ទីបំផុត សហរដ្ឋអាម៉េរិក យល់ព្រមពន្យារពេលដំឡើងពន្ធ ដើម្បីតបតាមការស្នើសុំរបស់ចិន

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្តាហ៍នេះ បានប្រកាសថា រូបលោកយល់ព្រមពន្យារពេលដំឡើងពន្ធលើទំនិញចិនតម្លៃ២៥០ពាន់លានដុល្លារចំនួនពីរសប្តាហ៍។ លោក បានបង្ហោះសារនៅលើបណ្តាញធ្វីតធើថា យើងបានយល់ព្រមក្នុងកាយវិការសុឆន្ទៈ ដើម្បីលើកការដំឡើងពន្ធលើទំនិញតម្លៃ២៥០ពាន់លានដុល្លារ ពោលគឺ២៥% ទៅ ៣០% ចាប់ពីថ្ងៃទី០១ ខែតុលា ទៅថ្ងៃទី១៥ ខែតុលាដដែលនេះ។ ប្រធានាធិបតីអាម៉េរិករូបនេះ បាននិយាយទៀតថា ការពន្យារពេលនេះ ត្រូវបានស្នើសុំដោយឧបនាយករដ្ឋមន្ត្រីចិនលោក លីវ ហ៊ី និងដោយសារតែសាធារណរដ្ឋប្រជាមានិតចិន នឹងប្រារព្ធខួបលើកទី៧០ របស់ពួកគេ នៅថ្ងៃទី០១ ខែតុលាខាងមុខ។

សូមបញ្ជាក់ថា ក្រុមអ្នកចរចាកំពូលប្រទេសទាំងពីរ ត្រូវបានគេរំពឹងថា នឹងកោះចរចាគ្នាឡើងវិញនៅទីក្រុងវ៉ាស៊ីនតោន នាដើមខែក្រោយ បន្ទាប់ពីរដូវក្តៅដ៏ក្តៅគគុក ដែលក្នុងនោះទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺកាន់តែយ៉ាប់យ៉ឺនយ៉ាងខ្លាំង ហើយរដ្ឋាភិបាលទាំងពីរបានប្រកាសរលកថ្មីនៃពន្ធគយ នៅក្នុងការប្រឈមមុខដាក់គ្នា ដែលកំពុងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោក៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner