កម្មវិធី «រត់ជាមួយសាយ ៤សែនជំហាន» បិទបញ្ចប់ដោយទទួលបានថវិកាបរិច្ចាគពីសប្បុរសជនចំនួនជាងប្រាំមួយម៉ឺនដុល្លារ សម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរ
ភ្នំពេញ៖បន្ទាប់ពីចំណាយពេលរយៈពេលប្រាំបួនថ្ងៃ តារាចម្រៀង លោក អ៊ួន បឋម ហៅ សាយ បានទៅដល់ខេត្តសៀមរាបជាស្ថាពរនៅព្រឹកថ្ងៃចន្ទទី៣១ ខែតុលា ឆ្នាំ២០២២នេះ។ បេសកកម្មរត់របស់លោក សាយ ធ្វើឡើងសម្រាប់កម្មវិធីដែលតារាចម្រៀងរូបនេះផ្ដួចផ្ដើមបង្កើតឡើង ដោយឱ្យឈ្មោះថា កម្មវិធី «រត់ជាមួយសាយ ៤ សែន ជំហាន» ក្នុងគោលដៅស្វែងរកថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីទ្រទ្រង់ និងព្យាបាលកុមារដែលមានជំងឺមហារីក ដែលមន្ទីរពេទ្យសង្កេតឃើញថាមានសញ្ញាកើនឡើងគួរឱ្យព្រួយបារម្ភ។
សូមជម្រាបថា កម្មវិធី «រត់ជាមួយសាយ ៤ សែនជំហាន» របស់តារាចម្រៀង លោក អ៊ួន បឋម ហៅ សាយបានចាប់ផ្ដើមជាផ្លូវការ កាលពីថ្ងៃទី ២២ ខែតុលាកន្លងទៅ។ ជាកម្មវិធីដែលលោក អ៊ួន បឋម រត់ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាបក្នុងចម្ងាយផ្លូវ៣០៣គីឡូម៉ែត្រដោយប្រើរយៈពេល ប្រាំបួនថ្ងៃ គឺចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០២២។
តាមរយៈការរត់អស់រយៈពេលប្រាំបួនថ្ងៃ លោក អ៊ួន បឋម ហៅ សាយ បានរត់ទៅដល់គោលដៅនៅខេត្តសៀមរាបតាមការគ្រោងទុក ដោយទទួលបានថវិកាបរិច្ចាគពីសប្បុរសជនចំនួន ២៦៥ ៨៨៣ ៦៤០ រៀល ស្មើនឹង ៦៦៤៧០,៩១ ដុល្លារ សម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរ។
ចំនួនទឹកប្រាក់ខាងលើគឺជាព័ត៌មានបឋមនៅឡើយ។បើទោះជាកម្មវិធី «រត់ជាមួយ សាយ ៤ សែន ជំហាន» បានបញ្ចប់ក៏ពិតមែន ប៉ុន្តែមហាជននៅតែអាចបន្តបរិច្ចាគថវិកាជួយដល់មន្ទីរកុមារអង្គរជារៀងរហូតបានតាមរយៈ៖
១.ធនាគារអេប៊ីអេ (ABA Bank)៖ 000 320 555 (Angkor Hospital for Children)
២.ភ្នាក់ងារវេប្រាក់វីង (WING)៖ ប្រាក់រៀល៖ 9122 និង ប្រាក់ដុល្លារ៖ 8122
៣.ធនាគារអេស៊ីលីដា (ACLEDA Bank)៖ 01000105696828 (Angkor Hospital for Children)
គួររំឭកដែរថា នេះមិនមែនជាលើកទី ១ ទេ ដែលលោក អ៊ួន បឋម ហៅ សាយ បានរៀបចំកម្មវិធីរត់ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរក្នុងខេត្តសៀមរាប។ កាលពីឆ្នាំ ២០២០ លោក អ៊ួន បឋម ហៅសាយ ធ្លាប់បានរៀបចំកម្មវិធីរត់រយៈពេល ៩៧ ថ្ងៃ ជុំវិញប្រទេសកម្ពុជា និងរៃអង្គាសប្រាក់បានចំនួន៥០ម៉ឺនដុល្លារ សម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលប្រឈមនឹងការខ្វះខាតថវិកាដើម្បីផ្ដល់សេវាព្យាបាលជំងឺដល់កុមារ៕ ដោយ៖កែវ កិរិយា


