេលា និងថវិកា។
មួយផ្នែកទៀត លើការព្យាបាលជំងឺដែលឆ្លងកាត់ភាពឈឺចាប់ខ្លាំង គ្រូពេទ្យក៏មិនមានជម្រើសអ្វីក្រៅពីការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់នេះដើម្បីឱ្យការព្យាបាលប្រព្រឹត្តិទៅបានជោគជ័យ។ ប៉ុន្តែ ការប្រើថ្នាំញឹកញយដងពេកមិនមែនជារឿងល្អឡើយ ព្រោះថ្នាំជាអាវុធមុខពីរដែលអាចព្យាបាលជំងឺមួយ តែក៏អាចបង្កជំងឺផ្សេងទៀត កាលណាត្រូវបានប្រើលើសកម្រិត។
អតីតនិស្សិតបញ្ចប់ការសិក្សាផ្នែកឱសថមួយរូបបានចំណាយពេលស្រាវជ្រាវ១០ឆ្នាំ ដើម្បីបានសមិទ្ធផលថ្មីមួយដែលជួយជំនួសឱ្យការប្រើប្រាស់ថ្នាំគ្រាប់។សមិទ្ធិថ្មី ដែលឆ្លងកាត់ការសម្រិតសម្រាំងបែបវេជ្ជសាស្ត្រនេះគឺ ប្រេងរិត បំបាត់ការឈឺចាប់លើរាងកាយ។
បញ្ចប់ការសិក្សាផ្នែកឱសថកាលពីឆ្នាំ ២០១២ អ្នកស្រី អ៊ឹង សៀមគីម បានយកទ្រឹស្ដីដែលខ្លួនទទួលបានពីគ្រូបង្រៀន ទៅព្យាយាមអនុវត្តបង្កើតប្រភេទផលិតផលថ្មី ប៉ុន្តែមិនបានសម្រេចដោយសារការអនុវត្តជាក់ស្ដែង អ្នកស្រីបានឃើញពីភាពខ្វះចន្លោះមួយចំនួន។
ក្នុងរយៈពេលនៃការស្រាវជ្រាវ ១០ឆ្នាំ អ្នកស្រីបានសិក្សាលើសារធាតុដែលអាចជួយជំរុញប្រសិទ្ធិភាពនៃផលិតផលថ្មីរបស់ខ្លួន។ ក្នុងរយៈពេលនេះផងដែរ អ្នកស្រីបានដើរសិក្សាពីទីផ្សារក្នុងស្រុក និងឃើញថាមិនទាន់មានប្រភេទប្រេងរិតបំបាត់ការឈឺចាប់ដូចអ្វីដែលអ្នកស្រីកំពុងធ្វើនៅឡើយ ហើយភាគច្រើនទៀតសោតជាផលិតផលដែលនាំចូលពីប្រទេសក្រៅ ជាពិសេសគឺសិង្ហបុរី។
ក្រៅពីនោះ អ្នកស្រីបានធ្វើការពិសោធន៍នៅលើក្រុមគ្រួសាររបស់ខ្លួនផ្ទាល់ និងកែខៃនូវចំណុចខ្វះខាតបន្តិចម្ដងៗ រហូតចេញជាផលិតផលសម្រេចមួយដូចបច្ចុប្បន្ន។
បើគិតជាទុនថវិកាដែលអ្នកស្រីបានចំណាយក្នុងដំណើរការស្រាវជ្រាវ និងផលិតកន្លងមកគឺអស់ប្រមាណជាងបីម៉ឺនដុល្លារ ដែលភាគច្រើនចំណាយលើវត្ថុធាតុដើមសំខាន់នាំចូលពីបរទេស។
អ្នកស្រី អ៊ឹង សៀមគីម រៀបរាប់ពីបញ្ហាដែលខ្លួនបានឃើញរហូតកើតជាគំនិតបង្កើតប្រេងរិតនេះថា៖ «ខ្ញុំឃើញប្រជាជនយើងប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ច្រើន ហើយយើងដឹងហើយថាការប្រើថ្នាំតិចឬច្រើនគឺប៉ះពាល់ដល់សុខភាពអ្នកប្រើហើយ។»
អ្នកស្រីបន្តថា៖ «ថ្នាំបំបាត់ការឈឺចាប់ បើប្រើតាមកម្រិតត្រឹមត្រូវ វាប៉ះពាល់តិចតួចព្រោះធម្មតាទេដែលថ្នាំផ្ដល់ផលរំខាន តែបើក្នុងករណីគ្រោះថ្នាក់ហើយត្រូវការវះកាត់ផ្សេងៗ ពេទ្យមិនមានជម្រើសក្រៅពីការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ទេ។»
អ្នកស្រីបន្ថែមថា ការប្រើប្រាស់ថ្នាំនេះបំបាត់ការឈឺចាប់ច្រើន អាចបង្កជាផលប៉ះពាល់ដល់ថ្លើម តម្រង់នោម ដំបៅក្រពះ និងពោះវៀនជាដើម។ មួយរយៈចុងក្រោយនេះ ក៏មានការស្រាវជ្រាវឃើញថាមានការប៉ះពាល់ដល់ខួរក្បាលផងដែរ ជាពិសេសលើស្ត្រីមានផ្ទៃពោះ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឱសថការី អ៊ឹង សៀមគីម។
ផលិតផលប្រេងរិត ដែលអាចប្រើបានលើរបួស និងសាច់ដុំរបស់ឱសថការីរូបនេះត្រូវបានចុះបញ្ជីនៅក្នុងក្រសួងឧស្សាហកម្មនៅដើមឆ្នាំ ២០២២នេះ។ អ្នកស្រីបញ្ជាក់ថា នេះជាជំហានតូចមួយរបស់ខ្លួន ព្រោះថាអ្នកស្រីចង់ពង្រីកបន្ថែមលើការផលិត និងផ្គត់ផ្គង់ធំនៅក្នុងស្រុកតែម្ដង។ ជំហានបន្ទាប់គឺអ្នកស្រីចង់ពង្រីកទៅដល់ទីផ្សារក្រៅប្រទេស ដើម្បីទៅដល់ស្តង់ដារអន្តរជាតិ។
បច្ចុប្បន្ន ផលិតកម្មក្នុងការផលិតប្រេងរិតរបស់អ្នកស្រីគឺធ្វើឡើងក្នុងលក្ខណៈតូចតាចនៅឡើយ ពោលគឺមានការជួយជ្រោមជ្រែងពីក្រុមគ្រួសារអ្នកស្រីផ្ទាល់។ប៉ុន្តែយ៉ាងណា ទីផ្សារសម្រាប់អ្នកស្រីនៅតូចចង្អៀតនៅឡើយ ព្រោះថាផលិតផលនេះហាក់នៅថ្មីសម្រាប់ស្រទាប់អ្នកប្រើប្រាស់នៅកម្ពុជា ខណៈដែលពួកគេទម្លាប់ក្នុងការលេបថ្នាំបំបាត់ការឈឺចាប់ ឬប្រើប្រាស់កៅអៀកបិទទៅហើយនោះ។
ឱសថការីរូបនេះប្ដេជ្ញាថានឹថា ខិតខំបង្កើនគុណភាពផលិតផលខ្លួនឱ្យឆ្លើយតបស្តង់ដារ និងមានតម្លៃសមរម្យដែលអាចចរាចរណ៍បានលើទីផ្សារកម្ពុជា ក្នុងនាមជាផលិតផលជាតិ។
កាលពីថ្ងៃទី ២៧ខែតុលាថ្មីៗនេះ ផលិតផលរបស់អ្នកស្រីក៏មានវត្តមានដាក់តាំងនៅក្នុងវេទិកា «ភូមិមួយផលិតផលមួយ» ជាលើកទីមួយ។ ក្រោយវេទិកានោះ អ្នកស្រីទទួលបានការគាំទ្រកាន់តែច្រើនពីសំណាក់ថ្នាក់ដឹកនាំក្នុងស្រុក និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ។
អាជ្ញាធរកម្ពុជា បានជំរុញទឹកចិត្តបន្ថែមដល់បណ្ដាម្ចាស់អាជីវកម្មទាំងឡាយក្នុងការខិតខំពង្រឹងគុណភាពផលិតផលខ្លួនឱ្យស្របទៅតាមស្តង់ដារ ព្រមទាំងអំពាវនាវឱ្យមានការប្រមូលគៀគរបន្ថែមនូវធនធានមនុស្សដែលមានជំនាញក្នុងការរួមគ្នាបង្កើតផលិតផលឱ្យកាន់តែសម្បូរបែបសម្រាប់ទីផ្សារកម្ពុជាទៅថ្ងៃអនាគត៕ ដោយ៖ កែវ បុស្បា