អគ្គលេខាធិការរង គ.ជ.ប៖ រយៈពេល១៣ថ្ងៃ មានប្រជាពលរដ្ឋជាង១៧ម៉ឺននាក់ចុះឈ្មោះបោះឆ្នោតថ្មី

ភ្នំពេញ៖ សរុបរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ គឺមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន១៧៥.៨៤០នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១០៣.៦១៧ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ១២.៣៩៧ នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៥៤.៤០៣ នាក់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ សូមអញ្ជើញប្រជាពលរដ្ឋខ្មែរទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ និងស្នើសុំកែតម្រូវឈ្មោះ ឬទិន្នន័យ ប្រសិនបើកត់ត្រាមិនបានត្រឹមត្រូវ។ ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ ប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក និងប្រជាពលរដ្ឋដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

គួររម្លឹកឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្លាប់បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ នឹងចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ គឺមានរយៈពេល ៥០ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការ ឆ្នាំ២០២១ និងដើម្បីផ្តល់ព័ត៌មានបន្ថែមដល់ពួកគាត់ អំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គ.ជ.ប បានបោះពុម្ពលិខិតអញ្ជើញ ដែលមានទិន្នន័យរបស់ប្រជាពលរដ្ឋម្នាក់ៗ ហើយទិន្នន័យនោះ គឺទាញចេញពីទិន្នន័យក្នុងបញ្ជីបោះឆ្នោត ចុងក្រោយឆ្នាំ២០២១។ ការបញ្ជាក់នេះ ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ក្នុងគោលបំណងប្រកាសអំពីការចាប់ផ្តើមបើកដំណើរការនៃ “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២” ដើម្បីកសាងបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានបន្តថា ការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺមានគោលដៅដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាពតាមរយៈ៖
-ការចុះឈ្មោះថ្មីសម្រាប់ប្រជាពលរដ្ឋ ដែលពុំធ្លាប់បានចុះឈ្មោះពីមុនមក និងសម្រាប់ ប្រជាពលរដ្ឋ ដែលទើបគ្រប់អាយុ១៨ឆ្នាំ ដែលបានបំពេញលក្ខខណ្ឌស្របតាមមាត្រា៤៦ និងមាត្រា៥១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ សម្រាប់ឆ្នាំ២០២២ នេះ អាយុ ១៨ឆ្នាំត្រូវគិតដល់ថ្ងៃបោះឆ្នោត ពោលគឺបានកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥
-ការកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោត គឺករណីទិន្នន័យក្នុងបញ្ជីខុសពីទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់អ្នកបោះឆ្នោត ឬផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត ពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលអស់សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញា ណបម្រើឱ្យការបោះឆ្នោត ទៅជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ដែលមានសុពលភាព
-ការលុបឈ្មោះប្រជាពលរដ្ឋ ដែលទទួលមរណភាព ដោយផ្អែកលើឯកសារសំអាងត្រឹមត្រូ វ និងច្បាស់លាស់
-ការលុបឈ្មោះប្រជាពលរដ្ឋ ដែលត្រូវបានដកហូតជាបណ្ដោះអាសន្ននូវសិទ្ធិបោះឆ្នោត
-ការលុបឈ្មោះប្រជាពលរដ្ឋ ដែលបានផ្ទេរចេញពីឃុំ សង្កាត់ ផ្អែកតាមឯកសារបញ្ជាក់ដែលចេញដោយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ឬអ្នកដែលត្រូវបានរកឃើញថាបានចុះឈ្មោះលើសពី១កន្លែង
-ការផ្ទេរទិន្នន័យប្រជាពលរដ្ឋ ទៅការិយាល័យបោះឆ្នោតនៃឃុំ សង្កាត់ថ្មី ឬ ការិយា ល័យ បោះ ឆ្នោ តណាមួយក្នុងឃុំ សង្កាត់ ទៅតាមទីលំនៅជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងដោយមានការស្នើសុំផ្អែកលើឯកសារបញ្ជាក់ច្បាស់លាស់៕
ដោយ៖ពលជ័យ

ads banner