អ្នកនាំពាក្យ៖ ពុំមានការស្នើឱ្យប៉ូលិសអន្តរជាតិអាំងទែរប៉ូលតាមចាប់ខ្លួន សម រង្ស៊ី ទេ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា កម្ពុជាពុំមានការស្នើឱ្យប៉ូលិសអន្តរជាតិអាំងទែរប៉ូល ចេញនិវាទក្រហមតាមចាប់ខ្លួនទណ្ឌិតជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី នោះទេ។ លើកលែងតែវាមកដល់កម្ពុជាទើបចាំបាច់ត្រូវតែចាប់ញាត់គុកឱ្យខានតែបាន។ ការអះអាងនេះ បានធ្វើឡើងបន្ទាប់ពីទណ្ឌិតជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី និយាយថា ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាទៅនគរបាលជាតិឱ្យទាក់ទងប៉ូលិស អន្តរជាតិ តាមចាប់ខ្លួន (សម រង្ស៊ី)។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ AMS នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកានេះថា “សម រង្ស៊ី បាននិងកំពុងមួលបង្កាច់ ប្រឌិតពត៌មានដើម្បីឱ្យមជ្ឈដ្ឋានជាតិ និង បរទេសចាប់អារម្មណ៍ និងការពារវា។ ជាក់ស្តែងគឺពុំមានគោលការណ៍ណ ដើម្បីស្វែងចាប់ខ្លួនវានោះទេ លើកលែងតែវាមកដល់កម្ពុជាទើបចាំបាច់ត្រូវតែចាប់ញាត់គុកឱ្យខានតែបាន”។

ចំណែកឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ប្រាប់ AMS ដែរថា ក្រសួងយុត្តិធម៌អត់មានស្នើឱ្យប៉ូលិសអន្តរជាតិអាំងទែរប៉ូល ចេញនិវាទក្រហម (Red Notice) តាមចាប់ខ្លួន​ សម រង្ស៊ី នោះទេ៕
ដោយ៖ពលជ័យ

ads banner