កម្ពុជា រំពឹងថាការនាំចេញនឹងកើនឡើងក្នុងរង្វង់ពី៩,៩ភាគរយ ទៅ១៨ភាគរយ ក្រោយមានកិច្ចព្រមព្រៀងអាសិប-RCEP

ភ្នំពេញ៖កម្ពុជាបង្ហាញក្ដីរំពឹងថា ការនាំចេញរបស់កម្ពុជានឹងកើនឡើងក្នុងរង្វង់ប្រមាណពី ៩,៩ភាគរយ ទៅ ១៨ភាគរយ បន្ទាប់ពីកិច្ចព្រមព្រៀងអាសិបនេះលេចចេញជារូបរាង និងអនុវត្តន៍បានពេញលេញ។នេះបើយោងតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុង​វេទិកាជាន់ខ្ពស់ស្តីពី គម្រប់ខួបអនុស្សាវរីយ៍១០ឆ្នាំ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) និង ការប្រកាសជាផ្លូវការនៃសៀវភៅទី២ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា(ERIA) កាលព្រឹកថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ ២០២២។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានចាត់ទុកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP ) នឹងក្លាយជាកម្លាំងចលករជំរុញលំហូរពាណិជ្ជកម្ម និងវិនិយោគ។ ទន្ទឹមគ្នានេះ

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា​ ៖«ការសិក្សារបស់វិទ្យាស្ថាន ERIA សម្រាប់កម្ពុជានៅដើមឆ្នាំ២០២២នេះ បានបង្ហាញឱ្យឃើញថា ផលិតផលក្នុងស្រុកសរុប (GDP) កម្ពុជាអាចនឹងកើនឡើងបន្ថែមប្រមាណពី២ភាគរយ ទៅ៣,៨ភាគរយ។ ការនាំចេញអាចនឹងមានកំណើនបន្ថែមក្នុងរង្វង់ប្រមាណពី៩,៤ភាគរយ ទៅ១៨ភាគរយ»។

សម្តេចតេជោបន្តទៀតថា៖ឱកាសការងារប្រចាំឆ្នាំអាចកើនឡើងប្រមាណ៣,២ភាគរយទៅ៦,២ភាគរយ និងដែលចំណូលពន្ធប្រចាំឆ្នាំកើនប្រមាណ២ភាគរយ ទៅ៣,៩ភាគរយក្នុងមួយឆ្នាំ ខណៈដែលការវិនិយោគជារួម អាចកើនឡើងប្រមាណ២៣,៤ភាគរយផងដែរ»។

ជាមួយគ្នាប្រមុខរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា៖ «ទោះបីជាប្រទេសអភិវឌ្ឍតិចតួចក្ដី កម្ពុជាជាប្រទេសបើកចំហសេដ្ឋកិច្ចខ្ពស់ ដោយបានផ្ដល់តម្លៃខ្លាំងទៅលើប្រព័ន្ធពហុភាគីនិយម ផ្អែកលើវិធានច្បាប់ជាគោល និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងសកល ដែលជារួមស្របគ្នានឹងគោលបំណងរបស់កិច្ចព្រមព្រៀងអាសិប»។

ពាក់ព័ន្ធនឹងការលើកឡើងនេះ លោកបណ្ឌិត​ គី សេរីវឌ្ឍ​ អ្នកវិភាគ​សេដ្ឋកិច្ច​ នៅរាជ​បណ្ឌិតសភាកម្ពុជា ​ បានលើកឡើងថា « ក្នុងរយៈពេលខ្លីការនាំចេញរបស់កម្ពុជា អាចនឹងសម្រេចបានតាមការសិក្សានេះ ប៉ុន្តែក្នុងពេលខាងមុខទៀត គឺអាស្រ័យស្ថានភាពនៃសេដ្ឋកិច្ចពិភពលោក ដែលអាចនឹងប្រែប្រួល ដោយសារវិបត្តិសង្រ្គាមអ៊ុយក្រែន និងជម្លោះតៃវ៉ាន ដែលអាចរារាំងដល់ការនាំចេញរបស់ពិភពលោក។ យ៉ាងណា លោកថា រាជរដ្ឋាភិបាល គួរមានយន្តការ និងផែនការសមស្រប ដើម្បីសម្រេចកំណើននៃការនាំចេញនេះ»។

គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា គិតក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះទំហំពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានចំនួនជាង៤១ពាន់លានដុល្លារអាម៉េរិក (៤១ ០២៣លានដុល្លារ) ​កើនឡើង១៨ភាគរយ បើធៀបរយៈពេល​ដូចគ្នា​កាលពីឆ្នាំ២០២១។ ក្នុងនោះរួមមាន៖ ការនាំចេញមានចំនួនជាង១៧ពាន់​លានដុល្លារ កើនឡើង២២ភាគរយ និងការនាំចូលជាង​២៣ពាន់លានដុល្លារ កើនឡើង១៥ភាគរយ។ ចំពោះមុខទំនិញសំខាន់ៗក្នុងការនាំចេញ រួមមាន៖ សម្លៀកបំពាក់៧ ១៧៥លានដុល្លារ កើនឡើង២៣ភាគរយ សម្ភារធ្វើដំណើរ និងកាបូប១ ៤១០លានដុល្លារ កើនឡើង៣៥ភាគរយ ស្បែកជើង ១៣២៥លានដុល្លារ កើនឡើង៣៣ភាគរយ ម៉ាស៊ីនបរិធាន និងសម្ភារអគ្គិសនី ១២៨០លានដុល្លារ កើនឡើង៦៩ភាគរយ គ្រឿងសង្ហារឹម និងបរិធានបំភ្លឺ ៨២៧លានដុល្លារ កើនឡើង១៥ភាគរយ និងកង់៧០០លានដុល្លារកើនឡើង៤៨ភាគរយ។

ពាក់ព័ន្ធការនាំចេញនេះដែរ បើតាមលោក អាត់ ធន់ ​ ប្រធាន​សហភាព​ការងារ​កម្ពុជា ​(CLC) ​បានឱ្យដឹងថា តាមការអង្កេតក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំ២០២២ ការនាំចេញរបស់កម្ពុជាមានការកើនឡើង ដូច្នេះការសិក្សាថា ការនាំចេញរបស់កម្ពុជា អាចនឹងសម្រេចបាន។ ប៉ុន្តែលោកថា បើទោះជាការនាំចេញ ពិសេសផលិតផលកាត់ដេរកើនឡើងក៏ដោយ ក៏យើងសង្កេតឃើញប្រាក់ខែរបស់កម្មកររោងចក្រនៅមិនទាន់ល្អប្រសើរនៅឡើយ ខណៈកំណើនអតិផរណា។

ជាមួយគ្នានេះ លោកបានជំរុញឱ្យរាជរដ្ឋាភិបាល ត្រូវតែពិនិត្យ និងអនុវត្តយុទ្ធសាស្ត្រ៥ឆ្នាំរបស់វិស័យកាត់ដេរ ដូចជា កាត់បន្ថយការិយាល័យអនាធិបតេយ្យ បញ្ចុះថ្លៃអគ្គិសនី ថ្លៃទឹក និងចុះកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសនាំចេញ ដើម្បីធ្វើឱ្យស្ថានភាពកម្មករកាត់ដេរប្រសើរឡើង។

គួរជម្រាបថា អាសិបត្រូវបានប្រកាសឱ្យចាប់ផ្ដើមចរចាកាលពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ដែលកម្ពុជាជាប្រធានអាស៊ាន។ ឆ្នាំ២០២២នេះ ជាខួបអនុស្សាវរីយ៍គម្រប់១០ ឆ្នាំ បន្ទាប់ពីការប្រកាសចរចាកិច្ចព្រមព្រៀងនេះ ហើយក៏ជាឆ្នាំដែលអាសិបត្រូវបានចូលជាធរមានស្របពេលដែលកម្ពុជា ជាប្រធានអាស៊ានជាថ្មីម្ដងទៀត។ រាជរដ្ឋាភិបាលចាត់ទុកថា កិច្ចព្រមព្រៀងអាសិបមានសក្តានុពលខ្ពស់ ក្នុងការពង្រឹងសមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង។

ក្រៅពីកិច្ចព្រមព្រៀងអាសិប កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ នៅថ្ងៃតែមួយជាមួយអាសិបកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹងចូលជាធរមាននៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២ ខណៈដែលកម្ពុជាកំពុងបន្តពិភាក្សាលទ្ធភាព ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូផ្សេងៗទៀត៕

ដោយ៖  បូរ ពេជ្យហ្សាលីន

ads banner