លោក ឆាយ សឿន៖ ស្នើអោយអាជ្ញាកណ្តាល ចៅក្រមវ័យក្មេង ប្រឹងប្រែងក្រេបយកចំណេះដឹង ដើម្បីឈានទៅចាប់យកឪកាសក្លាយជាអាជ្ញាកណ្តាលអន្តរជាតិ
ភ្នំពេញ៖ លោក ឆាយ សឿន សមាជិកគណកម្មការបច្ចេកទសបណ្តុះបណ្តាល អភិវឌ្ឍន៍សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងជា បានស្នើអោយអាជ្ញាកណ្តាល ចៅក្រមវ័យក្មេង ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមថ្នាក់ជាតិ និងថ្នាក់ខេត្ត ដែលរៀបចំដោយសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា កាលពីពេលថ្មីនេះថា សូមប្រឹងប្រែងក្រេបយកចំណេះដឹង ដើម្បីឈានទៅចាប់យកឪកាសក្លាយជាអាជ្ញាកណ្តាលអន្តរជាតិ និងពិភពលោក សម្រាប់កម្ពុជា ស៊ីហ្គេម ឆ្នាំ២០២៣។
លោក ឆាយ សឿន បញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២នេះ កម្ពុជាមានមន្រ្តីបច្ចេកទេស ជាអាជ្ញាកណ្តាល ចៅក្រមកម្រិតអន្តរជាតិតែម្នាក់ប៉ុណ្ណោះ គឺកម្រិតអាស៊ី គឺលោកផ្ទាល់តែម្តង។ ដូច្នេះលោក បានជំរុញលើកទឹកចិត្តអោយសិក្ខាកាមវ័យក្មេងដែលទើបបញ្ចប់វគ្គ និងមានសមត្ថភាពគ្រប់គ្រាន់លើផ្នែកភាសា ព័ត៌មានវិទ្យា និងមានបទពិសោធន៍ធ្លាប់ឆ្លងកាត់ធ្វើជាអាជ្ញាកណ្តាល ចៅក្រម សូមបន្តឈោងចាប់ឪកាសទៅរៀនបន្ថែម វគ្គបណ្តុះបណ្តាលកម្រិតអន្តរជាតិនាពេលខាងមុខ ដើម្បីអោយកម្ពុជាមានអាជ្ញាកណ្តាលកម្រិតអន្តរជាតិពោរពេញដោយសមត្ថភាពអោយបានច្រើន ត្រៀមចូលរួមកាត់សេចក្តីការប្រកួតកម្រិតអន្តរជាតិដូចបណ្តាប្រទេសដ៏ទៃទៀត ជាពិសេសព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា។ មន្រ្តីអាជ្ញាកណ្តាលកម្រិតអាស៊ីរូបនេះ បន្តថា ឆ្នាំ២០២៣ បើយើងមានមន្រ្តីបច្ចេកទេសកម្រិតអន្តរជាតិច្រើន គឺយើងអាចកាត់បន្ថយការចំណាយថវិកាអញ្ជើញពីមន្រ្តីអន្តរជាតិមកចូលរួមរៀបចំស៊ីហ្គេម ពីព្រោះថា សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន Camsoc ធ្លាប់លើកឡើងក្នុងមហាសន្និបាត Camsoc និងកិច្ចប្រជុំធំៗថា ស៊ីហ្គេម នៅកម្ពុជា អោយមានការសន្សំសំចៃ តែអស្ចារ្យ។
ជាមួយគ្នានេះ ប្រធានសហព័ន្ធអានត្តិថ្មី ឯកឧត្តម សុខ សូកាន ក៏ធ្លាប់បានប្ដេជ្ញាចិត្តខ្ពស់ថា នឹងខិតខំស្វែងរកដល់ការគាំទ្រពីសហព័ន្ធកីឡា ប៉េតង់អាស៊ី ដើម្បីផ្តល់គ្រូជំនាញកម្រិតខ្ពស់យកមកបណ្ដុះបណ្ដាលជូនសិក្ខាកាមទាំងថ្នាក់ជាតិ និងថ្នាក់អោយបាន២ទៅ៣ដងក្នុងមួយឆ្នាំៗ និងបញ្ជូនអោយចូលរួមកាត់សេចក្តីការប្រកួតកម្រិតអន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ និងបច្ចេកទេសយកមកចែករំលែកដល់សិក្ខាកាមក្នុងស្រុក។
លោក សុខ ចាន់បូរី ជាសិក្ខាកាម បានបញ្ជាក់ថា ប្រសិនបើសហព័ន្ធជំរុញ និងលើកទឹកចិត្តបញ្ជូនទៅចូលរួមវគ្គបណ្តុះបណ្តាលបន្ថែមនៅក្រៅប្រទេស លោកនឹងចូលរួម ដើម្បីបង្កើនសមត្ថភាព និងបច្ចេកទេសអោយកាន់តែមានសក្តានុពល ពីព្រោះខ្ញុំចង់ក្លាយជាមន្រ្តីបច្ចេកទេស ដែលទទួលស្គាល់ពីអន្តរជាតិ ត្រៀមចូលរួមកាត់សេចក្តី ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ជាប្រវត្តិសាស្រ្តដំបូងរបស់ព្រះរាជាណាចក្រមកម្ពុជា។
គួររម្លឹកថា កាលពីពេលថ្មីៗសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមថ្នាក់ជាតិ និងថ្នាក់ខេត្ត ឆ្នាំ២០២២ ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់តាំងពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ដោយមានសិក្ខាកាមសរុប៤១ មកពីបណ្តារាជធានី-ខេត្ត ដែលជាសម័ន្ធ និងក្លឹបរបស់សហព័ន្ធ៕ ចាន់ វិចិត្រ


