ឯកឧត្តម ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជា ប្រកាន់គោល​ជំហរច្បាស់លាស់ ក្នុងនាម សមាជិក​របស់អង្គការ​សហប្រជាជាតិ

ព្រះសីហនុ៖ កម្ពុជាក្នុងនាមជាប្រទេសឯករាជ្យ មានអធិបតេយ្យ នៅតែប្រកាន់គោលជំហរច្បាស់លាស់ និង ជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ។ ប្រការនេះ គឺអនុលោមតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស គឺកងយោធពលខេមរភូមិន្ទមានភារកិច្ចបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋខ្មែរ ព្រមជាមួយនឹងការរក្សានូវកិច្ចសហប្រតិបត្តិការអន្តរជាតិជិតស្និទ្ធជាមួយគ្រប់បណ្តាប្រទេសជាមិត្តដោយឈរលើផលប្រយោជន៍រួម។ គោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺផ្តោតលើការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី សម្រាប់គ្រប់ជំនាន់តទៅមុខ នេះបើតាមឯកឧត្តម ហ៊ុន ម៉ាណែត។ ការបញ្ជាក់ប្រាប់នេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់នៅ ០២ខ្នង  និងសមិទ្ធផលនានា របស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងទីបញ្ជាការផ្នែកសឹករងកោះរ៉ុង ខេត្តព្រះសីហនុ, ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អះអាងថា តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ទាំងចំពោះការអភិវឌ្ឍរីកចម្រើនលើការកសាងសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងការអនុវត្តបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព នូវរាល់ផែនការ, បទបញ្ជា និងសេចក្តីណែនាំផ្សេងៗរបស់យោធភូមិភាគទី៣ ក៏ដូចជាគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដោយធានាបាននូវសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ត្រក្រុង-ស្រុកទាំង ០៥ របស់ខេត្តព្រះសីហនុ បានល្អប្រសើរ។ ទន្ទឹមនឹងការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានសហការចូលរួមយ៉ាងសកម្មជាមួយគណៈបញ្ជាការឯកភាពខេត្ត ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ រហូតសម្រេចបានលទ្ធផលជោគជ័យគួរជាទីមោទនៈ។

បើតាម ឯកឧត្តម ហ៊ុន ម៉ាណែត ដដែល មូលដ្ឋាននៃខឿនការពារជាតិរបស់ប្រជាជន សម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័ន-អង្គភាពស៊ីវិល បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងកងយោធពលខេមរភូមិន្ទ ហើយតាមរយៈយន្តការនេះ បានជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដល់អង្គភាពកងទ័ព ក្នុងនាមជាសមរភូមិក្រោយដែលគាំទ្រជានិច្ចដល់ការបំពេញភារកិច្ចការពារជាតិ មាតុភូមិរបស់កងទ័ព ដែលចំណង មិនអាចកាត់ផ្តាច់បានរវាងកងទ័ព និងប្រជាជនតាំងពីដើមរៀងមក ព្រោះជាគំនិតផ្តួចផ្តើមប្រកបដោយបញ្ញាញ្ញាណរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner